ក្រសួងសុខាភិបាលថានឹងលុបបំបាត់ជំងឺរបេងឲ្យអស់នៅក្នុងឆ្នាំ២០៣០

ដោយ លោក បូ សាវី​​ | ថ្ងៃអង្គារ ទី២៨ ខែមីនា ឆ្នាំ២០១៧​ ម៉ោង 9:30 AM | សុខភាព | 0 | 2534

រដ្ឋមន្ដ្រីក្រសួងសុខាភិបាលជំរុញឲ្យមន្ដ្រីរបស់ខ្លួន រុករកអ្នកផ្ទុកមេរោគរបេងឲ្យបានពីបួន​ម៉ឺន​នាក់ក្នុងមួយឆ្នាំ ដើម្បីឲ្យពួកគេទទួលថ្នាំបំចាត់មេរោគនេះ ដោយថាកម្ពុជានឹងលុបបំ​បាត់នូវ​ជំងឺរបេងឲ្យអស់នៅ​​ឆ្នាំ​២០​៣០ខាងមុខ។

ថ្លែងនៅក្នុងកម្មវិធីទិវាពិភពលោកំចាត់ជំងឺរបេង ដែលធ្វើឡើងខេត្ដសៀមរាប កាលពី​ថ្ងៃទី២៧ខែមិនា រដ្ឋមន្ដ្រីក្រសួងសុខាភិបាលលោក ម៉ម ប៊ុនហេង មានប្រសាសន៍ថា​មន្ដ្រីសុខាភិបាល​ត្រូវរុករក​មេរោគរបេង​ឲ្យបានបួនម៉ឺននាក់ក្នុងមួយឆ្នាំ ដើម្បីឲ្យពួកគាត់​ទទួលទានឱសុទ្ធ​បំបាត់​មេរោគ​នេះ​​ឲ្យ​អស់នៅឆ្នាំ២០៣០ខាងមុខ។

លោកបន្ដថា មន្ទីរពេទ្យ និងមន្ទីរពិសោធរកមេរោគរបេង មានទីតាំងជាច្រើនកន្លែងនៅក្នុងប្រទេសកម្ពុជា ដែលអាចឲ្យពលរដ្ឋមកទទួលបានការព្យា​បាល​របេងនេះមានប្រសិទ្ធិភាព។លោកបន្ដថា ជំងឺរបេងនេះ មិនមែនជាជំងឺបន្ដពូជនោះទេ ដោ​យ​គ្រាន់តែលេបថ្នាំតែមួយសប្ដាហ៍ទៅពីរសប្ដាហ៍អាចធូរស្បើយពីជំងឺនេះ ប៉ុន្ដែលោកថារយៈពេល៦ខែទើបជាពីជំងឺនេះ។

លោកបន្ដថា៖ «ទិសដៅរបស់យើងគឺនៅឆ្នាំ២០៣០ឲ្យអស់អ្នកកើតជំងឹរបេង។ ដូច្នេះខិតខំរុករកមេរោគរបេងឲ្យបានច្រើនគោលដៅរបស់យើងមួយឆ្នាំរកឲ្យបានបួនម៉ឺនឆ្នាំនេះរកបានបីម៉ឺនជាង​បានន័យថា ខិតខំអស់ហើយបានបីម៉ឺនជាង។ទទួលទានឱសុទ្ធបានពីរអាទិត្យមេរោគនឹងស្លាប់ប៉ុន្ដែមិនទាន់ជាទេ ទាល់៦ខែទើបជាដាច់ពីរអាទិត្យទទួលថ្នាំហើយមិនអាចឆ្លងដល់កូនចៅ»។

ប្រធានមជ្ឍមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន លោកវេជ្ជៈបណ្ឌិត ម៉ៅ តាន់អ៊ាង មានប្រសាសន៍ថា ដើម្បីសម្រេចកិច្ចការទាំងនេះ ត្រូវចាត់វិធានការ រៀបចំការផ្សព្វផ្សាយ ពាក្យស្លោក ឬពាក្យគោលនៃទិវាពិភពលោកកំចាត់របេង ជំរុញសកម្មភាពតាមប្រព័ន្ធផ្សព្វផ្សាយផ្សេងៗ និងមានការចូលរួមពីថ្នាក់ដឹកនាំ អ្នកនយោបាយ អ្នកផ្ដល់ជំនួយ និងស្ថាប័នពាក់ព័ន្ធផងដែរ។លោកបន្ដថា អត្រាអាំងស៊ីដង់និងប្រេវ៉ាឡង់ នៃជំងឺរបេងកំពុងបន្ដធ្លាក់ចុះ។លោកបន្ដថា នៅក្នុងចម្លោះឆ្នាំ២០០០ ទៅ២០១៥ អត្រានេះធ្លាក់ចុះកម្រិត១.៥%ក្នុងមួយឆ្នាំៗ។

ប៉ុន្ដែទោះយ៉ាងនេះក្ដីលោកថា ជំងឺរបេងនៅតែជាជំងឺបន្ទុកធំធេង និងជាបញ្ហាសុខភាពជាចំបង។លោកបន្ដថាអ្នកកើតជំងឺរបេងម្នាក់វាអាចឆ្លងទៅមនុស្ស១០ទៅ១៥នាក់ក្នុងមួយឆ្នាំនិងប៉ះ​ពាល់​ដល់ជីវភាពគ្រួសារផងដែរ បើមិនបានព្យាបាលត្រឹមត្រូវនោះទេ។

លោកបន្ដថា៖ «ការសិក្សាមួយបាន​បង្ហាញថា បើមានអ្នកជំងឺនៅក្នុងគ្រួសារនិងបាត់បង់ចំណូលគិតជាមធ្យម៥០%នៃចំណូលលើសនេះទៀតអ្នកជំងឺមិនបានព្យាបាលទៅជារីងរៃអាចស្លាប់ហើយអាចធ្វើឲ្យមេរោគវាស៊ាំថ្នាំ ហើយមេរោគរបេងវាស៊ាំនឹងថ្នាំនេះពិបាកព្យាបាល និងឱសុទ្ធថ្លៃបន្ដិច»

តាមរបាយការណ៍អង្គការសុខភាពពិភពលោក នៅឆ្នាំ២០១៥​មនុស្សប្រមាណ​១០លាន៤សែន​នាក់ កើតជំងឺរបេង ប៉ុន្ដែអ្នកជំងឺប្រហែលជាង៤លាន​នាក់ពុំទាន់បានទទួលបានសេវា​នៅឡើយ និងប្រមាណ១.៤លាននាក់ស្លាប់ដោយសារជំងឺរបេង ខណៈដែល​ជាងមួយលាននាក់ស្លា​ប់ដោយសារជំងឺរបេងនិងអេដស៍៕

សរសេរមកកាន់ លោក បូ សាវី តាមរយៈ savy@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required