វិភាគ៖ តើ​ចំណុច​ណា​ខ្លះ​នៃ​គោល​នយោបាយ​បក្ស​កាន់​អំណាច​អាច​អនុវត្ត​បាន?

ដោយ លោក សូរ្យ ជ័យឧត្ដម​​ | ថ្ងៃអង្គារ ទី២៨ ខែមីនា ឆ្នាំ២០១៧​ ម៉ោង 9:06 AM | បទវិភាគ | 0 | 1210

ខណៈ​ដែល​ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​កាន់​តែ​ខិត​ជិត​ចូល​មក​ដល់​នៅ​ក្នុង​ឆ្នាំ​នេះ​នោះ គណបក្ស​នយោបាយ​នានា ដែល​បាន​ចុះ​ឈ្មោះ​ចូល​រួម​ប្រកួត​ប្រជែង​យក​តំណែង​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​នោះ បាន​បញ្ចេញ​សារ​ឃោសនារៀង​ៗ​ខ្លួន។ បើ​ទោះបី​ជា​មាន​គណបក្ស​ច្រើន​បាន​ចុះ​ឈ្មោះ​ចូល​រួម​ប្រកួត​ប្រជែង​ក្នុង​ការ​បោះ​ឆ្នោត​ថ្នាក់​មូលដ្ឋាន​នេះ​ក្ដី ប៉ុន្តែ គណបក្ស​ធំៗ​​ពីរ​តែ​ប៉ុណ្ណោះ​ដែល​ត្រូវ​បាន​គេ​ចាប់​អារម្មណ៍ និង​តាម​ដាន​ច្រើន​ជាង​គេ នោះ​គឺ​គណបក្ស​ប្រជា​ជន​កម្ពុជា​ ដែល​កំពុង​ដឹកនាំ​រដ្ឋាភិបាល និង​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជា​បក្ស​ប្រឆាំង​ធំ​ជាង​គេ​នៅ​ក្នុង​ប្រទេស​កម្ពុជា។

ខាង​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ពួកគេ​បាន​ដាក់​ចេញ​នូវ​គោល​នយោបាយ​ដល់​ទៅ ១៣​ចំណុច សម្រាប់​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​នៅ​ទូទាំង​ប្រទេស ដែល​នៅ​សល់​ពេល​តែ ២​ខែ​ទៀត​ប៉ុណ្ណោះ។ ចំណែក​ខាង​គណបក្ស​ប្រឆាំងវិញ ពួកគេ​បាន​កំណត់​យក​គោល​នយោបាយ ៥​ចំណុច​របស់​ខ្លួន និង​រួម​បញ្ចូល​នូវ​ចំណុច​រាយ​តូចៗ នៅ​ខាង​ក្រោម​ចំណុច​ទាំង ៥​នោះ​ទៀត​ផង។

តើ​គោល​នយោបាយ​ទាំង​នោះ​ឆ្លើយ​តប​នឹង​តម្រូវការ​ជាក់​ស្ដែង​របស់​ពលរដ្ឋ​ឬ​ទេ?

បន្ទាប់​ពី​គណបក្ស​កាន់​អំណាច​ចាស់​វស្សា​នៅ​កម្ពុជា បាន​ចេញ​គោល​នយោបាយ​ទាំង ១៣​ចំណុច​របស់​ខ្លួន​រួច​មក វា​បាន​ជំរុញ​ឲ្យ​មាន​ការ​ចោទ​សួរ​នូវ​សំណួរ​មួយ​ចំនួន​ទៅ​លើ​គោល​នយោបាយ​ទាំង​នោះ។ សំណួរ​សំខាន់​មួយ​គឺ​ថា តើ​ចំណុច​ណា​ខ្លះ​នៃ​គោល​នយោបាយនោះ ឆ្លើយ​តប​នឹង​តម្រូវការ​ពិត​ប្រាកដ​របស់​ប្រជា​ពលរដ្ឋ​នៅ​តាម​មូលដ្ឋាន?

មន្ត្រីច្បាប់ និង​អង្កេត​នៃអង្គការ​ខុមហ្វ្រែល លោក យឿង សុធារ៉ា បាន​មើល​ឃើញ​ថា គោល​នយោបាយ​ទាំង ១៣​ចំណុច​នោះ មាន​លក្ខណៈ​ល្អ​ប្រសើរ​ហើយ បើ​ធៀប​ទៅ​នឹង​គោល​នយោបាយ​ដែល​កំណត់​ឡើង​កាល​ពី​អាណត្តិ​មុនៗ។ ប៉ុន្តែ អ្វី​ដែល​លោក​ចោទ​សួរ​ត្រឡប់​ទៅ​វិញ​នោះ គឺ​ប្រសិទ្ធភាព​នៃ​ការ​អនុវត្ត​គោល​នយោបាយ​ទាំង ១៣​ចំណុច​នោះ​ទៅ​វិញ​ទេ។

លោក យឿង សុធារ៉ា ប្រាប់​ថា​៖ “ទាំង ១៣​ចំណុច ខ្ញុំ​ឃើញជា​ទូទៅ​គឺជា​គោល​នយោបាយ​ដែល​ប្រសើរ​ហើយ ហើយ​គោល​នយោបាយ​នេះ ប្រសិន​បើ​គាត់​អាច​យក​ទៅ​អនុវត្ត​បាន​ប្រសិទ្ធភាព​ដូច​ដែល​មាន​ចែង​នៅ​ក្នុង​គោល​នយោបាយ​របស់​គាត់ គឺ​ពិត​ជា​ត្រូវ​គ្នា​ សម​គ្នាជាមួយ​នឹង​តម្រូវការ​របស់​ប្រជា​ពលរដ្ឋ ដែល​ពួក​គាត់​កំពុង​ត្រូវការ​ហើយ”។

តើ​គួរ​បញ្ចូល​ចំណុច​ដែល​ធ្វើ​រួច​ហើយ មក​ក្នុង​គោល​នយោបាយ​ថ្មី​នេះ​ឬ​ទេ?

ក្រៅ​ពី​សំណួរ​ទី​១​ខាង​លើ​នេះ អ្នក​តាម​ដាន​នយោបាយ​កម្ពុជា សង្កេត​ឃើញ​ថា ចំណុច​ជាច្រើន​នៃ​គោល​នយោ​បាយ​នោះ ត្រូវ​បាន​រដ្ឋាភិបាល​អនុវត្ត​រួច​មក​ហើយ នៅ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ។ ហេតុ​នេះ វា​ជំរុញ​ឲ្យ​មាន​ការ​ចោទ​សួរ​ទៀត​ថា តើ​គួរ​បញ្ចូល​ចំណុច​ដែល​ធ្វើ​រួច​ហើយ​នោះ មក​ក្នុង​គោល​នយោបាយ​ថ្មី​នេះ​ឬ​ទេ?

បើ​ទោះបី​ជា​លោក យឿង សុធារ៉ា មើល​ឃើញ​ថា​ គោល​នយោបាយ​នោះ​មាន​លក្ខណៈ​ល្អ​ប្រសើរ​ជាង​មុន ប៉ុន្តែ សាស្ត្រាចារ្យ​វិសាស្ត្រ​នយោបាយ លោក សូរ ចន្ថា បែរ​ជា​មើល​ឃើញ​ថា គោល​នយោបាយ​ទាំង ១៣​ចំណុច​របស់​បក្ស​កាន់​អំណាច គ្មាន​អ្វី​ថ្មី​នោះ​ឡើយ ដោយ​ថា វា​គ្រាន់​តែ​ជា​ការ​កែ​លម្អ​លើ​អ្វី​ដែល​បាន​ស្រាប់​នា​ពេល​កន្លង​មក​ហើយ។

លោក សូរ ចន្ថា៖ “ខ្ញុំ​មើល​ទៅ​ទាំង​ ១៣​ចំណុច​នោះ វា​ហាក់​បី​ដូច​ជា​មិន​មាន​អី​ថ្មី​ទេ ប៉ុន្តែ វា​គ្រាន់​តែ​ជាការ​កែ​ទម្រង់នូវអ្វី​ដែល​មាន​ស្រាប់ កន្លង​មក​ដែល​គណបក្ស​កាន់​អំណាចនេះ ធ្លាប់​បាន​ប្រើ​ប្រាស់​រួចម​ក​ហើយ ឧទាហរណ៍​ភូមិ​ឃុំ​មាន​សុវត្ថិភាព​អី​ជា​ដើម ឬ​ការ​កសាង​ផ្លូវ​អី​ជា​ដើម។ អញ្ចឹង​យើង​មើល​ទៅ វាហាក់​ដូចជា​គ្រាន់​តែ​ជា​ការ​កែ​ទម្រង់​ពី​អាណត្តិ​ចាស់ៗ​តែ​ប៉ុណ្ណោះ”។

វា​ពិត​ជាដូច​​ទៅ​នឹង​អ្វី​ដែល​សាស្ត្រា​ចារ្យ​រូប​នេះ បាន​លើក​ឡើង​ដូច្នោះ​មែន ប្រសិន​បើ​គេ​ពិនិត្យ​ឡើង​​វិញ​ទៅ​លើ​ចំណុច​ជាច្រើន​នៃ​គោល​នយោបាយ​នោះ។ ជា​ឧទាហរណ៍ គោល​នយោបាយ​ចំណុច​ទី ៥ ដែល​និយាយ​អំពី​ការ​ផ្ដល់​ជូនសេវាបញ្ជី​អត្រា​នុគោល​ដ្ឋាន​ដោយ​ឥត​គិត​ថ្លៃ​នោះ ជា​ការពិត រដ្ឋាភិបាល​បាន​សម្រេច​លុប​ចោល​រួច​ទៅ​ហើយ​ចំពោះ​ការ​យក​កម្រៃ​លើ​សេវា​រដ្ឋបាល​នេះ។ ​ចំណុច​ទី ១២​នៃ​គោល​នយោបាយ ដែល​និយាយ​អំពី​ការ​កាន់​កាប់​តូប​លក់​ដូរ​របស់​អាជីវករ​នៅ​ទូទាំង​ប្រទេស​នោះ ក៏​ត្រូវ​បាន​រដ្ឋាភិបាល​សម្រេច​រួច​មក​ហើយ​ដែរ កាល​ពី​ឆ្នាំ​២០១៦​កន្លង អំឡុង​ពេល​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន​ ចុះ​ជួប​ក្រុម​អាជីវករ​នៅ​តាម​បណ្ដា​ផ្សារ​នានា​នៅ​ទូទាំង​ប្រទេស។

ចំណែក​ឯចំណុច​ទី ១៣ ដែល​ដាក់​បញ្ចូល​គោល​នយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​នោះ លោក សូរ ចន្ថា យល់​ថា មិន​ជា​បញ្ហា​អ្វី​នោះ​ទេ ប៉ុន្តែលោក​ចោទ​សួរ​ទៅ​វិញ​ទៅ​លើ​ប្រសិទ្ធភាព​នៃ​ការ​អនុវត្ត​គោល​នយោបាយ​ដែល​មាន​ស្រាប់ ឲ្យ​មាន​ប្រសិទ្ធភាព ពោល​គឺ​លុប​បំបាត់​បទ​ល្មើស​ផ្សេងៗ​ឲ្យ​ធ្លាក់​មក​នៅ​កម្រិត​ទាប​បំផុត។

តើ​ចំណុច​ណា​ខ្លះ​នៃ​គោល​នយោបាយ​របស់​បក្ស​កាន់​អំណាច​ហាក់​ដូច​ជា​មិន​ជាក់​លាក់ និង​មិន​អាច​អនុវត្ត​បាន?

ចម្ងល់​នៅ​តែ​បន្ត​កើត​មាន​ទៅ​លើ​ចំណុច​ខ្លះ​នៃ​គោល​នយោបាយ​របស់​គណបក្ស​កាន់​អំណាច ពោល​គឺ​ចំណុច​ទី ២ ដែល​និយាយ​អំពី​ការ​ជួយ​ដល់​ប្រជា​កសិករ ឲ្យ​ពួកគេ​ទទួល​បាន​ទិន្នផល​កសិកម្ម​ល្អ ព្រម​ទាំង​លក់​ចេញ​ក្នុង​តម្លៃ​សមរម្យ។ មក​ដល់​ត្រង់​ចំណុច​នេះ គេ​ចោទ​សួរ​តើ​វា​មាន​ភាព​ជាក់​លាក់ និង​អាច​អនុវត្ត​បាន​ឬ​ទេ?

លោក សូរ ចន្ថា បាន​ទទួល​ស្គាល់​ថា គោល​នយោបាយ​ត្រង់​ចំណុច​ទី ១ បាន​ចែង​យ៉ាង​ជាក់​អំពី​ចំនួន​ថវិកា​ដែល​ត្រូវ​ទម្លាក់​ទៅ​ឃុំ​សង្កាត់ បើទោះបី​អត្រា ២.៨​ភាគរយ​នៃ​ចំណូល​ចរន្ត​ថវិកា​ជាតិ មាន​កម្រិត​ទាប​នៅ​ឡើយ សម្រាប់​ការ​អភិវឌ្ឍ​ឃុំ​សង្កាត់​ក្ដី។ ក្រៅ​ពី​ចំណុច​ទី ១ លោក សូរ ចន្ថា បាន​ចង្អុល​ទៅ​ចំណុច​ទី ១០ ដែល​និយាយ​អំពី​ការ​កសាង​ផ្លូវ​គមនាគមន៍​នៅ​គ្រប់​ភូមិ ប៉ុន្តែ សាស្ត្រាចារ្យ​នយោបាយ​រូប​នេះ បាន​ចោទ​សួរ​អំពី​គុណភាព​នៃ​ផ្លូវ​ថ្នល់​នៅ​ក្នុង​ប្រទេស ដោយ​លោក​ថា វា​មាន​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​អនុវត្ត​គោល​នយោបាយ​ថ្នាក់​ជាតិ​របស់​រដ្ឋាភិបាល។

គោល​នយោបាយ​មួយ​ចំណុច​ដែល​ធ្វើ​ឲ្យ​លោក សូរ ចន្ថា មាន​មន្ទិល​យ៉ាង​ខ្លាំង​ទៅ​លើ​ភាព​ជាក់​លាក់ និង​ភាព​អាច​អនុវត្ត​បាន​នោះ គឺ​ចំណុច​ទី ២ ដែល​និយាយ​​អំពី​ការ​ជួយ​កសិករ​ឲ្យ​ទទួល​បាន​ទិន្នផល​កាន់​តែ​ប្រសើរ និង​លក់​ចេញ​ក្នុង​តម្លៃ​សមរម្យ​។ ដោយសារ​ចំណុច​នេះ មាន​ជាប់​ពាក់​ព័ន្ធ​នឹង​គោល​នយោបាយ​ថ្នាក់​ជាតិ លោក សូរ ចន្ថា បាន​ចោទ​សួរ​ថា តើ​រដ្ឋាភិបាល​គួរ​កំណត់​តម្លៃ​ស្រូវ​របស់​កសិករ​ទាប​បំផុត​ក្នុង​តម្លៃ​ប៉ុន្មាន?

លោក​បន្ថែម​ថា​៖ “ទាក់​ទង​នឹង​ទីផ្សារ ថ្នាក់​ឃុំ​សង្កាត់ គាត់​ពិបាក​ក្នុង​ការ​បង្កើត​ទីផ្សារ គាត់​ពិបាក​ក្នុង​ការ​រក​ទីផ្សារ​ឲ្យ​កសិករ ក៏​ប៉ុន្តែ ខ្ញុំ​គិត​ថា គោល​នយោបាយ​ថ្នាក់​ជាតិ​ទៅ​វិញ​ទេ​ដែល​ធានា​នូវ​ការ​រក​ទីផ្សារ​សម្រាប់​កសិផល​របស់​កសិករ លក់​បាន​ថ្លៃ​សមរម្យ ដែល​អាច​ធានា​ជីវភាព​រស់​នៅ​សមរម្យ”។

តើ​គោល​នយាបាយ​របស់​បក្ស​កាន់​អំណាច​គួរ​បញ្ចូល​ចំណុច​អ្វី​បន្ថែម​ទៀត?

បន្ទាប់​ពី​ចំណុច​ជាច្រើន​នៃ​គោល​នយោបាយ​នោះ ត្រូវ​បាន​​រដ្ឋាភិបាល​ធ្វើ​រួច​មកហើយ វា​បាន​ជំរុញ​ឲ្យ​មាន​ការ​ចោទ​សួរ​បន្ត​ថា តើ​បក្ស​កាន់​អំណាច​គួរ​បញ្ចូល​ចំណុច​អ្វី​បន្ថែម​ទៀត​ទៅ​ក្នុង​គោល​នយោបាយ​របស់​ខ្លួន?

បើ​ទោះបី​មើល​ឃើញ​ថា​បាន​ល្អ​ប្រសើរ ប៉ុន្តែ លោក សុធារ៉ា មើល​ឃើញ​ថា គណបក្ស​​កាន់​អំណាច​មិន​បាន​និយាយ​ដល់​ទាល់​តែ​សោះ​អំពី​ការ​ពង្រឹង​សិទ្ធិ​សេរីភាព​របស់​ប្រជា​ពលរដ្ឋ ខណៈ​ដែល​លោក​សង្កេត​ឃើញ​ថា អាជ្ញាធរ​ឃុំ​សង្កាត់​នា​ពេល​សព្វ​ថ្ងៃ​នេះ ហាក់​ពុំ​បាន​ផ្ដល់​សិទ្ធិ​សេរីភាព​ដល់​ពលរដ្ឋ​ចូល​រួម​ក្នុង​សកម្មភាព​នយោបាយ​នោះ​ឡើយ។

លោក សុធារ៉ា បន្ត​ថា​៖ “ខ្ញុំ​គិត​ថា ​រឿង​សំខាន់​មួយ​ចំនួន​ក៏​នៅ​ខ្វះ​ខាត​ដែរ ដូចជា​រឿង​ផ្ដល់​សិទ្ធិ​សេរីភាព​ឲ្យ​ពលរដ្ឋក្នុង​ការ​ចូល​រួម ក្នុង​សកម្មភាព​តាក់​តែង​គោល​នយោបាយ ជា​ពិសេស​ទៅ​លើ​ការ​ពង្រឹង​សិទ្ធិ​សេរីភាព​របស់​ប្រជា​ពលរដ្ឋ។ យើង​តែង​តែ​ឃើញ​ក្នុង​ឃុំ​សង្កាត់​ហ្នឹង អាជ្ញាធរ​ឃុំ​សង្កាត់​ហាក់​ដូច​ជា​មិន​សូវ​ផ្ដល់​សិទ្ធិ​សេរីភាពដល់​ពលរដ្ឋ​ក្នុង​ការ​ចូល​រួម​ក្នុង​សកម្មភាព​នយោបាយអី​ប៉ុន្មាន​ទេ មិន​ថា​ទាំង​អស់​ទេ ប៉ុន្តែ​សកម្មភាព​មួយ​ចំនួន ត្រូវ​បាន​រាំង​ខ្ទប់ដោយ​អាជ្ញាធរ​មូលដ្ឋាន​ហ្នឹង​តែ​ម្ដង”។

ចំណែក​នាយក​ប្រតិបត្តិ​អង្គការ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា លោក សន ជ័យ បាន​មើល​ឃើញ​ថា បក្ស​កាន់​អំណាច​មិន​បាន​ចែង​ទាល់​តែ​សោះ​អំពី​របៀប​ដោះ​ស្រាយ​បញ្ហា​អត់​ការងារ​ធ្វើ​នៅ​តាម​មូលដ្ឋាន ព្រម​ទាំង​បញ្ហា​ចំណាក​ស្រុក​របស់​ប្រជា​ពលរដ្ឋ ដែល​លោក​សង្កេត​ឃើញ​ថា បាន​ធ្វើ​ឲ្យ​ភូមិដ្ឋាន​មួយ​ចំនួន​នៅ​សេស​សល់​តែ​មនុស្ស​ចាស់​មើល​ថែទាំ​ចៅៗ​ទៅ​វិញ៕

សរសេរមកកាន់ លោក សូរ្យ ជ័យឧត្ដម តាមរយៈ oudom@vodhotnews.com

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required