អាមេរិក​ដឹកនាំ​ធ្វើ​ពហិកា​កិច្ច​ប្រជុំ​​ពិភាក្សា​ពី​ការ​ហាម​អាវុធ​នុយក្លេអ៊ែរ​របស់ UN

បណ្ដា​ប្រទេស​ជាង ១០០​ នៅ​ថ្ងៃ​នេះ បាន​ចាប់​ផ្ដើម​កិច្ច​ពិភាក្សា​កម្រិត​សាកល​ជា​លើក​ដំបូង​នៅ​ឯ​អង្គការ​សហ​ប្រជាជាតិ ក្នុង​បំណង​សម្រេច​ឲ្យ​បាន​ការ​ហាមឃាត់​អាវុធ​នុយក្លេអ៊ែរ ខណៈ​ដែល​ក្រុង​វ៉ាស៊ីងតោន បាន​ដឹកនាំ​ធ្វើ​ពហិកា​ចំពោះ​កិច្ច​ប្រជុំ​នេះ។ នេះ​ដោយ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

មុន​នឹង​កិច្ច​ប្រជុំ​ពិភាក្សា​នោះ​ចាប់​ផ្ដើម អគ្គ​រដ្ឋ​ទូត​អាមេរិក​ប្រចាំ​អង្គការ​សហ​ប្រជាជាតិ អ្នក​ស្រី​ Nikki Haley​ បាន​ថ្លែង​ច្រាន​ចោល​នូវ​សំណើរ​នេះ ក្រោម​ហេតុ​ផល​ការ​គំរាម​កំហែង​សន្តិសុខ​សកល​នា​ពេល​ថ្មីៗ​នេះ។

អ្នកស្រី Haley ដែល​តំណាង​ឲ្យ​មហា​អំណាច​នុយក្លេអ៊ែរ​ធំ​ជាង​គេ​លើ​ពិភព​លោក​នោះ បាន​និយាយ​ក្រៅ​កិច្ច​ប្រជុំ​នោះ​ថា ក្នុង​នាម​ជា​ម្ដាយ និង​ជា​កូន​ស្រី​ម្នាក់ គ្មាន​អ្វី​ដែល​អ្នកស្រី​ចង់​បាន​ទៀត​ឡើយ​សម្រាប់​គ្រួសារ​អ្នកស្រី ក្រៅ​ពី​ចង់​ឲ្យ​ពិភព​លោក​មួយ​គ្មាន​អាវុធ​នុយក្លេអ៊ែរ។

អ្នកស្រី​បន្ថែម​ថា ប៉ុន្តែ គេ​ត្រូវ​តែ​ទទួល​ស្គាល់​ការពិត ហើយ​តើ​នរណា​ម្នាក់​ជឿ​ថា កូរ៉េ​ខាង​ជើង​នឹង​ឯកភាព​លើ​ការ​ហាម​ឃាត់​អាវុធ​នុយក្លេអ៊ែរ​ឬ​ទេ?

អ្នកស្រី Haley បាន​ថ្លែង​ដូច្នេះ​នៅ​ក្នុង​ចំណោម​ក្រុម​អគ្គ​រដ្ឋ​ទូត​ប្រហែល ២០​រូប​ទៀត មក​ពី​បណ្ដា​ប្រទេស​នានា​ជា​សម្ព័ន្ធ​មិត្ត​នឹង​អាមេរិក ដែល​បាន​ធ្វើ​ពហិកា​ចំពោះ​ការ​ចរចា​នេះ ក្នុង​នោះ​មាន​អង់គ្លេស បារាំង កូរ៉េ​ខាង​ត្បូង និង​ប្រទេស​មួយ​ចំនួន​ទៀត​មក​ពី​អឺរ៉ុប​ខាង​កើត៕

អគ្គរដ្ឋ​ទូត​រុស្ស៊ី និង​ចិន មិន​មាន​វត្តមាន​នៅ​ទីនោះ​ទេ ប៉ុន្តែ មហា​អំណាច​នុយក្លេអ៊ែរ​ទាំង​ពីរ​នេះ ក៏​ស្ថិត​នៅ​ក្រៅ​កិច្ច​ប្រជុំ​នោះ​ផងដែរ៕

ការ​ជំរុញ​ឲ្យ​មាន​បម្រាម​លើ​ការ​ប្រើ​ប្រាស់​អាវុធ​នុយក្លេអ៊ែរ ត្រូវ​បាន​ប្រកាស​ឲ្យ​ដឹង​កាល​ពី​ខែ​តុលា​ឆ្នាំ​មុន ពី​សំណាក់​សមាជិក ១២៣​ប្រទេស ដែល​លើក​ឡើង​ថា ការ​គំរាម​កំហែង​ពី​អាវុធ​នុយក្លេអ៊ែរ កំពុង​តែ​កើន​ឡើង ដោយសារ​តែ​ភាព​តាន​តឹង ដែល​កើត​ចេញ​ពី​កម្មវិធ​នុយក្លេអ៊ែរ​របស់​កូរ៉េ​ខាង​ជើង និង​ភាព​មិន​ច្បាស់​លាស់​នៃ​រដ្ឋបាល​ថ្មី​របស់​ក្រុង​វ៉ាស៊ីងតោន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ