ពួក​បះបោរ​សម្លាប់​មនុស្ស​១៩​នាក់​នៅ​ភាគ​ខាង​ត្បូង​ហ្វីលីពីន

ការ​ប៉ះ​ទង្គិច​គ្នា​រវាង​ពួកបះបោរ​នៅ​ហ្វីលី​ពីន(រូ​ប​ភាពពី​ទីភ្នាក់ងារ​ AFP)

​ក្រុម​បះ​បោរ​ឥស្លាម ដែល​បាន​ជាប់​ដៃ​ប្រយុទ្ធ​តាម​ដង​ផ្លូវ​ជាមួយ​កង​កម្លាំង​សន្តិសុខ​រដ្ឋាភិបាល​នៅ​ភាគ​ខាង​ប្រទេស​ហ្វីលីពីន​នោះ បាន​សម្លាប់​ជន​ស៊ីវិល ១៩​នាក់ ដែល​នាំ​ឲ្យ​ចំនួន​មនុស្ស​ស្លាប់​ជា​ផ្លូវការ​ឡើង​ដល់ ៨៥​នាក់​ហើយ នៅ​អំឡុង​ពេល​​ប៉ះ​ទង្គិច​គ្នា​រយៈ​ពេល​ជិត​មួយ​សប្ដាហ៍​មក​នេះ។ នេះដោយ​យោង​តាម​ការ​ផ្សាយ​របស់ AFP ដែល​បាន​ដក​ស្រង់​សម្ដី​មន្ត្រី​យោធា​ហ្វីលីពីន នៅ​ថ្ងៃ​នេះ។

អំពើ​ហឹង្សា​នេះ បាន​ជំរុញ​ឲ្យ​ប្រធានាធិបតី​ហ្វីលីពីន លោក រ៉ូទ្រីហ្កូ ឌូទើតេ ប្រកាស​ច្បាប់​​សឹក​កាល​ពី​ថ្ងៃ​អង្គារ​កន្លង​មក នៅ​ទូទាំង​តំបន់​ភាគ​ខាង​ត្បូង​ហ្វីលីពីន ដើម្បី​កម្ទេច​នូវ​អ្វី​ដែល​លោក​និយាយ​ថា ជា​ការ​គំរាម​កំហែង​យ៉ាង​ឆាប់​រហ័ស​ពី​សំណាក់​ពួក​បះបោរ​មាន​ទំនាក់​ទំនង​នឹង​ក្រុម​រដ្ឋ​ឥស្លាម។

អាជ្ញាធរ​និយាយ​ថា ពួក​បះ​បោរ​សម្លាប់​ជន​ស៊ីវិល ១៩​នាក់ នៅ​ទីក្រុង​ម៉ារ៉ាវី ជា​ទីដែល​មាន​ពលរដ្ឋ​មូស្លីម ២​សែន។ ចំនួន​អ្នក​ស្លាប់​រួម​បញ្ចូល​ទាំង​ស្ត្រី ៣​នាក់ និង​ក្មេង​ម្នាក់ ដែល​ត្រូវ​បាន​គេ​រក​ឃើញ​ថា ស្លាប់​នៅ​ជិត​សាកល​វិទ្យាល័យ​មួយ។

អ្នក​នាំ​ពាក្យ​យោធា​ប្រចាំ​តំបន់ លោក ចូអា ហឺរ៉េរ៉ា បាន​ប្រាប់​ថា អ្នក​ស្លាប់​ទាំង​នោះ សុទ្ធ​តែ​ជា​ជន​ស៊ីវិល ហើយ​អំពើ​ហឹង្សា​នោះ គឺ​ប្រឆាំងនឹង​ប្រជាជន។

ចំណែក​អ្នក​ថត​រូប AFP បាន​ឃើញ​សព​មនុស្ស ៨​នាក់​ទៀត​នៅ​តាម​ផ្លូវ​មួយ នៅ​ជាយ​ទីក្រុង​ម៉ារ៉ាវី នៅ​ថ្ងៃ​នេះ ដោយ​អ្នក​ស្រុក​ទីនោះ​បញ្ជាក់​ថា ពួកគេ​ជា​បុគ្គលិក​នៅ​ក្នុង​រោង​ម៉ាស៊ីន​កិន​ស្រូវ​មួយ និង​មហាវិទ្យល័យ​វេជ្ជសាស្ត្រ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ