ACUអនុញ្ញាត​ឲ្យ​ប្រធានអង្គការ​សីលការ​ត្រឡប់​ទៅវិញ ក្រោយ​ការ​សាកសួរ​

នាយិកា​អង្គការសីលការ លោកស្រី ធីតា ឃឹះ

អង្គភាពប្រឆាំងអំពើពុករលួយ(ACU)បានអនុញ្ញាតឲ្យនាយិកាអង្គការសីលការ លោកស្រី ធីតា ឃឹះ ត្រឡប់ទៅវិញ បន្ទាប់ពីសាកសួរជិត៤ម៉ោង។

នៅថ្ងៃព្រហស្បតិ៍នេះ វេលាម៉ោងម៉ោង៨ព្រឹក អង្គភាពប្រឆាំងអំពើពុករលួយបានសាកសួរ លោកស្រី ធីតា ឃឹះ ពាក់ព័ន្ធនឹងចម្លើយសារភាពរបស់កញ្ញា ខុម ចាន់តារ៉ាទី ហៅស្រីមុំ ដែលបានសារភាពថាកញ្ញាមានទំនាក់ទំនងស្នេហាជាមួយលោក កឹម សុខា អនុប្រធានគណបក្សសង្រ្គោះជាតិ។

ក្រោយបញ្ចប់ការសាកសួរនៅម៉ោងប្រមាណ១២រសៀល លោកស្រី ធីតា ឃឹះ មានប្រសាសន៍ថាប្រធានអង្គភាពប្រឆាំងអំពើពុករលួយ លោក ឱម យ៉ិនទៀង បានសាកសួរលោកស្រីថាមានទំនាក់ទំនងអ្វីនឹងករណីស្រីមុំដែរឬទេ។ លោកស្រីបញ្ជាក់ថាលោកស្រីមិនពាក់ព័ន្ធអ្វីនោះទេ ដោយគ្រាន់តែធ្លាប់បានសាកសួរស្រីមុំនូវដំណើររឿងមួយចំនួន។ លោកស្រីបញ្ជាក់ថាលោក ឱម យ៉ិនទៀង បានលើកឡើងនៅពេលសួរសំណួរថាដូចជាលោកស្រីអត់មានទាក់ទងនឹងករណីស្រីមុំនោះទេ។

កាលពីថ្ងៃពុធ អង្គភាពប្រឆាំងអំពើពុករលួយ(ACU) បានសាកសួរមន្រ្តីសមាគមសិទ្ធិមនុស្សអាដហុកចំនួន៣រូបអស់រយៈពេលជាង១៤ម៉ោង។ ការសាកសួរនោះធ្វើឡើងរហូតដល់ម៉ោងជាង១០យប់។ អង្គភាពបានអនុញ្ញាតឲ្យមន្រ្តីទាំងបីរូបត្រឡប់ទៅផ្ទះវិញនិងឲ្យមកឆ្លើយបំភ្លឺនៅថ្ងៃព្រហស្បតិ៍នេះ។

អ្នកឃ្លាំមើលសិទ្ធិមនុស្សអង្គការលីកាដូ លោក អំ សំអាត មានប្រសាសន៍ថាការសាកសួរបែបនេះជាការចំណាយពេលយូរហួសហេតុលើសពីនីតិវិធីតុលាការ។ លោកថានេះហាក់បង្ហាញពីការគំរាមកំហែងនិងបំបាក់ស្មារតីសម្រាប់មន្រ្តីការពារសិទ្ធិមនុស្ស។ លោកមានប្រសាសន៍ថា៖ “ធ្វើឲ្យពួកគាត់ធុញទ្រាន់ គាត់មានបញ្ហាស្រ្តេសច្រើន ហើយក៏មិនដឹងថាតើអាការៈសួរហ្នឹងពាក់ព័ន្ធនឹងបទល្មើសឬអត់? ប្រសិនជាអត់ទេគួរណាឲ្យគាត់ត្រឡប់ទៅវិញទៅ ហើយកាលណាការសួរយូរពេកនាំឲ្យសាធារណៈមតិយល់ថាមិនមែនជាការសួរតែជាការឃាត់ខ្លួនឃាត់អីវិញ”

មន្រ្តីអាដហុកទាំងបីនាក់នោះមានឈ្មោះថាលោក នី សុខា លោក យី សុខសាន្តនិងលោក ណៃ វ៉ងដា។ ចំណែកនៅថ្ងៃនេះ អង្គភាពបានសាកសួរមន្រ្តីអាដហុកម្នាក់ទៀត គឺលោកស្រី លឹម មុនី។ ACUកោះហៅមន្រ្តីសង្គមស៊ីវិលដើម្បីសាកសួរនេះ បន្ទាប់ពីកញ្ញា ស្រី មុំ បានសរសេរលិខិតចំហរមួយ ដោយលើកឡើងថាមន្រ្តីសង្គមស៊ីវិលមួយចំនួន រួមមានមន្រ្តីអាដហុកទាំង៥រូបដែលត្រូវបានកោះហៅ បានបង្ខំនាងឲ្យផ្តល់ចម្លើយក្លែងក្លាយនៅពេលចូលឆ្លើយបំភ្លឺនៅតុលាការ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ