អង្គការបរិស្ថានថាបទល្មើសព្រៃឈើនៅភ្នំឱរ៉ាល់បន្តកើតមានទាំងបើកចំហ

បទល្មើសព្រៃឈើនៅតំបន់ការពារឱរ៉ាល់ (ប្រភព៖ ហ៊្វេសប៉ុក)

អង្គការការពារធនធានធម្មជាតិមួយអះអាងថា បទល្មើព្រៃឈើនៅតំបន់ដែនជំរកសត្វព្រៃភ្នំឱរាល់ក្នុងខេត្តពោធិ៍សាត់កំពុងកើតមានយ៉ាងគគ្រឹកគ្រេងដោយថាមិនមានអាជ្ញាធរណាចុះទប់ស្កាត់ឡើយ។

ប្រធានអង្គការប្រឆាំងអំពើពុករលួយនិងទប់ស្កាត់ការបំផ្លាញធនធានធម្មជាតិ លោក ជា ហ៊ាន ឲ្យដឹងថា សកម្មភាពកាប់និងដឹកឈើខុសច្បាប់ចេញតំបន់ដែនជំរកសត្វព្រៃភ្នំឱរាល់ ខេត្តពោធិ៍សាត់កើតមានជារៀងថ្ងៃ ដោយ១ថ្ងៃៗមានគួរយន្តជាង​៣០​គ្រឿង​ដឹកឈើចេញពីតំបន់នោះ ទៅស្តុកនៅស្រុកថ្ពង ខេត្តកំពង់ស្ពឺ ដើម្បីដឹកឆ្លងដែនបន្តទៅប្រទេសវៀតណាម។

លោកបន្តថា បទល្មើសព្រៃនៅតែបន្តកើតមាននេះដោយសារតែមានអំពើពុករលួយរវាងជនល្មើស និងអាជ្ញា  ធរពាក់ព័ន្ធនៅតំបន់នោះ។

លោកបន្ថែមថា៖ «​ខ្ញុំសំនូមពរទៅក្រសួងបរិស្ថានចាត់វិធានការផ្លូវច្បាប់ចំពោះមន្រ្តីឧទ្យានុរក្ស និងបរិស្ថាន ទាំងឡាយណាដែលប្រព្រឹត្តអំពើល្មើសច្បាប់ក្នុងមាត្រា៦៤នៃ តំបន់ការពារធនធានធម្មជាតិ។ ហើយក៏សុំឲ្យអង្គភាពប្រឆាំងអំពើពុករលួយស៊ើបអង្កេតមន្រ្តីអាជ្ញាធរពាក់ព័ន្ធដែលទទួលសំណូកព្រៃឈើដើម្បីឈានទៅរកការ ផ្តន្ទាទោសតាមច្បាប់។បើតាមការបំភ្លឺរបស់ជនប្រព្រឹត្តបទល្មើសព្រៃឈើ គឺថាបង់លុយទៅឲ្យមន្រ្តី រដ្ឋបាលព្រៃឈើ មន្រ្តីអវុធហត្ថ និងមន្រ្តីយោធានៅតាមប៉ុសិ៍នីមួយៗក្នុង១គោយន្ត៦ម៉ឺន ៤ម៉ឺន ៣ម៉ឺន»។

បើតាមវីដេអូឃ្លីបមួយដែលប្រធានអង្គការរូបនេះចុះថតផ្ទាល់នៅថ្ងៃនេះ ឲ្យឃើញថា គោយន្តដឹកឈើប្រហែលជាង១០គ្រឿងផ្ទុកឈើមូលធំៗត្រូវបានជនល្មើសទុកចោលតម្រៀបគ្នា ក្រោយពេលដឹងមន្រ្តីអង្គការចុះទប់ស្គាត់។

វីអូឌីមិនសុំការឆ្លើយបំភ្លឺពីអភិបាលខេត្តពោធិ៍សាត់ លោក ម៉ៅ ធន្ទិន បានទេជុំវិញបញ្ហានេះ។

រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក សាយ សំអាល់ កាលពីថ្ងៃទី២៧មីនានេះ បានទទួលស្គាល់ថា ​បច្ចុប្បន្នបទល្មើស​ព្រៃឈើនិង​សត្វព្រៃឆ្លង​ដែ​នខុសច្បាប់​នៅតែបន្តកើតមានស្ទើរគ្រប់​ទីកន្លែង។

​លោក សាយ សំអាល់ បានអំពាវនាវទៅ​ស្ថាប័នមានសមត្ថកិច្ចជាតិនិងអន្តរជាតិឲ្យ​ជួយទប់ស្កាត់បទល្មើសធនធានធម្មជាតិទាំងនេះឲ្យមានប្រសិទ្ធិភាព ដោយថា កុំឲ្យបាត់បង់ធនធានធម្មជាតិដ៏កម្រនៅក្នុងតំបន់និងពិភលោក។

បាយការណ៍ឆ្នាំ២០១៧របស់អង្គការឃ្លាំមើលព្រៃឈើ Forest Trends បង្ហាញថា ការនាំឈើហុប និងឈើអារពីប្រទេសកម្ពុជាទៅប្រទេសវៀតណាមកើនឡើងគួរឲ្យកត់សម្គាល់ដោយរបាយការណ៍នេះ បញ្ជាក់ថា នៅឆ្នាំ២០១៧ឈើប្រមាណ ១៦ ៣០៧១ម៉ែត្រគូបរបស់កម្ពុជាត្រូវបាននាំចេញទៅប្រទេសវៀតណាម ពោលគឺមានកើនឡើង១៧ភាគរយលើសឆ្នាំមុន ហើយតម្លៃនៃការនាំចេញនោះបានកើនឡើង២១ភាគរយ គឺស្មើនឹងទឹកប្រាក់៤០លានដុល្លារ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ