សាលារាជធានីសន្យាអភិវឌ្ឍន៍នៅនឹងកន្លែងតាមបណ្តោយផ្លូវ​ដែក​ ​

សាលារាជធានីភ្នំពេញបាន​សន្យាអភិវឌ្ឍន៍នៅនឹងកន្លែង​តាមបណ្តោយផ្លូវ​ដែក​ក្នុង​រាជធានីភ្នំពេញ​ តាម​ការ​​ស្នើ​សុំ​របស់ប្រជាពលរដ្ឋ​ តែពលរដ្ឋ​មិនមានជំនឿលើការសន្យា​នោះទេ ដោយ​ថាមិន​មាន​ភស្តុង​តាង​បញ្ជាក់​​។

ការសន្យា​នេះ​ ធ្វើ​ឡើង​បន្ទាប់​ពីប្រជាពលរដ្ឋចំនួន​៦សហគមន៍ដែលមាន​គ្នា​ប្រមាណ១៥០នាក់ បាន​ប្រមូល​​ផ្តុំគ្នានៅមុខ​សាលា​រាជធានីភ្នំពេញ​ ដើម្បីស្នើទៅស្ថាប័ននេះ​ឲ្យ​ពន្លឿន​បង្ហាញគម្រោងអភិវឌ្ឍន៍​បណ្តោយ​ផ្លូវ​ដែក ​​ជូន​ពួកគេឲ្យ​បាន​​ឆាប់​។

បន្ទាប់ពីជួបជាមួយ​អភិបាល​រាជធានីភ្នំពេញ​លោក ប៉ា សុជាតិ​វង្ស​ តំណាង​ប្រជាសហគមន៍១៦ គឺអ្នកស្រី ទិត្យ ស្រីស បាន​រៀប​រាប់ប្រាប់អ្នកសារព័ត៌មានថា អភិបាល​​រាជធានី​បាន​ប្រាប់ពួកគេ​ដែល​រស់​​នៅចាប់ពីម្តុំស្ថានីយ៍រថភ្លើង រហូត​ដល់ព្រលានយន្តហោះពោចិនតុង ត្រូវ​ឲ្យ​រក្សា​ភាព​ស្ងៀម​ស្ងាត់ ដោយ​ថា​ទុក​​ឲ្យ​សា​​​​​​​​​​​​​​​​​​​​​​​​​​​លារាជធានីធ្វើការសិក្សា​ពីផលប៉ះពាល់​ និងធ្វើវេទិកាសាធារណៈប្រាប់​ប្រជា​​ពល​រដ្ឋ​មុន​ចេញ​គម្រោង​អភិវឌ្ឍន៍នៅតំបន់​នោះ។

យ៉ាងណាក៏ដោយ អ្នកស្រី ទិត្យ ស្រីស​ ថាគាត់មិនមា​ន​ជំនឿ​លើ​ការ​សន្យា​របស់​សាលា​រាជ​ធានី​​​ភ្នំពេញ​នោះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ទេ ដោយថា ការសន្យានោះមិ​ន​បាន​ធ្វើជា​លិខិត​លាយ​លក្ខណ៍​អក្សរ​។ និយាយថា «ពួកខ្ញុំឲ្យគាត់ធ្វើជាលិខិតលាយល័ក្ខអក្សរឲ្យមានភាពអះអាងមក​ គាត់ថាអត់មាន គាត់ថាបើមិនជឿគាត់ ជឿ​​អ្ន​កណាទៀត គាត់គ្រាន់តែនិយាយតែមាត់ទទេ ខ្ញុំអត់ទេ[អត់ជឿ] ព្រោះខ្ញុំធ្លាប់មានពីមុនមក​ គាត់​ធ្លាប់​និយាយ​អញ្ចឹង តែដូចអត់មានប្រសិទ្ធភាព»។

ប្រជាសហគមន៍ភូមិ១៥ អ្នក​ស្រី​ ម៉ែន ណារ៉ាត បានអះអាងថា ពួកគេស្នើទៅសាលារាជធានីភ្នំពេញ​ធ្វើការ​អភិវឌ្ឍន៍​នៅតាម​បណ្តោយ​ផ្លូវ​ដែក​ពីអ័ក្សផ្លូវម្ខាង​​ ៧ទៅ៨ម៉ែត្រកន្លះ ដោយថា ទុក​៥ទៅ៦ម៉ែត្រ​ សម្រាប់​សង់លំនៅ​ឋានជូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់​ទំាងនោះ​។អ្នកស្រីថាបើសា​លា​រាជ​ធានី​ធ្វើ​កា​រ​អភិវឌ្ឍន៍ ពី​អ័ក្ស​ផ្លូវ​ម្ខាង​១៥ម៉ែត្រ ធ្វើឲ្យប៉ះពាល់ប្រជាពល​រដ្ឋរាប់រយគ្រួសារ​និងមិន​អាច​ធ្វើការ​អភិវឌ្ឍន៍នៅ​នឹង​​កន្លែង​បាន​នោះ​ទេ។ អ្នកស្រីនិយាយថា «ពីអ័ក្សផ្លូវទៅគឺ១៥ម៉ែត្រ គឺផ្ទះខ្ញុំអស់ហើយ ១៥​ម៉ែ​​ត្រ​គាត់ឲ្យចាប់ដី ចាប់ម៉េចបើខ្ញុំយល់ថា ក្នុងមួយផ្ទះខ្ញុំដឹង​ថា មានតែ៤ម៉ែត្រ ៣ម៉ែត្រកន្លះ ៤ម៉ែត្រ​កន្លះ ៥ម៉ែត្រ​គឺតិចណាស់អត់មានទេ មួយជួរហ្នឹង តើធ្វើការអភិវឌ្ឍម៉េច​ទៅ បើ១៥​ម៉ែត្រ​មាន​ផ្ទះគេ​ពី​ក្រោយ​ទៀត តែបើខ្ញុំសុំតែ៨ម៉ែត្រកន្លះនៅសល់ អាច​ឲ្យប្រជាពលរដ្ឋរស់នៅបានច្រើន​​»។

អ្នកនាំពាក្យសាលារាជធានីភ្នំពេញលោក មាន ចាន់យ៉ាដា មានប្រសាសន៍ថា ប្រជាពលរដ្ឋនៅតាមបណ្តោយផ្លូវដែក ត្រូវតែជឿជាក់លើការសន្យារបស់អភិបាលរាជធានីភ្នំពេញ ដោយថាគាត់ជាអាណាព្យាបាល គ្រប់គ្រង និងជាអ្នករៀបចំរចនាសម្ព័ន្ធនៅក្នុងរាជធានីភ្នំពេញ។ លោកមានប្រសាសន៍ថា «ក្នុងនាមរដ្ឋបាលរាជធានីភ្នំពេញ ឯកឧត្តមអភិបាល គឺជាអភិបាលក្រុងដែលគាត់និយាយជាមួយពលរដ្ឋហើយបើគាត់មិនទុកចិត្តទៀត កាត់ទុកចិត្តពីណា ទុកចិត្តអ្នកដែលគេប្រូ ទុកចិត្តអ្នកគ្រាន់តែថា ឬទុកចិត្តអ្នក ធ្វើ រដ្ឋបាលរាជធានីជាអ្នកធ្វើ»។

ចំណែកប្រជាសហគមន៍១៧ លោក នូ សារិន​ បានព្រមានថា បើ​សាលា​រាជធានី​ភ្នំពេញ​មិនធ្វើ​តាម​ការ​សន្យា​​ទេ លោកថាប្រជាសហគមន៍ទំាង៦នឹងតវ៉ារហូត​មានដំណោះស្រាយ​។ លោកព្រ​មានថា​ «បើអត់គោរពតាមពាក្យសម្តីរបស់ខ្លួនទេ ភាពជាអ្នកដឹកនាំ និយាយ​ហើយមិនគោរពពាក្យសម្តីខ្លួនឯង បង​ប្អូន​ខ្ញុំជាប្រជាពលរដ្ឋ គឺជាម្ចាស់នៃអំណាច គឺជាម្ចាស់នៃប្រទេស ម្ចាស់នៃទឹកដី បង​ប្អូន​ខ្ញុំជា​ម្ចាស់​លំនៅ​ឋាន បងប្អូនខ្ញុំមិនអាចដេកសង្ងំស្ងៀមដោយគាត់និយាយហើយមិនគោរពតាមកិច្ចសន្យារបស់គាត់នោះទេ ខ្ញុំ​និង​មកតវ៉ា ដើម្បីឲ្យគាត់ជាលើកចុងក្រោយបន្តទៀត»។

ប្រធាន​ក្រុម​ការ​ងារ​ពិសេស​សិទ្ធិ​លំនៅឋាន​លោក សៀ ភារម្យ យល់ថា បើមន្ត្រីរដ្ឋាភិបាលមិនធ្វើការ​ដោះ​ស្រាយ​​​បញ្ហា​​នេះ​ឲ្យ​មានតម្លាភាព នឹងធ្វើឲ្យពលរដ្ឋរិះគន់លើការដឹកនាំ​របស់រដ្ឋាភិបាល​ដូចកាល​ពី​អតីត​កាល​​ផងដែរ។លោកនិយាយថា «បើសិនជាយើងធ្វើឲ្យគាត់មានភាពរញ៉េរញ៉ៃ ហើយប្រជា​ពលរ​ដ្ឋ​នៅ​តែ​ចេញ​តវ៉ា ប្រជាពលរដ្ឋគេអាចចេញចោទប្រកាន់​ថាអាជ្ញាធរមិនមានសមត្ថភាព​ក្នុង​កា​រ​ដោះស្រាយបញ្ហា​ សុខ​មាល​របស់ប្រជាពលរដ្ឋ​ យើងគួរតែបញ្ចៀសបញ្ហា​ហ្នឹង យើងគួរតែធ្វើការអភិវឌ្ឍឲ្យមានការ​ពេញ​ចិត្ត​ពេញ​ថ្លើម ពីប្រជាពលរដ្ឋទៅ បានប្រជាពលរដ្ឋ​លោក​មានការ​គំា​ទ្រ ឬក៏ស្រលាញ់​រដ្ឋាភិបាល​​ កុំឲ្យដូច​អតីតកាល​»។

គួរបញ្ជាក់ថា ដើមចមដែលនាំឲ្យពលរដ្ឋមានការព្រួយបារម្ភពីគម្រោងអភវិឌ្ឍន៍របស់សាលារាជធានីភ្នំពេញ នៅតាម​បណ្តោយ​​ផ្លូវ​ដែកនោះ ដោយពួកគេថា កន្លងទៅការ​អភិវឌ្ឍ​នៅក្នុង​រាជធានីភ្នំពេញ​មានការ​បណ្ដេញ​​​ពលរដ្ឋ​ចេ​ញពីលំនៅស្ថានមានដូចជា បឹងកក់ បុរីកីឡា ដីក្រហម សំបុកចាប ដោយ​បើក​ផ្លូវ​ឲ្យក្រុ​មហ៊ុ​ន​ចូល​អភិ​វឌ្ឍ ហើយមកដល់ពេលនេះ​អ្នកខ្លះមិន​ទាន់បានសំ​ណងនៅឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ