សហគមន៍មួយនៅខេត្ដព្រះវិហារ ឃាត់គ្រឿងចក្រក្រុមហ៊ុនចិន៧គ្រឿង

មន្ដ្រីអង្គការពន្លកខ្មែរខេត្ដព្រះវិហារ ឲ្យដឹងថា ប្រជាសហគមន៍នៅស្រុកឆែបនាំគ្នាឃា​ត់​គ្រឿងចក្ររបស់ក្រុមហ៊ុនចិន៧គ្រឿងមករក្សាទុក នៅព្រឹកថ្ងៃសុក្រនេះ ដោយចោទថា ឈូសឆាយដីបំរុងទុករបស់ពួកគេ។

មន្ដ្រីតស៊ូមតិ នៃអង្គការពន្លកខ្មែរនៅខេត្ដព្រះវិហារ លោក ប៉ឹក សោភណ្ឌ ប្រាប់វីអូឌីនៅ រសៀលថ្ងៃសុក្រនេះថា ប្រជាសហគមន៍ប្រហែល១០០នាក់ នៅឃុំម្លូរព្រៃ២ ក្នុងស្រុកឆែប បាននាំគ្នាឃាត់គ្រឿងចក្ររបស់ក្រុមហ៊ុនចិនហេងរ៉ូយ ចំនួន៧គ្រឿង យកទៅរក្សាទុក ដោយចោទថា ឈូសឆាយដីព្រៃបំរ៉ុងទុករបស់ពួកគេ។

លោកបន្ដថា ប្រជាសហគមន៍បានហាមឃាត់គ្រឿងចក្រទាំងនោះ ប៉ុន្ដែកម្មករក្រុមហ៊ុនមិនស្ដាប់ ទើបមានការឃាត់ទុកតែម្ដង។

លោកបន្ដថា គ្រឿងចក្រទាំងនោះ ពួកគាត់យកទៅរក្សាទុកនៅក្នុងភូមិ ដើម្បីរងចាំរកដំណោះស្រាយ។

ប្រជាសហគមន៍មួយរូបនៅភូមិបុស្ស ឃុំម្លូរព្រៃ២ លោក គឿន វង ឲ្យដឹងថា ដីអាស្រ័យផលប្រជាសហគមន៍ជាងមួយពាន់ហិកតា ត្រូវបានក្រុមហ៊ុនចិនស្កអំពៅហេងរ៉ូយ ឈូសឆាយ​រំលោភយកជាបន្ដបន្ទាប់ ដោយគ្មានអាជ្ញាធរណាជួយរកដំណោះស្រាយនៅឡើយទេ។

លោក បន្ដថា ការឃាត់គ្រឿងចក្រចំនួន៧គ្រឿងនេះ អាជ្ញាធរបំរុងចាប់ខ្លួនពលរដ្ឋម្នាក់ ប៉ុន្ដែប្រជាសហគមន៍ប្រមានបិទផ្លូវមិនឲ្យចេញពីតំបន់នោះទើបមន្ដ្រីទាំងនោះលែងហ៊ានចាប់ខ្លួនពលរដ្ឋទៅវិញ។

លោកបញ្ញាក់ថា ពួកគាត់នៅតែបន្ដសកម្មភាពរារាំងគ្រឿងចក្រក្រុមហ៊ុននោះបន្ដទៀត បើសិនគ្មានដោះស្រាយពីអាជ្ញាធរ។

ករណីនេះ វីអូឌី មិនអាចសុំការឆ្លើយតបពីអភិបាលខេត្ដព្រះវិហារលោក អ៊ុន ចិន្ដា បាននៅឡើយទេ ដោយលោកមិនលើកទូរស័ព្ទ។

បើតាមមន្ដ្រីអង្គការពន្លកខ្មែរធ្វើការផ្នែកដីធ្លី ឲ្យដឹងថា ចាប់ពីឆ្នាំ២០១៦ ដល់ពេលបច្ចុប្បន្ននេះ ប្រជាសហគមន៍នៅតំបន់នោះ បានចេញប្រតិបត្កិការការពារដីរបស់ពួកគេបានចំនួន៦លើក និងឃាត់គ្រឿងចក្រក្រុមហ៊ុននោះជាង១០គ្រឿងផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ