សង្គមស៊ីវិល​ចាត់ទុកដំណើរ​ការ​សាកសួរ​​របស់ACUលើ​មន្រ្តី​អាដហុក​ខុសនីតិវិធី​

សង្គមស៊ីវិលមួយចំនួនចាត់ទុកដំណើរការសាកសួររបស់អង្គភាពប្រឆាំងអំពើពុករលួយ(ACU)លើមន្រ្តីការពារសិទ្ធិមនុស្សអាដហុក ខុសនីតិវិធីនិងថាការសាកសួររហូតដល់ម៉ោងយប់ជាការបំបាក់ស្មារតីមួយ។

កាលពីថ្ងៃពុធ អង្គភាពប្រឆាំងអំពើពុករលួយ(ACU) បានសាកសួរមន្រ្តីសមាគមសិទ្ធិមនុស្សអាដហុកចំនួន៣រូបអស់រយៈពេលជាង១៤ម៉ោង ទាក់ទងនឹងចម្លើយសារភាពរបស់កញ្ញាខុម ចាន់តារ៉ាទី ហៅស្រីមុំ។ ការសាកសួរនោះធ្វើឡើងរហូតដល់ម៉ោងជាង១០យប់។ មន្រ្តីអង្កេតជាន់ខ្ពស់នៃសមាគមអាដហុក លោក នី សុខា ប្រធានផ្នែកស៊ើបអង្កេតនៃសមាគម បានចូលបំភ្លឺនៅម៉ោង៨ព្រឹក លោក យី សុខសាន្ត អនុប្រធានផ្នែកស៊ើបអង្កេតនៃសមាគម ចូលបំភ្លឺនៅម៉ោង២រសៀលនិងលោក ណៃ វ៉ងដា អនុប្រធានផ្នែកស៊ើបអង្កេត ចូលបំភ្លឺនៅម៉ោង៣រសៀល។ អង្គភាពបានអនុញ្ញាតឲ្យមន្រ្តីទាំងបីរូបត្រឡប់ទៅផ្ទះវិញនិងឲ្យមកឆ្លើយបំភ្លឺនៅថ្ងៃព្រហស្បតិ៍នេះបន្តទៀត។

អ្នកឃ្លាំមើលសិទ្ធិមនុស្សអង្គការលីកាដូ លោក អំ សំអាត មានប្រសាសន៍ថាការសាកសួរបែបនេះជាការចំណាយពេលយូរហួសហេតុលើសពីនីតិវិធីតុលាការ។ លោកថានេះហាក់បង្ហាញពីការគំរាមកំហែងនិងបំបាក់ស្មារតីសម្រាប់មន្រ្តីការពារសិទ្ធិមនុស្ស។ លោកមានប្រសាសន៍ថា៖ “ធ្វើឲ្យពួកគាត់ធុញទ្រាន់ គាត់មានបញ្ហាស្រ្តេសច្រើន ហើយក៏មិនដឹងថាតើអាការៈសួរហ្នឹងពាក់ព័ន្ធនឹងបទល្មើសឬអត់? ប្រសិនជាអត់ទេគួរណាឲ្យគាត់ត្រឡប់ទៅវិញទៅ ហើយកាលណាការសួរយូរពេកនាំឲ្យសាធារណៈមតិយល់ថាមិនមែនជាការសួរតែជាការឃាត់ខ្លួនឃាត់អីវិញ”។

នាយកប្រតិបត្តិមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោកស្រី ចក់ សុភាព មានប្រសាសន៍ថាការសាកសួររបស់អង្គភាពប្រឆាំងអំពើពុករលួយគឺមានភាពមិនប្រក្រតីតាំងពីដំបូង។ លោកស្រីបន្តថាអង្គភាពកំពុងធ្វើខុសនីតិវិធីនៃការសាកសួរ ដោយសារការសួរនេះហួសពីម៉ោងការងាររដ្ឋបាល។ លោកស្រីមានប្រសាសន៍ថា៖ “មើលទៅហាក់ដូចជាសញ្ញាណនៃការគំរាមកំហែងលើសិទ្ធិរបស់មន្រ្តីសិទ្ធិមនុស្ស ដោយសារពាក់ព័ន្ធនឹងលទ្ធភាពនៃការធ្វើការ ហើយបើយើងធ្វើការហួសម៉ោងកម្រិតពេកវាអាចនឹងធ្វើឲ្យប៉ះពាល់ដល់កម្រិតនៃការឆ្លើយតបរបស់អ្នកដែលត្រូវគេសួរ”។

នាយកប្រតិបត្តិសមាគមធាងត្នោត លោក អ៊ី សារ៉ុម យល់ថាការកោះហៅនេះមិនមានមេធាវី ដូច្នេះនីតិវិធីក្នុងស្ថាប័ននេះមានភាពមិនប្រក្រតីនៃការសាកសួរ។ លោកបន្តថាការសាកសួរអូសបន្លាយពេលវេលាហួសហេតុ ដោយលោកចាត់ទុកជារំលោភលើសិទ្ធិបុគ្គល។ លោកមានប្រសាសន៍ថា៖ “វាជាមន្ទិលសង្ស័យរបស់ពួកយើង ហើយមានភាពមិនច្បាស់លាស់និងមើលឃើញកាន់តែច្បាស់ហើយថាជាការរំលោភសិទ្ធិមនុស្ស ដែលមិនបង្ហាញតម្លាភាពនៃការសាកសួរ ហើយគួរផ្តល់ដំណឹងនៃការកើតឡើងនៅខាងក្នុងជាជាងការសួររាប់ម៉ោង”

វីអូឌីមិនទាន់អាចសុំការឆ្លើយតបពីប្រធានអង្គភាពប្រឆាំងអំពើពុករលួយ លោក ឱម យ៉ិនទៀង បាននៅឡើយទេ។

នៅថ្ងៃព្រហស្បតិ៍នេះ អង្គភាពកំពុងបន្តសាកសួរមន្រ្តីអាដហុកទាំងបីរូបដដែលនិងមន្រ្តីអាដហុកម្នាក់ទៀតគឺ លោកស្រី លឹម មុនី ព្រមទាំងនាយិការអង្គការសីលកា លោកស្រី ធីតា ឃឹះ។ ការកោះហៅរបស់ACUគឺដើម្បីស្តាប់ចម្លើយពាក់ព័ន្ធនឹងការណែនាំឲ្យកញ្ញាស្រីមុំ ផ្តល់ចម្លើយដល់អាជ្ញាធរមានសមត្ថកិច្ច។

ACUកោះហៅមន្រ្តីសង្គមស៊ីវិលដើម្បីសាកសួរបន្ទាប់ពីកញ្ញា ស្រី មុំ បានសរសេរលិខិតចំហរមួយ ដោយលើកឡើងថាមន្រ្តីសង្គមស៊ីវិលមួយចំនួន រួមមានមន្រ្តីអាដហុកទាំង៥រូបដែលត្រូវបានកោះហៅ បានបង្ខំនាងឲ្យផ្តល់ចម្លើយក្លែងក្លាយនៅពេលចូលឆ្លើយបំភ្លឺនៅតុលាការ។

កាលពីថ្ងៃអង្គារ ប្រធានសមាគមសិទ្ធិមនុស្សអាដហុក លោក ធន សារាយ លើកឡើងថាការផ្តល់លុយឲ្យកញ្ញា ខុម ចាន់តារ៉ាទី ហៅស្រីមុំ ក្នុងពេលផ្តល់សេវាការពារសិទ្ធិមនុស្ស មិនជាប់ពាក់ព័ន្ធនឹងអំពើពុករលួយនោះទេ។ ប្រធានសមាគមអាដហុកឲ្យដឹងទៀតថាសមាគមបានផ្តល់ប្រាក់ចំនួន២០៤ដុល្លារសម្រាប់ការធ្វើដំណើរ តាមការស្នើសុំរបស់ស្រីមុំដែលថានាងជួបការលំបាកក្នុងជីវភាព។ លោកបញ្ជាក់ថាបុគ្គលិកសមាគមមិនបានប្រព្រឹត្តអំពើពុករលួយ ហើយលោកដាក់ការងឿងឆ្ងល់ថាតើហេតុអ្វីបានជាអង្គភាពប្រឆាំងអំពើពុករលួយកោះហៅបុគ្គលិកសមាគម។ លោកមានប្រសាសន៍ថា៖ “សួរថាតើករណីនៃការឲ្យលុយនេះជារឿងអំពើពុករលួយទេ? ចឹងហើយបានជាយើងនាំគ្នាឆ្ងល់ថាហេតុអីបានជាករណីនេះបែរទៅជាអង្គភាពប្រឆាំងអំពើពុករលួយកោះអញ្ជើញបុគ្គលិកយើងខ្ញុំទៅសាកសួរពីរឿងហ្នឹង? ពីព្រោះថាបើតាមខ្ញុំបានដឹងដោយល្ងង់ខ្លៅ គឺអង្គភាពអំពើពុករលួយគឺគាត់ធ្វើតែអង្កេតរឿងបញ្ហាអំពើពុករលួយ លួចប្រាក់ជាតិ លួចអីទេអីទេ ចំណែករឿងនេះយើងអត់មានបានប្រព្រឹត្តអំពើពុករលួយអីសោះ ចុះហេតុអីបានជារឿងនេះវាទៅជាឥចឹងទៅវិញ យើងមានការឆ្ងល់តែប៉ុណ្ណឹងទេ”

លោក ធន សារាយ បញ្ជាក់ថាអ្វីដែលបុគ្គលិកសមាគមផ្តល់ប្រឹក្សាច្បាប់គឺធ្វើតាមចម្លើយរបស់កញ្ញាស្រីមុំ។ លោកបញ្ជាក់ថាកញ្ញាស្រីមុំបានប្រាប់ទៅតុលាការនូវការពិតមួយទៀត ដែលខុសពីការពិតមួយដែលនាងប្រាប់ទៅសមាគមកាលពីដំបូងឡើយ។ លោកបន្ថែមថាសមាគមមានភស្តុតាងគ្រប់គ្រាន់ដែលអាចបញ្ជាក់ថាបុគ្គលិកសមាគមមិនបានបង្ខិតបង្ខំឲ្យនាងនិយាយកុហកទៅតុលាការ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ