កម្លាំងអាវុធហត្ថ​តាមចាប់មេក្លោងធំ ក្នុងសំណុំរឿងគ្រឿងញៀនបាញ់ស្លាប់មន្រ្តីអាវុធហត្ថ

រូបថតព្រីនស្រ្គីនពីវីដេអូកងរាជអាវុធហត្ថពេលចុះ​បង្រ្កាប

កម្លាំងកងរាជអាវុធហត្ថបន្តស៊ើបអង្កេតតាមច្បាប់មេក្លោងធំគ្រឿងញៀន ករណីការបង្ក្រាបក្រុមជួញដូរគ្រឿងញៀនដ៏ធំមួយ ដោយសារមានការបាញ់តដៃគ្នារាប់រយគ្រាប់ រហូតបណ្តាលឲ្យមន្រ្តីកងរាជអាវុធហត្ថម្នាក់ត្រូវបានជនល្មើសបាញ់ស្លាប់។

នៅលើទំព័រហ្វេសប៊ុកផ្លូវការ កងរាជអាវុធហត្ថរាជធានីភ្នំពេញបានបង្ហោះនៅព្រឹកថ្ងៃព្រហស្បតិ៍នេះថា ដំបូងឡើយ កម្លាំងជំនាញការិយាល័យបទល្មើសគ្រឿងញៀនចាប់បានជនល្មើសជួញដូរគ្រឿងញៀនម្នាក់ ឈ្មោះលី វីរៈ អាយុ៣៧ឆ្នាំ នៅម្តុំបឹងឈូកទល់មុខពេទ្យលោកសង្ឃនិងដកហូតថ្នាំញៀនបាន២០៦គ្រាប់។ កងរាជអាវុធហត្ថបន្តថាជនល្មើសបានរាយការណ៍ថាមេក្លោងធំរស់នៅផ្ទះលេខ៣៧ ផ្លូវលេខ៣៥១ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក ទើបកម្លាំងសមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញបានចុះទៅបង្ក្រាប។

អាវុធហត្ថបញ្ជាក់ថា៖ “ពេលទៅដល់ផ្ទះជនល្មើសដែលមានពីរជាន់(ថ្មក្រោម ឈើលាយថ្មខាងលើ) សមត្ថកិច្ចអាវុធហត្ថក៏សំរុកចូលដល់ក្នុងផ្ទះជាន់ខាងក្រោម ឃាត់ខ្លួនជនសង្ស័យបាន៣នាក់និងបន្តឡើងទៅជាន់លើឃាត់ខ្លួនបានបក្សពួកវាម្នាក់ទៀត ភ្លាមៗនោះជនល្មើស ដែលជាមេក្លោងធំរបស់ពួកវាបានចេញមកបាញ់ប្រហារលើកម្លាំងសមត្ថកិច្ចបណ្តាលឲ្យអាវុធហត្ថម្នាក់ត្រូវ១គ្រាប់ ហើយសមត្ថកិច្ចអាវុធហត្ថបានបាញ់តបត ដើម្បីរំដោះអ្នករបួសយកទៅមន្ទីរពេទ្យ តែជាអកុសលត្រូវបានពលីពេលបញ្ជូនដល់មន្ទីរពេទ្យកាល់ម៉ែត”

មន្រ្តីអាវុធហត្ថដែលស្លាប់នោះមានឈ្មោះថា ទៀន ករុណា ជានាយរងការិយាល័យបទល្មើសគ្រឿងញៀនកងរាជអាវុធហត្ថរាជធានីភ្នំពេញ។ អាវុធហត្ថឲ្យដឹងទៀតថាផ្ទះរបស់ជនល្មើសបំពាក់ដោយកាមេរ៉ាសុវត្ថិភាពគ្រប់ទីកន្លែង ធ្វើឲ្យកម្លាំងប្រតិបត្តិការមិនអាចចូលទៅក្នុងផ្ទះបាន ហើយជនល្មើសបានបាញ់សង្គ្រប់មកលើសមត្ថកិច្ចជាបន្តបន្ទាប់ជាង៥០គ្រាប់។ បើតាមព័ត៌មានលើហ្វេសប៊ុក លោក រ័ត្ន ស្រ៊ាង មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជាឲ្យកម្លាំងរបស់លោកបាញ់កម្ទេចកាមេរ៉ាចោលមួយចំនួននិងសម្រុកចូលទៅបាញ់ប្រហារតបតជាមួយជនល្មើសដែលជាមេក្លោងធំនោះ បណ្តាលឲ្យស្លាប់។

ក្នុងប្រតិបត្តិការសម្រុកចូលនោះ ជនល្មើសបានបាញ់ប្រហារត្រូវកម្លាំងអាវុធហត្ថ២នាក់ទៀតផងដែរគឺម្នាក់ត្រូវដើមទ្រូង តែបានអាវក្រោះការពារដោយក្បាលគ្រាប់បៀមជាប់អាវក្រោះនិងម្នាក់ទៀតត្រូវចំភ្លៅឆ្វេង តែបានទូរស័ព្ទIphoneពីរគ្រឿង នៅក្នុងហោប៉ាវខោជួយទប់គ្រាប់។

អាវុធហត្ថឲ្យដឹងទៀតថា៖ “ពេលសមត្ថកិច្ចចូលទៅឆែកឆេរក្នុងបន្ទប់របស់ជនល្មើស រកឃើញថាជននោះបានចាក់គ្រឿងញៀនចោល បង្ហូរចូលទៅក្នុងបង្គន់ទាំងអស់ ដែលធ្វើឲ្យសមត្ថកិច្ចប្រមូលបានតែកម្ទេចកំទីថ្នាំញៀនមួយចំនួនដែលធ្វើវាឲ្យកំពប់ក្រៅបង្គន់ប៉ុណ្ណោះ”។ អាវុធហត្ថបញ្ជាក់ថាជនល្មើសបានដុតបំផ្លាញឯកសារពាក់ព័ន្ធមួយចំនួនផងដែរ ដែលធ្វើឲ្យសមត្ថកិច្ចអាវុធហត្ថមិនទាន់អាចកំណត់អត្តសញ្ញាណមេក្លោងធំនេះបាននៅឡើយ។

ក្រោយប្រតិបត្តិការអស់ប្រហែលជាង២ម៉ោង សមត្ថកិច្ចអាវុធហត្ថឃាត់ខ្លួនជនល្មើសសរុបបាន៥នាក់ បាញ់ស្លាប់១នាក់ ដកហូតបានអាវុធបាន៦ដើម(អាវុធខ្លី៥ដើម អាវុធវែងAK១ដើម) រថយន្ត២គ្រឿងគឺLuxus RX300 មួយគ្រឿងនិងរថយន្តAudiQ7 មួយគ្រឿង ម៉ូតូ០៤គ្រឿង។

វីអូឌីមិនទាន់អាចសុំការបកស្រាយពីអ្នកនាំពាក្យកងរាជអាវុធហត្ថ លោក អេង ហ៊ី បាននៅឡើយទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ