អ្នក​វិភាគ​កំពុង​ជាប់​ឃុំ​លោក គឹម សុខ​ ​ថា “ឃ្លាន​ដូរ​មេ​ឃុំ ជាង​ឃ្លាន​បាយ​ចម្អែត​ក្រពះ​”

លោក គឹម សុខ កាល​ពី​ពេល​កន្លង​ទៅ​

អ្នក​វិភាគ​នយោបាយ​កម្ពុជា​ដែល​កំពុង​ជាប់​ឃុំ លោក គឹម សុខ បាន​អំពាវ​នាវ​ទៅ​ដល់​ប្រជា​ពលរដ្ឋ​កម្ពុជា ឲ្យ​ទៅ​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ​នេះ ដោយ​លោក​បញ្ជាក់​ថា លោក​ឃ្លាន​បោះ​ឆ្នោត​ដូរ​មេឃុំ ជា​ង​ឃ្លាន​បាយ​ចម្អែត​ក្រពះ​ទៅ​ទៀត។

លោក គឹម សុខ បាន​អំពាវ​នាវ​បែប​នេះ នៅ​ក្នុង​សំបុត្រ​សរសេរ​ផ្ទាល់​ដៃ​មួយ ចុះ​កាល​បរិច្ឆេទ​នៅ​ថ្ងៃ​ទី​២៨ ខែ​ឧសភា​នេះ ព្រម​ទាំង​មាន​ស្នាម​មេ​ដៃ​ផ្តិត​លើ​លិខិត​នោះ​ផង​ដែរ។

លិខិត​នោះ ត្រូវ​បាន​មេធាវី​ការពារ​លោក គឹម សុខ គឺ​លោក ជួង ជូងី បង្ហោះ​ចែក​ចាយ​នៅ​​លើ​គណនី​ហ្វេសប៊ុក​របស់​គាត់​នៅ​រសៀល​ថ្ងៃ​នេះ។

លោក ជួង ជូងី បាន​ប្រាប់​វីអូឌី​តាម​ទូរស័ព្ទ​ថា សំបុត្រ​នោះពិត​ជា​សំបុត្រ​សរសេរ​ដោយ​ផ្ទាល់​ដៃ​របស់​លោក គឹម សុខ ប្រាកដ​មែន។

លោក​បញ្ជាក់​ថា លោក​បាន​ទទួល​សំបុត្រ​នេះ​ពី​លោក គឹម សុខ នៅ​ពេល​លោក​ចូល​ទៅ​ជួប​កូន​ក្ដី​របស់​លោក​​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន។

ក្នុង​សំបុត្រ​នោះ លោក គឹម សុខ បាន​រៀប​រាប់​ថា លោក​សម្រេច​ចិត្ត​ធ្វើ​កូដកម្ម​បង្អត់​អាហារ​ខ្លួន​ឯង​រយៈ​ពេល​មួយ​សប្ដាហ៍ ចាប់​ពី​ថ្ងៃ​ទី​២៩ ខែ​ឧសភា រហូត​ដល់​ថ្ងៃ​ទី​០៤ ខែ​មិថុនា ដើម្បី​អង្វរ​បង​ប្អូន​រួម​ឈាម​ខ្មែរ​ទាំង​ក្នុង​ប្រទេស និង​នៅ​បរទេស ឲ្យទៅ​បោះ​ឆ្នោត​ឲ្យ​បាន​គ្រប់​គ្នា ដើម្បី​ផ្លាស់​ប្ដូរ​មេដឹកនាំ​ឃុំ-សង្កាត់។

អ្នក​វិភាគ​នយោបាយ​រូបនេះ បាន​បញ្ជាក់​នៅ​ខាង​ដើម​សំបុត្រ​នោះ​ថា លោក​ឃ្លាន​បោះ​ឆ្នោត​ដូរ​មេ​ឃុំ ដើម្បី​សុខ​ចម្រើន​ស្រុក​ភូមិ ជាង​ឃ្លាន​បាយ​ចម្អែត​ក្រពះ ដើម្បី​គ្រាន់​តែ​ជីវិត​រស់។

លោក គឹម សុខ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​១៧ ខែ​កុម្ភៈ ទៅ​តាម​បណ្ដឹង​របស់​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ជុំ​វិញ​ការ​អត្ថាធិប្បាយ​ថា គណបក្ស​ប្រជាជន​កម្ពុជា​ជា​អ្នក​សម្លាប់​លោក​បណ្ឌិត កែម ឡី៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ