សមត្ថកិច្ច​កំពុងតាម​ចាប់​ខ្លួន​ទាហាន​ម្នាក់​ដែល​បាន​បាញ់​រះ​ទៅ​លើអ្នក​ដឹក​ឈើនៅខេត្ត​ព្រះ​វិហារ​

សមត្ថកិច្ច​ខេត្ត​ព្រះ​វិហារ​កំពុង​តាម​ចាប់​ខ្លួន​ទាហាន​ស័ក្កិមូយ​ម្នាក់​ដែល​បាន​បាញ់ប្រហារ​ទៅ​លើ​អ្នក​ដឹក​ឈើ​ដែល​បណ្តាល​ឲ្យ​រង​របួស​ធ្ងន់​កាលពី​ចុង​សប្តាហ៍​មុន។

កាលពីថ្ងៃ​ទី​២៥​ មីនា ម៉ោងប្រមាណ​ជា៦ល្ងាច​ នៅ​ឃុំ​ស្រអែម ស្រុក​ជាំក្សាន្ត ខេត្ត​ព្រះវិហារ មាន​ហេតុ​ការ​ផ្ទុះ​អា​វុធ​បាញ់​រះចំនួន​៥គ្រាប់ពីទាហាន​ស័ក្កិ​មួយ​ម្នាក់​​​ទៅ​លើ​រថយន្ត​អ្នក​ដឹក​ឈើ​មួយ​គ្រឿង ដែល​បណ្តាយ​ឲ្យ​អ្នក​ដឹក​ឈើ​ត្រូវ​របួស​ចំកពី​មុខ​ធ្លាយ​ទៅខាង​ក្រោយ របួស​ធ្ងន់​បញ្ជូន​ទៅមន្ទីរ​ពេទ្យ។

ស្នង​ការ​នគរ​បាល​ខេត្ត​ព្រះ​វិហារលោក​​យិន ចំណាន បាន​ឲ្យ​វី​អូឌី​ដឹង​នៅ​ថ្ងៃ​នេះ​ថារហូត​មកដល់​ពេល​នេះ​សមត្ថកិច្ចមិន​ទាន់​ចាប់​ខ្លួន​ទាហាន​ស័ក្កិមួយ នៃ​​ផ្នែក​ស៊ើប​ការ​យោធា ​​លោក ផុម គីម ​បាន​នៅ​ឡើយ​ទេ ដោយ​កំពុងសហ​ការ​ជា​មួយ​កង​រាជ​អាវុធហត្ថ និង​យោធា​​ស្រាវ​ជ្រាវ​​តាមចាប់​​បន្ត​ទៀត។ លោកបន្ថែម​ថា បច្ចុប្បន្ន​ស្ថាន​ភាព​​ជន​រង​គ្រោះ​បាន​ធូរខ្លះ​ហើយ​។

លោក​ថា៖ « បើសិនជាដឹងច្បាស់ថាទៅណាយើងប្រហែលជាចាប់បានហើយ។ គាត់គេខ្លួនរបៀបថាអត់នៅក្នុងភូមិស្រុកអាចចូលព្រៃចូលអីអញ្ចឹង។ យើងបានទំនាក់ទំនងទៅខេត្តដែលនៅជិតខាងយើងហើយ(ដើម្បីតាមចាប់)​ »

ទោះ​ជា​យ៉ាង​ណាលោក​មិនទាន់​​អាច​បញ្ចាក់ពី​​មូលហេតុដែល​បណ្តាល​ឲ្យ​មាន​ការ​ផ្ទុះ​អាវុធ​នោះ​នៅ​ឡើយ​ទេ។

មន្ត្រីសម្របសម្រួលសមាគមអាដហុកប្រចាំខេត្តព្រះវិហារលោក ឡោ ចាន់ មានប្រសាសន៍ថាការប្រើប្រាស់អាវុធបាញ់ប្រហារដោយមន្ត្រីសមត្ថកិច្ចនេះជាការរំលោភសិទ្ធិមនុស្សដែលធ្ងន់ធ្ងរបំផុត ដែលចាំបាច់ត្រូវមានវិធានការឲ្យបានច្បាស់លាស់ ដើម្បីការពារឲ្យកុំមានករណីបែបនេះកើតឡើងបន្តទៀត។

លោកថា៖ « ទោះបីជាគាត់អ្នករកស៊ីឈើ អ្នកដឹកឈើ ឬមួយគាត់ជាអ្នកប្រព្រឹត្តិខុសច្បាប់ក៏ពិតមែនតែច្បាប់កម្ពុជាយើងមាន ដូច្នេះហើយ គួរណាតែចាត់វិធានការទៅតាមផ្លូវច្បាប់។ មិនគួរណាបាញ់ប្រហារគាត់ទេព្រោះគាត់គឺជាមនុស្សជិវិតមនុស្ស ចឹងហើយមិនអាចដូចជិវិតសត្វនោះឡើយ » ។

បើ​តាម​សារព័ត៌មាន​ភ្នំពេញ​ប៉ុស្តិ​ បាន​ឲ្យ​ដឹង​ថា​ មូលហេតុបណ្តាល​មក​ពី​ទាហាន​ស័ក្កិ​មួយ​រូបនោះ​តាមឃាត់​រថយន្ត​ដែល​បាន​ដឹក​ឈើ​នោះ​ហើយ​អ្នក​បើក​មិន​ព្រម​ឈប់តាមទើប​មាន​ការ​បាញ់​ប្រហារ​នេះ​កើត​ឡើង​​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ