គ្រោះថ្នាក់ចរាចរណ៍ត្រូវបានគេបន្ទោសទៅលើការផ្សព្វផ្សាយគ្រឿងស្រវឹង

ក្រុមតាមដានសង្គមបានបង្ហាញក្ដីបារម្ភថា គ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជាកាន់តែសាហាវជាងមុន ដោយសារតែអ្នកបើកបរមួយចំនួន ផឹកគ្រឿងស្រវឹងនិងបើកបរមិនគោរពច្បាប់ចរាចរណ៍។

នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា លោក ព្រាប កុល បានសរសេរលើហ្វេសប៊ុករបស់លោកនៅថ្ងៃអង្គារនេះថា លោកមានក្ដីព្រួយបារម្ភចំពោះករណីគ្រោះថ្នាក់ចរាចរ នៅម្ដុំវិទ្យាល័យបឹងត្របែក កាលពីល្ងាចថ្ងៃចន្ទ ម្សិលមិញ ដែលបានសម្លាប់ជីវិតមនុស្សយ៉ាងតិច៣នាក់ និងរងរបួសជាច្រើននាក់។

លោក ព្រាប កុល បានឲ្យ VOD ដឹងបន្ថែមថា ប្រសិនបើករណីគ្រោះថ្នាក់ចរាចរណ៍នេះ បង្កឡើងដោយអ្នកបើកបរថយន្ដ ស្ថិតក្នុងភាពស្រវឹងនោះ លោកថា អាជ្ញាធរគួរចាប់ខ្លួនជនបង្កហេតុ និងអ្នកផ្សំគំនិត មកដាក់ទោស ទើបត្រឹមត្រូវ។ លោកថា ជនផ្សំគំនិត ដែលចូលរួមក្នុងករណីគ្រោះថ្នាក់ឲ្យស្លាប់គេឯងដូចនេះ លោករៀបរាប់ថា មានដូចជា ក្រុមហ៊ុនផលិត និងចែកចាយស្រាបៀ អ្នកអនុញ្ញាតឲ្យគេផលិត និងចែកចាយស្រាបៀ បណ្ដាញសារព័ត៌មាន ដែលជួយផ្សព្វផ្សាយស្រាបៀទាំងនោះ រួមទាំងមន្ដ្រីប៉ូលិសចរាចរ ដែលអសកម្ម មិនបានត្រួតពិនិត្យជាតិស្រវឹងលើអ្នកបើកបរ និងមិនអាចជួយការពារសុវត្ថិភាពពលរដ្ឋ និងជនរងគ្រោះ ខណៈមានគ្រោះថ្នាក់កើតឡើង។

លោកថា៖ «ជម្រើសទី១ គឺហាមឃាត់ការផលិត ការចែកចាយ ការប្រើប្រាស់គ្រឿងស្រវឹងទាំងស្រុងតែម្ដង។ ហើយយើងអនុវត្តច្បាប់ឲ្យបានតឹងរឹងតាមច្បាប់ចរាចរណ៍ជើងគោក ដើម្បីការប្រើប្រាស់មានការទទួលខុសត្រូវ ហើយទន្ទឹមនឹងហ្នឹង យើងត្រូវមានយន្ដការ ក្នុងច្បាប់ គឺឲ្យអ្នកដែលពាក់ព័ន្ធ មានទំនួលខុសត្រូវ។ មានន័យថា ពេលដែលគ្រោះថ្នាក់ចរាចរណ៍ រកឃើញថា អ្នកបើកនឹងស្រវឹង គេតាមចាប់ដល់ក្រុមអ្នកផឹកជាមួយ ហេតុអីបានជាបណ្ដោយឲ្យអ្នកស្រវឹងមកបើកឡាន»។

លោក​ អៀ ចរិយា នាយកវិទ្យាស្ថានសុវត្ថិភាពចរាចរណ៍ ឲ្យដឹងថា មានកត្ដាធំៗ ចំនួន៣ ធ្វើឲ្យអត្រាគ្រោះថ្នាក់ចរាចរណ៍កើនឡើងនៅកម្ពុជា ដូចជា ពលរដ្ឋមិនគោរពច្បាប់ចរាចរណ៍ កត្ដាយានយន្ដ និងកត្ដាផ្លូវថ្នល់។ លោកអះអាងថា ក្នុងចំណោមកត្ដាទាំង៣នេះ កត្ដាមិនគោរពច្បាប់ ជាមូលហេតុចំបង ដែលនាំឲ្យកើតមានបញ្ហាគ្រោះថ្នាក់ចរាចរណ៍។ លោកកត់សម្គាល់ថា ម្ចាស់យានយន្ដភាគច្រើន បើកបរហួសល្បឿនកំណត់ ខ្លះបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង និងមួយចំនួនទៀតបំពានគោលការណ៍ក្នុងច្បាប់ចរាចរណ៍ផ្លូវគោក។

លោកថា៖ «នៅក្នុងកត្តាមនុស្សនេះ យើងឃើញមូលហេតុនៃការមានគ្រោះថ្នាក់ចរាចរណ៍នោះគឺ មូលហេតុទី១ គឺការបើកបរហួសល្បឿនកំណត់ មូលហេតុទី២ គឺការបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង ហើយនិងមូលហេតុផ្សេងទៀត ដូចជា ការប្រជែង ឬវ៉ានៅក្នុងស្ថានភាពគ្រោះថា្នក់ ការមិនគោរពសិទ្ធិអាទិភាពអីហ្នឹងជាដើម»។

ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ កាលពីល្ងាចថ្ងៃទី២៧ មីនា ឆ្នាំ២០១៧ បង្កឡើងដោយរថយន្ដមួយគ្រឿង បើកបញ្ច្រាស់ផ្លូវ ដោយបានបើកបុករះម៉ូតូ តាមដងផ្លូវព្រះមុនីវង្ស សង្កាត់បឹងត្របែក ខណ្ឌចំការមន បណ្ដាលឲ្យមនុស្សយ៉ាងតិច៣នាក់ស្លាប់ និង១០នាក់ទៀតរងរបួសធ្ងន់ស្រាល។ ជនបង្កហេតុត្រូវបានគេស្គាល់ថាឈ្មោះ មាស សុខហេង អាយុ៣០ឆ្នាំ ជាអ្នកលក់ទូរសព្ទ នៅសង្កាត់ចាក់អង្រែលើ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរនេះ ធ្វើឲ្យប្រជាពលរដ្ឋ និងអ្នកនៅក្បែរនោះ ផ្ទុះកំហឹងយ៉ាងខ្លាំងរហូតឈានដល់ការវាយដំ និងកម្ទេចរថយន្ដបង្កហេតុទៀតផង។

​អ្នក​ស្រា​វជ្រាវ​ពីការ​អភិវឌ្ឍសង្គម​ លោក មាស នី បានបង្ហាញការយល់ឃើញ ដើម្បីកាត់បន្ថយបញ្ហាគ្រោះថ្នាក់ចរាចរណ៍នេះ រដ្ឋាភិបាលគួរគិតគូពីការពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ និងពង្រីកហេដ្ឋារចនាសម្ព័ន្ធ (ផ្លូវថ្នល់) ឲ្យបានទូលាយជាងមុន ដោយថា បច្ចុប្បន្ន ចំនួនយានយន្ដ និងអ្នកបើកបរ មានការកើនឡើងច្រើន។ លោកក៏ទទូចឲ្យរដ្ឋាភិបាលចេញវិធានការ កាត់បន្ថយការផ្សព្វផ្សាយផលិតផលស្រាបៀ ដោយថា នេះជាមូលហេតុសំខាន់មួយ នៃការកើតមានគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា។

លោកថា៖ «រដ្ឋាភិបាលយើងសព្វថ្ងៃ គឺមានចន្លោះប្រហោងច្រើនទាក់ទងការគ្រប់គ្រងគ្រឿងស្រវឹងនេះ ហើយទន្ទឹមហ្នឹងទៀត បើយើងមើលពីការផ្សព្វផ្សាយគ្រឿងស្រវឹងនេះ ក៏វាមានភាពអនាធិបតេយ្យដែរ មិនមានការគ្រប់គ្រងអីពីរដ្ឋាភិបាល។ និយាយរួមទៅថា ហេតុអីបានរដ្ឋាភិបាលនៅតែបណ្ដោយការផ្សព្វផ្សាយគ្រឿងស្រវឹងនៅតាមប្រព័ន្ធផ្សព្វផ្សាយហ្នឹង យើងឆ្ងល់ដែរថាតើអ្នកណា នៅពីក្រោយហ្នឹង»។

របាយការណ៍របស់ក្រសួងមហាផ្ទៃបង្ហាញថា គ្រោះថ្នាក់ចរាចរណ៍បានសម្លាប់ពលរដ្ឋជាមធ្យមពី៥ទៅ៨នាក់ក្នុងមួយថ្ងៃ។

បើតាមរបាយការណ៍ គ្រោះថ្នាក់ចរាចរណ៍បានកើតឡើងចំនួន៣៧០០លើក មានមនុស្សស្លាប់ជាង១ពាន់៧រយនាក់ និងរបួស ៦ ៦០៧នាក់ នៅឆ្នាំ២០១៦។ បើធៀបនឹងឆ្នាំ២០១៥ គ្រោះថ្នាក់ចរាចរណ៍ថយចុះ៤៤៣លើក ស្មើ១១ភាគរយ អ្នកស្លាប់ថយចំនួន២៧១នាក់ ស្មើ១៤ភាគរយ និងអ្នករបួសថយចំនួន៥៤២នាក់ ស្មើ៨ភាគរយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ