ពលរដ្ឋជាង១០០០គ្រួសារនៅខេត្តត្បូងឃ្មុំស្នើរដ្ឋសភានិងរដ្ឋាភិបាលទប់ស្កាត់ការបណ្តេញចេញ

អ្នកមានជម្លោះដីធ្លីប្រមាណ៧០០នាក់ តំណាងឲ្យជាង១០០០គ្រួសារ មកពីខេត្តត្បូងឃ្មុំ បានរកអន្តរា​គមន៍ពី​រដ្ឋ​សភានិ​ងរ​ដ្ឋា​ភិបា​ល (ដោយ ញឹម សុខន​​)

អ្នកមានជម្លោះដីធ្លីប្រមាណ៧០០នាក់ តំណាងឲ្យជាង១០០០គ្រួសារ មកពីខេត្តត្បូងឃ្មុំ បានរកអន្តរាគមន៍ពីរដ្ឋសភានិងរដ្ឋាភិបាល ឲ្យចេញប័ណ្ណកម្មសិទ្ធិជូនពួកគេ ដោយអះអាងថាដើម្បីទប់ស្កាត់កុំឲ្យមានការបណ្តេញចេញពីសំណាក់ក្រុមហ៊ុននិងមន្ត្រីខិលខូច។

ក្រុមអ្នកតវ៉ាមកពីស្រុកតំបែនិងស្រុកមេមត់ ពួកគេបានបានដាក់ញត្តិតនៅរដ្ឋសភា ខុទ្ធកាល័យនាយករដ្ឋមន្ត្រី អង្គភាពប្រឆាំងអំពើពុករលួយ និងក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់។

ប្រាប់អ្នកសារព័ត៌មានមុនដាក់ញត្តិទៅរដ្ឋសភា តំណាងអ្នកតវ៉ាមកពីឃុំជាំគ្រវៀន លោក កាន ឈាង អាយុ៣៦ឆ្នាំ អះអាងថាកន្លងទៅពួកគេជាង២៥០គ្រួសារធ្លាប់មានជម្លោះជាមួយក្រុមហ៊ុន ម៉ែន សារុន លើទំហំដីជាង១ពាន់ហិកតា។ លោកថា ក្រោយពីមានការតវ៉ាអាជ្ញាធរបានចុះវាស់វែងដីជូនពលរដ្ឋ។

ប៉ុន្តែលោក កាន ឈាង អះអាងថានៅពេលដែលពួកគេមិនទាន់បានប្លង់កាន់កាប់នោះ លោកថាទាហានមួយក្រុមដែលលោកចោទថាដឹកនាំដោយនាយកប្រតិបត្តិក្រុមហ៊ុន KVSB លោក ទេព ប៊ុនឈឿន បានចុះមកដុតរោងចាំចំការរបស់អ្នកភូមិ រួចគំរាមរឹបអូសយកដីពួកគេ។

លោកថា៖ “គាត់ចាប់ផ្តើមដុតខ្ទមប្រជាពលរដ្ឋហ្នឹងតាំងពីថ្ងៃទី៩ខែមេសា គាត់ដុតដំបូងអស់៣ខ្ទម ហើយគាត់ថានិងដុតបំផ្លាញបន្ថែមទៀតដល់ឱកាសចូលឆ្នាំថ្មីហ្នឹងពលរដ្ឋរវល់មកចូលឆ្នាំ ដុតថែមអស់៤ខ្ទមទៀតខូចខាតអស់៧ខ្ទម។ ជាក់ស្តែងដូចជាថ្ងៃទី២០ដែលពួកខ្ញុំបានទៅ គាត់បានដើរវាស់ដីនៅតែបណ្តោលរបស់ពលរដ្ឋហ្នឹងបន្ថែមទៀត ខ្ញុំសួរទៅគាត់ថា វាស់រៀបជាឡូត៍ជាភូមិ ប៉ុន្តែរៀបចំលើដីពលរដ្ឋហ្នឹង”។

លោក កាន ឈាង ទទូចឲ្យរដ្ឋសភានិងរដ្ឋាភិបាលចេញអន្តរាគមន៍ទប់ស្កាត់ករណីនេះបន្ទាន់ ដែលលោកបារម្មថាខ្លាចអ្នករងគ្រោះច្រើនរយគ្រួសារនោះអស់ការអត់ធ្មត់អាចមានហិង្សាកើតឡើង។

លោកថា៖ “ខ្ញុំគិតថាបើរឿងនេះនៅតែបន្ត បញ្ហាប្រឈមខ្លាំង បើសិនជារដ្ឋាភិបាលមិនគិតគូហើយមិនមានដំណោះស្រាយ គឺខ្ញុំខ្លាចពលរដ្ឋគាត់អត់ធ្មត់លែងបាននឹងផ្ទុះហិង្សាកើតឡើង ពីព្រោះរបស់ដែលយើងកំពុងតែរស់រានលើហ្នឹង អាស្រ័យផលលើហ្នឹង ហើយមានអ្នកផ្សេងគឺលំបាកខ្លាំងណាស់ ខ្លាចតែគាត់អត់ធ្មត់លែងបាន អត់មានដំណោះស្រាយ ហើយគាត់តបតទៅវិញ អាហ្នឹងគឺមានបញ្ហាកើតឡើង អញ្ចឹងហើយបានពួកខ្ញុំមកថ្ងៃនេះទទូចស្នើសុំឲ្យរដ្ឋាភិបាលលោកពិនិត្យជួយមើលឃុំទន្លូងនិងឃុំជាំក្រវៀនហ្នឹងផង”។

តំណាសហគមន៍នៅឃុំទន្លូងលោក ផុន សុផល អះអាងប្រហាក់ប្រហែលគ្នាថាពួកគាត់៣១២គ្រួសារកំពុងប្រឈមនឹងការបាត់ដីទំហំជាង១០០០ហិកតាពីសំណាក់មន្ត្រីយោធានោះដូចសហគមន៍នៅឃុំជាំគ្រវៀនដែរ។

តំណាងអ្នកតវ៉ាម្នាក់ទៀតគឺអ្នកស្រី អ៊ុន ស៊ូចេង ឲ្យអ្នកសារព័ត៌មានដឹងមុនដាក់ញត្តិទៅក្រសួងរៀបចំដែនដីថាពួកគាត់៥២៤គ្រួសារនៅភូមិខ្នងក្រពើខាងលិចនិងខ្នងក្រពើខាងកើត ឃុំទ្រមូង ខេត្តត្បូងឃ្មុំ កំពុងប្រឈមនឹងការបណ្តេញចេញពីសំណាក់ក្រុមហ៊ុនចំការកៅស៊ូមេមត់។

អ្នកស្រី អ៊ុន ស៊ូចេង ជំរុញឲ្យរដ្ឋាភិបាលពន្លឿនចេញប័ណ្ណកម្មសិទ្ធិជូនអ្នកភូមិ ដើម្បីទប់ស្កាត់ការបណ្តេញចេញនិងចំណាកស្រុករបស់អ្នកភូមិ។ អ្នកស្រីថា៖ “ព្រោះសព្វថ្ងៃនេះក្រុមហ៊ុនគេមាននីតិវិធី ហើយពេលដែលពលរដ្ឋចង់សាងសង់លំនៅឋាន ឬជួសជុលលំនៅឋាន គាត់ឲ្យពលរដ្ឋធ្វើលិខិតសុំអនុញ្ញាតិពីគាត់និងសុំខ្ចីដីពីគាត់ កន្លែងហ្នឹងដែលពលរដ្ឋទាំងអស់ត្រូវយល់ថាប្រឈមនឹងការរឹបអូសយកនិងការបាត់បង់ អញ្ចឹងបានជាទាមទារឲ្យបានកម្មសិទ្ធិស្របច្បាប់ដើម្បីជាការទប់ស្កាត់និងបំបាត់ភាពក្រីក្រ”។

នាយកប្រតិបត្តិក្រុមហ៊ុន KVSB លោក ទេព ប៊ុនឈឿន អះអាងថាការដុតនោះមិនជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនលោកទេ។ ប៉ុន្តែលោកបានការពារថា អ្នកតវ៉ាទាំងនោះបានមករំលោភយកដីនាយទាហាននៅក្រសួងការពារជាតិ លោក ហេង សាវឿន ដែលលោកថាលោក ហេង សាវឿន ទទួលបានដីជាង៤ពាន់ហិកតាពីក្រុមហ៊ុន ម៉ែន សារុន នៅតំបន់នោះ ដោយស្របច្បាប់។

លោកបន្តថា៖បាទ! លោក ហេង សាវឿន គាត់ខឹងមកជេរ(អ្នកភូមិជេរ)ប្រមាថគាត់ មកដាំនៅលើដីគាត់ ហើយមករករឿងគាត់ ទាញកាំបិតពូថៅមករករឿងគាត់ ដល់អញ្ចឹងទៅគាត់ខឹងគាត់បញ្ជាឲ្យកូនចៅគាត់ដុតខ្ទមហ្នឹងចោលទៅ ខ្ទមអាណាធិបតេយ្យហ្នឹងមាននរណាអនុញ្ញាតិឲ្យគាត់ធ្វើនៅហ្នឹង

មន្ត្រីឃ្លាំមើលការរំលោភសិទ្ធិមនុស្សនៅអង្គការលីកាដូប្រចាំខេត្តកំពង់ចាម លោក ប៊ូ វីរៈ អះអាងថាជម្លោះដីដែលអូសបន្លាយនៅតំបន់នោះជាប់ពាក់ព័ន្ធនឹងមន្ត្រីមានអំណាច ដែរលោកថាអាជ្ញាធរថ្នាក់ក្រោមជាតិពិបាកដោះស្រាយ។

មន្ត្រីសង្គមស៊ីវិលរូបនោះជំរុញឲ្យស្ថាប័នជំនាញថ្នាក់ជាតិនិងនាយករដ្ឋមន្ត្រីត្រូវជំរុញករណីនេះឲ្យពលរដ្ឋមានប័ណ្ណកម្មសិទ្ធិ ដែលលោកថាដើម្បីធានាថាកសិករមិនត្រូវបានគេរំលោភយកដីដែលបានកាន់កាប់យូរមកហើយនោះ។

ទោះជាយ៉ាងណាតំណាងអ្នកភូមិអះអាងថា មន្ត្រីនៅក្រសួងរៀបចំដែនដីបានសន្យាថានឹងបញ្ជូនមន្ត្រីជំនាញទៅសិក្សាដល់តំបន់ដីជម្លោះ ដើម្បីស្វែងរកដំណោះស្រាយ។ ប៉ុន្តែអ្នកតវ៉ានៅមានជំនឿតិចតួចនៅឡើយ ហើយពួកគេព្រមានថានឹងឡើងមករាជធានីភ្នំពេញម្តងទៀតបើកាសន្យានោះគ្មានប្រសិទ្ធិភាព៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ