លិខិតមិត្តអ្នកអាន៖ ដំណាក់កាលឆ្កែចចកស៊ីកូនចៀម

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និង លោក កឹម សុខា

នៅដំណាក់កាលចុងក្រោយនេះ អ្នកនាំពាក្យគណៈកម្មការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បាន​និយាយ​​ថា បើក្រសួងមហាផ្ទៃប្រកាសលុបឈ្មោះគណបក្ស​ណា នោះគ.ជ.ប នឹងលុបឈ្មោះ​គណបក្ស​នោះដែរ។

មួយរយៈមុននេះ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលជាអនុប្រធានគណបក្ស​ប្រជាជនកម្ពុជា និងជាបក្ស​ប្រជែង​ដ៏ធំ​​​របស់គណបក្ស​សង្គ្រោះជាតិ​បានប្រកាសថា ការជ្រើសតាំង​ប្រធានគណបក្ស​ថ្មីរបស់គណបក្ស​សង្គ្រោះជាតិ គឺធ្វើខុសពីលក្ខន្តិកបក្ស។

មានចំណុចបីដែលត្រូវពិភាក្សា​ក្នុងទីនេះ៖

ទី១ ប្រធានគណបក្ស​ប្រជាជនកម្ពុជា គឺលោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បាន​ចេញសារលិខិត​អបអរសាទរលោក កឹម សុខា ដែលត្រូវបានជ្រើសតាំងប្រធានគណបក្ស​សង្គ្រោះជាតិ។ តើការចេញលិខិតអបអរនេះ អាចចាត់ទុកថា ​ជាការទទួលស្គាល់ការ​តែងតាំងនោះតាមផ្លូវ​ច្បាប់បានទេ? ក្នុងករណីជម្លោះប្រាសាទព្រះវិហារ តាមដឹងថា ភាគីខ្មែរបានលើកហេតុផល​មួយទៅ​តុលាការ​​ព្រហ្មទណ្ឌអន្តរជាតិថា ព្រះមហាក្សត្រថៃ បានយាងទៅទស្សនកិច្ចនៅ​ប្រាសាទនេះ តាមការយាងអញ្ជើញរបស់អាជ្ញាធរ​បារាំង។ តាមរយៈនេះ គេទាញសំអាងហេតុថា នៅពេលនោះ ថៃមិនបានជំទាស់តវ៉ា​ទេ មានន័យថា ទទួលស្គាល់​ប្រាសាទព្រះវិហារជារបស់ខ្មែរ។ ករណីព្រះមហាក្សត្រ​ថៃយាងទស្សនកិច្ច​តាមការអញ្ជើញរបស់អាជ្ញា​ធរ​បារាំង​នៅពេលនោះ ខុសពីករណីលោកហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជនកម្ពុជាចេញលិខិត​អបអរ​លោក​ កឹម សុខា ដែលត្រូវបានតែងតាំង​ជាប្រធាន​គណបក្ស​សង្គ្រោះជាតិ។ ខុសគ្នាត្រង់ថា នៅពេលនោះ ថៃអាចគោរព​អាជ្ញាធរបារាំងដែលមាន​អំណាចជាង​ខ្លួន និងដើម្បីរក្សាសន្តិភាពជាមួយប្រទេសជិតខាង ចំណែកឯលោក​នាយក​រដ្ឋមន្ត្រីហ៊ុន សែន ដែលចេញលិខិតអបអរលោក កឹម សុខា នៅពេលនោះ មិនស្ថិតក្នុងស្ថានភាពមួយដែល​ខ្លាចគណបក្ស​សង្គ្រោះជាតិ ឬស្ថានភាពគាបសង្កត់ណាមួយទេ គឺជាការអបអរដោយគណបក្ស​ធំ​មានអំណាច។

ទី២ គណបក្ស​សង្គ្រោះជាតិ បានបញ្ជាក់ថា ខ្លួនបានធ្វើវិសោធនកម្មលក្ខន្តិករបស់ខ្លួនមួយ​ថ្ងៃ​​​មុន​ការបោះឆ្នោតជ្រើសតាំងលោក កឹម សុខា ជាប្រធានគណបក្ស​នេះ បញ្ជាក់ថា ប្រហែល​ជា​គណបក្ស​​សង្គ្រោះ​ជាតិ​បានកែលក្ខន្តិក ឬបានស្រាយចំណង​ ដែលចងខ្លួនមិនឲ្យជ្រើសរើស​ប្រធានគណបក្ស​ថ្មីមុនរយៈពេល​១៨​ខែនោះ​រួចហើយ។ ទី៣ បើនិយាយពីបញ្ហាលក្ខន្តិកបក្ស វាជារឿងផ្ទៃក្នុងរបស់បក្ស​មួយ វាគ្មានអ្វីពាក់ព័ន្ធនឹងភាគី​នៅក្រៅបក្សនោះទេ។ លក្ខន្តិកបក្ស ត្រូវបានគេធ្វើ​ឡើង​​ដើម្បីគ្រប់គ្រងផ្ទៃក្នុងបក្ស ក្រែងមានការមិនចុះសម្រុងគ្នា។ ចំណែកការតែងតាំងលោក កឹម សុខា ជាប្រធានបក្ស​ គឺធ្វើឡើងដោយស្រុះស្រួលគ្នា ហើយគ្មានការជំទាស់តវ៉ា ឬធ្វើឲ្យប្រេះឆាគ្នាទេ។ រឿងនេះមិនខុសពីករណីប្ដីប្រពន្ធរួមរស់ជាមួយគ្នា បើភាគីប្ដី ឬប្រពន្ធ ប្ដឹងទៅតុលាការ​សុំលែងលះ ដោយ​ហេតុផលមិនចុះសម្រុងគ្នា ឬដោយប្រការណាមួយ នោះទើបភាគីដទៃ ឬតុលាការអាច​លូកដៃ​ក្នុងរឿង​នេះបាន។ ប៉ុន្តែបើប្ដីប្រពន្ធគេនៅស្រឡាញ់គ្នាល្អូកល្អឺនបេះមិនដាច់ រឿងអីភាគីដទៃអាច​ទៅជ្រៀតជ្រែក​កិច្ចការ​​គ្រួសារគេបាន? បើសិនជាខ្លួនទៅជ្រៀតជ្រែករឿងគ្រួសារគេ មានតែចង់បំបែកបំបាក់គេ ដើម្បី​បាន​​ប្រពន្ធគេហើយ។  ដូច្នេះភាគីដទៃនៅក្រៅគណបក្សសង្គ្រោះជាតិមិនអាចតវ៉ាក្នុងរឿងនេះឡើយ។

ក្នុងករណីខាងលើនេះ ក្រសួងមហាផ្ទៃ មិនខុសពីតុលាការឡើយ គឺមិនអាចជ្រៀតជ្រែក​កិច្ចការគ្រួសារគេ​បាន​ទេ បើគ្មានបណ្ដឹងពីភាគីណាមួយនៅក្នុងគ្រួសារនោះ។ ហើយបើសិនជាក្រសួងមហាផ្ទៃ លូកលាន់​ការងារ​ផ្ទៃក្នុងបក្ស​សង្គ្រោះជាតិ ដោយអាងថា ខ្លួនមានអំណាច នោះវា នឹងមិនខុសពីល្បើកឡាហ្វុងតែន រឿង​ចចក​និងកូនចៀមឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ