វិភាគ៖ ហេតុអ្វីអាមេរិកផ្តាច់ជំនួយស្ទើរទាំងស្រុងមកកម្ពុជា?

ទិដ្ឋភាពទីក្រុងភ្នំពេញ (មាស មុនី)

ក្រសួងការបរទេសអាមេរិកឲ្យដឹងថា សហរដ្ឋអាមេរិកអាចនឹងផ្ដាច់ជំនួយ មកកម្ពុជាស្ទើរតែទាំងស្រុងនៅឆ្នាំ២០១៨ខាងមុខ។

ឯកសារចំនួន១៥ទំព័រស្ដីពីថវិការបស់ក្រសួងការបរទេសអាមេរិក ដែលត្រូវបានចេញផ្សាយដោយគេហទំព័រ «គោលនយោបាយការបរទេស» កាលពីថ្ងៃទី២៤មេសាឆ្នាំ២០១៧ បង្ហាញថា អាមេរិកគ្រោងកាត់ផ្ដាច់ជំនួយធំៗចំនួន២ ដែលតែងផ្ដល់ឲ្យកម្ពុជា គឺផ្ដាច់ «ជំនួយអភិវឌ្ឍន៍» ដល់កម្រិតសូន្យនៅឆ្នាំ២០១៨ ដែលធ្លាក់ចុះពីចំនួន ៣៤,៥លានដុល្លារនៃកម្រិតចំណាយពិតប្រាកដ នៅឆ្នាំ២០១៦។ ចំណែក «មូលនិធិគាំទ្រសេដ្ឋកិច្ច» ក៏ត្រូវបានកាត់ផ្ដាច់ពីកម្ពុជាមួយរយភាគរយផងដែរ គឺធ្លាក់ចុះពី៨លានដុល្លារ នៅឆ្នាំ២០១៦។

បើតាមឯកសារដដែលនោះ ចំពោះ «កម្មវិធី​សុខភាព​ពិភព​លោក» ដែលគាំទ្រដោយក្រសួងការបរទេសអាមេរិក ក៏ត្រូវបានកាត់បន្ថយ១៨,៣ភាគរយ ខណៈជំនួយគាំទ្រដោយ USAID ក៏ត្រូវបានកាត់បន្ថយ ៣៧,៤ភាគរយ តាំងពីឆ្នាំ២០១៦។

បើតាមឯកសារដែលត្រូវបានផ្សាយលើគេហទំព័រគោលនយោបាយការបរទេស ការកាត់ផ្ដាច់ជំនួយទាំងនេះ គឺកើតចេញពីសំណើរបស់លោក ដូណាល់ ត្រាំ កាលពីខែមិនាឆ្នាំ២០១៧ ដែលចង់កាត់បន្ថយជំនួយអាមេរិកប្រមាណ១ភាគ៣ដល់បណ្ដាប្រទេសកំពុងអភិវឌ្ឍ។

បណ្ឌិតផ្នែកសេដ្ឋកិច្ច លោក គី សេរីវឌ្ឍន៍ វិភាគថា ការដែលអាមេរិក​ប្រកាស​ផ្តាច់​ជំនួយ​មកកម្ពុជានេះ មិនមែនមកពីបញ្ហាសេដ្ឋកិច្ចអាមេរិកឬអាមេរិកខ្វះលុយនោះទេ។ ​តែលោក​​យល់ថា ការដែលរដ្ឋបាលថ្មីរបស់លោក ដូណាល់ ត្រាំ ប្រកាស​ផ្តាច់ជំនួយនេះគឺជាសម្ពាធ​មួយ​​លើ​​ការបោះឆ្នោតនៅកម្ពុជា។ លោកថា «រឿងនេះខ្ញុំគិតថា រឿងជំនួយអាមេរិកមកស្រុកខ្មែរវាមិនមែនជារឿងដ៏ធំសម្រាប់អាមេរិកទេ។ ចឹងអាមេរិកមិនប្រកាសថាផ្តាច់ជំនួយលើប្រទេសដទៃទេ ផ្តាច់ជំនួយតែកម្ពុជា។ មានន័យថាអាមេរិកគឺក្លេនយោបាយសម្រាប់ការបោះឆ្នោតនៅកម្ពុជានេះឯង…»។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា​លោក សុខ ឥសាន យល់ថា ការកាត់ផ្ដាច់ជំនួយនេះជាសិទ្ធិសម្រេចរបស់រដ្ឋាភិបាលអាមេរិកដោយលោកថាវាមិនប៉ះពាល់អ្វីដល់ទំនាក់ទំនងល្អរបស់ប្រទេសទាំងពីរទេ។ លោកបន្ថែមថា ការកាត់ផ្ដាច់ជំនួយនេះអាចប៉ះពាល់ខ្លះដែរដល់ជីវភាពប្រជាពលរដ្ឋកម្ពុជា និងមន្ដ្រីអង្គការសង្គមស៊ីវិលមួយចំនួន ដែលទទួលផលប្រយោជន៍ពីគម្រោង​ទាំងនោះ។

សម្រាប់ លោក គី សេរីវឌ្ឍន៍ យល់ផ្សេងពីនេះ។ លោកថា «ខ្ញុំយល់ថា កាលណាគេនិយាយពីជំនួយក្នុងគោលបំណងអី? ជំនួយក្នុងគោល​បំណង​ជួយឲ្យប្រទេសមួយមានការរីកចម្រើន។ ចឹងជំនួយណាក៏បានដល់ប្រជាជនខ្មែរ​ដែរ។វាមិន​ប៉ះពាល់រដ្ឋ​ តែវាប៉ះពាល់ដល់ប្រទេសទាំងមូល»។

មន្រ្តីរដ្ឋាភិបាលខ្លះទៀត បានបកស្រាយថា ការដែលអាមេរិកផ្តាច់ជំនួយគឺដោយសារតែ​កម្ពុជា​មានសេដ្ឋកិច្ចរីកចំរើនហើយ។

លោក គី សេរីវឌ្ឍន៍ យល់ស្របលើការលើកឡើងនេះតែលោកថា បើទោះជាកម្ពុជារក្សាបាន​កំណើន​សេដ្ឋកិច្ចក្នុងរង្វង់៧%មួយឆ្នាំតែថាកម្ពុជាចាំបាច់ត្រូវការជំនួយបន្ថែមមិនអាចខ្វះ​បាន​ទេ។ លោកថា «ទោះជាកម្ពុជាមានកំណើនសេដ្ឋកិច្ចមែនប៉ុន្តែជំនួយអាមេរិកត្រូវការចាំបាច់ព្រោះ​អាមេរិក​ចាត់ទុកថា កម្ពុជាមិនទាន់មានការគោរពសិទ្ធិមនុស្សត្រឹម​ត្រូវ។ សមត្ថភាពមន្រ្តី​រាជការ​នៅមានការខ្វះខាត ហើយជំនួយអាមេរិកជាច្រើន​គឺជួយលើការ​ពង្រឹង​សមត្ថភាពរាជការ និង​ជំរុញការគោរពសិទ្ធិម​នុស្ស»។

លោក ឱក សេរីសុភក្តិ៍ អ្នកឯកទេសខាងអភិបាលកិច្ច យល់ថា ការដែលអាមេរិកប្រកាសជា​មុន​ថាខ្លួន​នឹងផ្តាច់ជំនួយនេះ គឺជាឱកាសមួយដែលរដ្ឋាភិបាលកម្ពុជាអាចបើកការចរចាក្នុង​លក្ខខណ្ឌណាមួយ​ដើម្បី​បានការផ្តល់ជំនួយបន្តទៀត។

លោកថា «បើសិនជាគេចង់ផ្តាច់គេផ្តាច់ភ្លាមទៅ អាហ្នឹងបានថាជំហររបស់គេវាសម្រេចហើយ។ប៉ុន្តែការដែលគេដាក់​ថេរវេលា បានសេចក្តីថាដើម្បីអនុញ្ញាតឲ្យមានការចរចា។​បើសិនជាយើងយល់ថាជំនួយហ្នឹងវាមានប្រយោជន៍​សម្រាប់ការអភិវឌ្ឍន៍របស់យើង ហ្នឹងរដ្ឋាភិបាល​យើង​ចរចាជាមួយគេឡើងវិញទៅ…»។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីថ្ងៃទី៦ខែមេសានេះ បានអះអាងថា កម្ពុជានៅតែបន្តខ្ចីប្រាក់ពីមហាមិត្តចិន យកមក​កសាងហេដ្ឋារ​ចនាស​ម្ព័​ន្ធ​ស្ពាន ថ្នល់ ដោ​​យ​ថាប្រា​​ក់​កម្ចីពីមហាអំណាចមួយនេះ ស្រួលចាត់ចែងតាមតម្រូវការ ខណៈ​​​​​​ជំនួយ​នានា​ពី​ប្រ​ទេ​​​​​ស​​​​​លោកសេរី បាន​ដា​ក់​លក្ខខណ្ឌឲ្យគោរពសិទ្ធិមនុស្សនិងចាយវាយត្រូវមានតម្លាភាព។

លោក ឱក សេរីសុភក្តិ៍ មានប្រសាសន៍ថា បើទោះជារដ្ឋាភិបាលអាងលើជំនួយប្រទេសដទៃក្រៅពីអាមេរិកក៏ដោយប៉ុន្តែលោកថាកម្ពុជាមិនអាចងាកចេញពីការទំនាក់ទំនងពាណិជ្ជកម្មបានទេ។

លោកថា«ទំនាក់ទំនងអន្តរជាតិនៅក្នុង​តំបន់​ហើយ​នឹង​សកលលោកវាទាក់ទងជំនួញ ទីផ្សារ នាំចូល​ផលិផល​របស់​យើង។​បញ្ហាការទូត បញ្ហានិន្នាការ​ក្នុង​តំបន់ រវាងអាស៊ាន…តើយើងមាន​ការ​ពឹងពាក់ជាសាមគ្គីភាពជាមួយនឹងអាមេរិកចឹងឬទេ? ហ្នឹងទាល់តែមើលទៅទៀត មិនមែនតែទិដ្ឋភាពជំនួយតែមួយមុខទេ»។

ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា លោក សន ជ័យ លើកឡើងថា ទោះបីចំនួនទឹកប្រាក់នៃជំនួយមិនមានទំហំច្រើនក្ដី ប៉ុន្ដែលោកថា ការកាត់ផ្ដាច់នេះអាចប៉ះពាល់ដល់ទំនាក់ទំនងការទូតប្រទេសទាំងពីរ។ លោកបន្ដថា កម្ពុជាក៏អាចរងផលប៉ះពាល់ផ្សេងទៀតដែរ ដោយលោកថា ប្រសិនបើប្រទេសផ្សេងទៀតដែលជាសម្ព័ន្ធមិត្ត យកលំនាំតាមអាមេរិក ដោយកាត់ផ្ដាច់ជំនួយរបស់ពួកគេមកកាន់កម្ពុជា។

លោកថា៖​ «បើយើងមើលទៅលើទៅប្រាក់នេះ វាមិនច្រើនទេ ប៉ុន្ដែបើនិយាយអំពីការខូចទំនាក់ទំនងរវាងកម្ពុជា និងអាមេរិក ជាចំណុចមួយគួរឲ្យចាប់អារម្មណ៍ ធ្វើឲ្យប៉ះពាល់ដល់ដែរដល់តម្រូវការមួយចំនួន ដែលក្រុមគោលដៅនៃគម្រោងទាំងអស់នេះ កំពុងតែប្រើប្រាស់។​ ផលប៉ះពាល់ផ្សេងទៀត បើសិនជាអាមេរិក ហើយនិងដៃគូផ្សេងៗ នៅអឺរ៉ុបគេនាំគ្នាធ្វើតាមអាមេរិកនោះ»។

ការប្រកាសផ្ដាច់ជំនួយដល់កម្ពុជានេះ កើតឡើងស្របពេលនៃដំណើរទស្សនកិច្ចរបស់លោក Patrick Murphy អនុរដ្ឋមន្ដ្រីការបរទេសអាមេរិកទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក មកកាន់ប្រទេសកម្ពុជា កាលពីថ្ងៃអង្គារ។

បើតាមឯកសារបែកធ្លាយនេះ មិនមែនតែកម្ពុជាទេដែលត្រូវបានអាមេរិកកាត់ផ្ដាច់ជំនួយដល់កម្រិតសូន្យ ប៉ុន្ដែក៏មានប្រទេសឥណ្ឌនេស៊ី ថៃ ឡាវ និងហ្វីលីពីនផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ