លោក ហ៊ុន សែន អំពាវនាវ​ឲ្យ​ពលរដ្ឋ​ចូលរួម​ការពារ​ព្រៃឈើជាមួយ​រដ្ឋាភិបាល​

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ក្នុងពិធីសម្ពោធអគាររដ្ឋបាលថ្មីរបស់សាលារាជធានីភ្នំពេញ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃព្រហស្បតិ៍នេះ បានអំពាវនាវឲ្យប្រជាពលរដ្ឋចូលរួមការពារព្រៃឈើជាមួយរដ្ឋាភិបាល ដោយលោកបញ្ជាក់ថារដ្ឋាភិបាលនិងប្រជាពលរដ្ឋមានគោលដៅតែមួយក្នុងការការពារព្រៃឈើ។

ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតនៃសាកលវិទ្យាល័យធនធានមនុស្ស លោក ហ៊ុន សែន បានថ្លែងថាលោកបានប្រាប់ទៅរដ្ឋមន្រ្តីក្រសួងបរិស្ថានថាឲ្យប្រាប់ទៅប្រជាពលរដ្ឋចូលរួមជួយការពារព្រៃឈើជាមួយរដ្ឋាភិបាល។ លោកមានប្រសាសន៍ថា៖ “រាជរដ្ឋាភិបាលក៏ត្រូវការពារព្រៃឈើដែរ ប្រជាជនក៏ចង់ការពារព្រៃឈើ ដើមឈើហ្នឹងដែរ បើអញ្ចឹងវាទៅគោលដៅរួមហើយ គ្មានការបែងចែកថាអ្នកនេះពួកបរិស្ថាន អ្នកនេះពួកកាប់ឈើតទៅទៀតទេ។ ទាំងអស់គ្នា ទាំងរាជរដ្ឋាភិបាលឃើញពួកកាប់ឈើអនាធិបតេយ្យក៏ត្រូវចាប់ ប្រជាពលរដ្ឋក៏ត្រូវចូលរួមចំណែក ទោះបីខ្លួនមិនមែនជានគរបាលយុត្តិធម៌ ក៏ត្រូវរាយការណ៍ឬក៏ធ្វើសកម្មភាពណាមួយទប់ស្កាត់ ដើម្បីកុំឲ្យមានការបំផ្លាញព្រៃឈើ”

លោក ហ៊ុន សែន ក៏បានថ្លែងកុំឲ្យក្រុមណាមួយឆ្លៀតឱកាសកេងចំណេញនយោបាយ ដោយសារភាពរាំងស្ងួតនៅកម្ពុជា ដោយចាត់ទុកថាអ្នកឆ្លៀតឱកាសទាំងនោះជាក្រុម”និយមឃោសនាបោកប្រាស់”។ លោកថាភាពរាំងស្ងួតដែលកំពុងកើតឡើងនៅកម្ពុជានេះជាបាតុភូតធម្មជាតិហើយប្រទេសដទៃក៏កំពុងជួបប្រទះផងដែរ។ លោកថានេះជាបញ្ហាក្នុងតំបន់ទាំងមូលមិនមែនកើតឡើងតែនៅកម្ពុជានោះទេ។

លោក ហ៊ុន សែន បានបញ្ជាក់ថា៖ “សូមកុំឆ្លៀតកេងចំណេញនយោបាយលើបញ្ហាភាពរាំងស្ងួតនៅប្រទេសកម្ពុជា”។ លោកស្នើកុំឲ្យមានការលើកឡើងថា៖ អាទឹកជំនន់ វាថាមកកាប់ឈើ អារាំងស្ងួត វាថាមកពីកាប់ឈើ”។

ការថ្លែងរបស់នាយករដ្ឋមន្រ្តីស្របពេលដែលរដ្ឋាភិបាលសម្រេចដាក់ផ្ទៃដីជិត១លានហិកតានៃតំបន់ព្រៃឡង់ ក្រវាញខាងត្បូង ព្រៃរកា ព្រៃសៀមប៉ាងខាងលិចនិងព្រៃវ៉ឺនសៃជាតំបន់ការពារធម្មជាតិ។

អង្គការសមាគមការពារបរិស្ថាននិងសត្វព្រៃមួយចំនួនបានចេញសេចក្តីថ្លែងការណ៍មួយបង្ហាញជំហរគាំទ្រចំពោះចំណាត់ការរបស់រដ្ឋាភិបាល។

កន្លងទៅ តំណាងបណ្ដាញសហគមន៍ព្រៃឡង់មកពី៤ខេត្តធ្លាប់បានស្នើឲ្យរដ្ឋាភិបាលដាក់ពួកគេឲ្យចូលរួមការពារតំបន់ព្រៃឡង់ជាមួយអាជ្ញាធរនិងសា្ថប័នពាក់ព័ន្ធដើម្បីជួយទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើនៅតំបន់នោះ។

កាលពីថ្ងៃទី១៨ ខែមេសា ប្រធានក្រុមកិច្ចការពិសេសសិទ្ធិមនុស្សកម្ពុជា(CHRTF) លោក អ៊ូច ឡេងនិងជាសកម្មជនព្រៃឈើម្នាក់ដែលបានចំណាយពេលជាង២០ឆ្នាំក្នុងការការពារព្រៃឈើ បានទទួលពានរង្វាន់វីរជនបរិស្ថាន(Goldman Environmental Award Prize)ក្នុងរដ្ឋសាន់ហ្រ្វាន់ស៊ីស្កូ សហរដ្ឋអាមេរិក។

លោក អ៊ូច ឡេង មានប្រសាសន៍ថារដ្ឋាភិបាលខ្វះឆន្ទៈក្នុងការការពារព្រៃឈើ។ លោកបន្តថាសកម្មជនការពារបរិស្ថានត្រូវបានរដ្ឋាភិបាលចាត់ទុកជាសត្រូវប្រឆាំងនឹងរដ្ឋាភិបាល។

គួររំឮកថា លោក អ៊ូច ឡេង ធ្លាប់បានចេញរបាយការណ៍មួយដោយបង្ហាញថាក្រុមហ៊ុនរបស់លោកឧកញ៉ា ទ្រី ភាព ដែលមានទំនាក់ទំនងស្និទ្ធជាមួយលោកនាយករដ្ឋមន្ត្រី ទទួលបានដីសម្បទានសេដ្ឋកិច្ចជិត៧ម៉ឺនហិកតា តាមរយៈការបំបែកជាក្រុមហ៊ុនតូចៗចំនួន១៥ ពីរដ្ឋាភិបាលហើយបាននិងកំពុងរកស៊ីដឹកជញ្ជូនឈើខុសច្បាប់ ទៅលក់នៅប្រទេសវៀតណាមឬចិន។ របាយការណ៍អះអាងថាក្រុមហ៊ុន  ទ្រី ភាព បានធ្វើអាជីវកម្មកាប់ឈើនិងដឹកជញ្ជូនឈើប្រណីតនៅគ្រប់តំបន់ព្រៃឈើទូទាំងប្រទេសកម្ពុជា ដោយសារក្រុមហ៊ុននេះមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយមន្ត្រីរដ្ឋាភិបាល និងមានសម្ព័ន្ធមេត្រីភាព ជាមួយកម្លាំងប្រដាប់អាវុធ មន្ត្រីបរិស្ថាន មន្ត្រីរដ្ឋបាលព្រៃឈើ មន្ត្រីអភិរក្ស ក្រសួងឧស្សាហកម្ម ក្រសួង កសិកម្ម និងក្រុមហ៊ុន ភាពីម៉ិច តាមរយៈកិច្ចព្រមព្រៀងស្តីពីការចងសម្ព័ន្ធមេត្រីភាពរវាងក្រុមហ៊ុនមន្ត្រីរដ្ឋាភិបាលនិងកងកម្លាំងប្រដាប់អាវុធចុះថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១០។

របាយការណ៍របស់លោក អ៊ូច ឡេង ក៏បានបញ្ជាក់ថាឧកញ៉ា ទ្រី ភាព បានចំណាយលុយប្រចាំខែ១លានដុល្លារបង់ឲ្យក្រុមគ្រួសារលោក នាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីដឹកឈើពីស្រុកខ្មែរទៅលក់នៅប្រទេសវៀតណាមឬចិន។ ប៉ុន្តែអ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ធ្លាប់ចាត់ទុករបាយការណ៍នេះថាមិនមានមូលដ្ឋានស៊ើបអង្កេតច្បាស់លាស់។ លោកថាបើសាម៉ីខ្លួននៃរបាយការណ៍ មានភស្តុតាងគ្រប់គ្រាន់ គប្បីដាក់ពាក្យបណ្តឹងទៅកាន់តុលាការ ដើម្បីការពារផលប្រយោជន៍សាធារណៈនិងចាត់វិធានការតាមច្បាប់តែម្តង។ ក្រសួងកសិកម្មក៏បានបដិសេធរបាយការណ៍នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ