បទយកការណ៍៖ ស្ត្រីនិងកុមារី​ប្រកបរបរចល័តតាមហាងព្រួយបារម្ភពីសុវត្ថិភាព

ភោជនីយដ្ឋាននិង​ហាងលក់គ្រឿងខ្លែម ស្រាបៀរ និង​ស៊ុប មួយនៅក្នុង​រាជធានីភ្នំពេញ​

ប៉ុន្មានឆ្នាំចុងក្រោយនេះ គេកត់សំគាល់ថាអ្នកធ្វើជំនួញមួយចំនួនបានបើកភោជនីយដ្ឋាននិងហាងលក់គ្រឿងខ្លែម ស្រាបៀរ និងស៊ុប នៅក្នុងរាជធានីភ្នំពេញយ៉ាងច្រើកកុះករ។

ទន្ទឹមនឹងការរីកចម្រើននេះ គេសង្កេតឃើញថាមានក្រុមអ្នកលក់ដូរចល័តជាពិសេសស្ត្រីនិងកុមារីក៏មានច្រើនផងដែរ។ ពួកគេបានទូលឬកណ្តៀតកញ្ច្រែងនៅនឹងចង្កេះ ដើរសួររកអ្នកទិញនៅក្នុងភោជនីយដ្ឋាននិងហាងភាគច្រើនចាប់ពីម៉ោង៥ល្ងាចរហូតដល់ម៉ោង១១យប់។

នៅពេលអ្នកសារព័ត៌មាន VOD ចុះសាកសួរក្រុមអ្នកលក់ដូរចល័តទំាងនោះ ពួកគេលើកឡើងប្រហាក់ប្រហែលគ្នាថាការប្រកបមុខរបរនៅពេលយប់ធ្វើឲ្យពួកគេព្រួយបារម្ភពីសុវត្ថិភាពជាពិសេសនៅពេលត្រឡប់មកផ្ទះកណ្តាលអធ្រាត។

កណ្តៀតកញ្ច្រែងនៅនឹងចង្កេះដើរចេញពីហាងលក់ដូរមួយកន្លែងម្តុំផ្សារទួលទំពូង កញ្ញា ផេន ណារួន បានរៀបរាប់ប្រាប់អ្នកយកព័ត៌មានVODថាជិត១០ឆ្នាំ កញ្ញាដើរលក់ស្វាយ ថ្លៃឈើ ពងមាន់ និងសណ្តែកដី នៅតាមភោជនីយដ្ឋាននិងហាងផឹកស៊ីមួយចំនួនក្នុងរាជធានី។ កញ្ញាថានៅពេលលក់ដូរនៅតាមហាងមួយចំនួនមានភ្ញៀវខ្លះស្រវឹងបានប្រើពាក្យសម្តីមិនសមរម្យ និងកេញចំណេញមកលើនាងទៀតផង។ កញ្ញាបន្តថា៖ សំណូមពរកុំឲ្យប្រុសៗ កុំឲ្យប៉ះពាល់ស្ត្រី កុំឲ្យកេងចំណេញលើស្ត្រីខ្លំាងពេក ស្ត្រីគេត្រូវការកេរ្តិ៍ឈ្មោះល្អ

ក្នុងបទពិសោធន៍៤ឆ្នាំលក់សណ្តែកដីនិងពងគ្រូច កញ្ញា ហាស់ សោភ័ណ្ឌ វ័យ២២ឆ្នាំ បានរៀបរាប់ថាជាទំលាប់ភ្ញៀវដែលស្រវឹងស្រាតែងតែប្រើពាក្យសម្តីមិនសមរម្យលើអ្នកដែលដើរលក់នៅតាមហាងមួយចំនួនជាពិសេសនៅពេលពួកគេឃើញអ្នកលក់រូបស្រស់សោភា។ កញ្ញាសំណូមពរទៅភ្ញៀវទំាងអស់ឲ្យផ្តល់តម្លៃឲ្យស្ត្រីនិងកុមារ ដោយថាទោះជាទិញឬមិនទិញរបស់ពួកគេក៏ដោយ។ កញ្ញាបន្ថែមថា៖ បើគាត់ចង់ទិញឬមិនចង់ទិញឲ្យគាត់និយាយឲ្យស្រួលមកកាន់ពួកខ្ញុំគឺបានពួកខ្ញុំពេញចិត្តហើយទោះអត់ទិញរបស់ខ្ញុំក៏ខ្ញុំសប្បាយចិត្តដែរពេលដែលគាត់និយាយសម្តីពិរោះស្រួលបួលមកយើងគឺតែប៉ុណ្នឹងអត់ចង់បានអីទេ

អាយុ១៣ឆ្នាំ កុមារី ឡេង ធារី លក់ម្ជូរនៅម្តុំក្បាលថ្នល់បានលើកឡើងប្រហាក់ប្រហែលកញ្ញា សោភ័ណ្ឌ ដែរ។ ប៉ុន្តែកុមារីរូបនោះបញ្ជាក់ថាគាត់ព្រួយបារម្ភពីសុវត្ថិភាពពេលធ្វើដំណើរតាមផ្លូវច្រើនជាងនៅកន្លែងដែលគាត់ទៅលក់ម្ជូរនិងពងមាន់ ដោយកុមារីនោះអះអាងថាឪពុកតែងតែញ៉ាំស្រាស្រវឹងស្ទើរជារៀងរាល់ថ្ងៃ ហើយដុបគាត់ទៅផ្ទះនៅម៉ោង១១យប់។ ប្អូនបន្តថា៖ ខ្ញុំព្រួយតែជិះម៉ូតូភ័យតែម៉ូតូឪខ្ញុំដុប គាត់ស្រវឹង ខ្ញុំភ័យគាត់ជិះលឿនខ្លាចមានគ្រោះថ្នាក់

ឈរក្បែរហាងមួយកន្លែងស្ថិតនៅម្តុំទួលគោក រាជធានីភ្នំពេញ កញ្ញា ឌៀប ស្រីពៅ សិក្សាថ្នាក់ទី៨បានអំពាវនាវទៅភ្ញៀវដែលហូបស្រាស្រវឹងឈប់មើលងាយ ឈប់កេងចំណេញលើស្ត្រី និងកុមារ។ អ្នកផឹកស្រាបៀរក្នុងភោជនីយដ្ឋានមួយចំនួន ពួកគេអះអាងថា មិនហ៊ានឆ្លើយយ៉ាងណាចំពោះការលើកឡើងរបស់ស្រ្តីនិងកុមារីពីបញ្ហាសុវត្ថិភាពនោះទេ។

អ្នកស្រី នង លឹម ជិះម៉ូតូដុបកូនស្រីពីរនាក់ឲ្យទៅលក់ម្ជូរ ពងមាន់ និងសណ្តែកដី អះអាងថាគាត់មានកូន៣នាក់ប្រកមុខរបរនេះ។ អ្នកស្រីថាគាត់ក៏ព្រួយបារម្ភពីសុវត្ថិភាពកូនៗដែរ ប៉ុន្តែដោយសារជីវភាពគ្រួសារនិងការសិក្សារបស់កូន គាត់ត្រូវឲ្យកូនទៅប្រកបមុខរបរដ៏ប្រថុយប្រថានទំាងយប់នេះ។ អ្នកស្រីបន្តថា៖ ព្រួយដែរបង ប៉ុន្តែគ្រាន់តែថាយើងក្រអត់មានអីចេះតែជួយទៅ ណាមួយទៅកូនសុខភាពខ្លាចតាមផ្លូវ ប៉ុន្តែចេះតែទ្រំាមិនដឹងធ្វើម៉េចខ្លាចកូនរៀនមិនចេះ ប៉ុន្តែគ្រូថាអត់អីទេយើងទៅ(ផ្ទះ)ម៉ោង១០ កូនខ្លះនៅមើលទូរទស្សន៍ម៉ោង១០ម៉ោង១២ផង យើងលក់ដល់ម៉ោង១០ឬ១០ជាង យើងទៅផ្ទះ

ប្រធានផ្នែកស្ត្រី កុមារ និងការដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការរបស់សមាគមអាដហុកលោកស្រី ឆន សុគន្ធា យល់ថា ភ្ញៀវដែលផឹកស្រាស្រវឹងប្រើពាក្យសម្តីនិងកាយវិកាមិនសមរម្យលើកុមារីនិងយុវតី ធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍ពួកគេ។

លោកស្រី ឆន សុគន្ធា បន្ថែមថាដើម្បីទប់ស្កាត់បញ្ហានេះឲ្យមានប្រសិទ្ធិភាពក្រសួងសង្គមកិច្ចនិងអាជ្ញាធរពាក់ព័ន្ធត្រូវជូនដំណឹងទៅម្ចាស់ហាងត្រូវហាមឃាត់កុមារដែលមិនគ្រប់អាយុកុំឲ្យដើរលក់បន្តទៀតដើម្បីកុំឲ្យប៉ះពាល់ដល់ការសិក្សា។ លោកស្រីបន្ថែមថា៖ នៅពេលដែលមានបុរសមួយចំនួន យើងមិនដឹងថាចំនួនភាគរយទេនៅពេលគាត់ញ៉ាំស្រវឹង គាត់អាចប្រើសម្តីលើសលួសជួនកាលអាចឈានទៅដល់ការប្រើកាយវិការទៀតផងជាពិសេសកុមារីដែលគាត់លក់នៅពេលយប់នៅពេលដែលគាត់ធ្វើអញ្ចឹងទំាងកាយវិការទំាងសម្តីធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍របស់ក្មេងដែលគាត់អត់ដឹងអីសោះ

គេសង្កេតឃើញថាកុមារីនិងយុវតីមួយចំនួនដែលទៅលក់នៅតាមភោជនីយដ្ឋានពេលរាត្រីភាគច្រើនមានអាយុចាប់ពី៦ឆ្នាំដល់១៤ឆ្នាំ ។ ពួកគេអះអាងថាការប្រកបនេះដើម្បីរកប្រាក់ចិញ្ចឹមគ្រួសារនិងខ្លួនឯង ប៉ុន្តែពួកគេថាមិនធ្វើឲ្យប៉ះពាល់ដល់ការសិក្សានោះទេ។

កាលពីថ្ងៃទី១៤ ខែកុម្ភៈ ដែលជាទិវានៃក្តីស្រឡាញ់របស់វប្បធម៌បរទេស អង្គការយេនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជាបានចេញសេចក្តីប្រកាសព័ត៌មានថា ករណីរំលោភសេពសន្ថវៈនិងប្រើហិង្សាលើស្ត្រីនិងកុមារនៅតែបន្តកើនឡើងគួរឲ្យព្រួយបារម្ភ។

សេចក្តីប្រកាសនោះបញ្ជាក់ថាក្នុងឆ្នាំ២០១៣តាមរយៈនៃការសម្ពាសន៍បុរសនិងស្រីចំនួនជាង១ពាន់នាក់(១៨៣១)អង្គការនោះថាបានរកឃើញបុរសដែលប្រើហិង្សានិងរំលោភផ្លូវភេទទៅលើដៃគូមាន៣៥ភាគរយ។ ចំនួននេះសង្គមស៊ីវិលថាជាចំនួនកើនឡើង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ