សាលាឧទ្ធរណ៍​កោះហៅ​លោក កឹម សុខា ឲ្យ​ចូល​មក​តុលាការ​

អនុប្រធានគណបក្ស​សង្រ្គោះជាតិ លោក កឹម សុខា​

ព្រះរាជអាជ្ញាសាលាឧទ្ធរណ៍បានកោះហៅលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ ឲ្យចូលខ្លួនមកតុលាការនៅសប្តាហ៍ក្រោយ ទាក់ទងនឹងការប្តឹងទាស់របស់មេធាវី សុំឲ្យលុបចោលនីតិវិធីនិងទម្លាក់ចោលការចោទប្រកាន់របស់ព្រះរាជអាជ្ញាសាលាដំបូងរាជធានីភ្នំពេញលើលោក កឹម សុខា។

ក្នុងដីកាកោះហៅចុះថ្ងៃទី២២ ខែមិថុនា ព្រះរាជអាជ្ញានៃមហាអយ្យការអមសាលាឧទ្ធរណ៍ លោក ហ៊ឹង ប៊ុនជា បានកោះហៅលោក កឹម សុខា ឲ្យចូលមកសាលាឧទ្ធរណ៍ នៅថ្ងៃទី៤ខែកក្កដា ឆ្នាំ២០១៦ វេលាម៉ោង៨ព្រឹក ដើម្បីជំនុំជម្រះពី”បទបដិសេធក្នុងការចូលខ្លួន”។

លោក សំ សុគង់ មេធាវីរបស់លោក កឹម សុខា ប្រាប់វីអូឌីនៅរសៀលថ្ងៃអង្គារនេះថាកាលពីថ្ងៃទី១៣ខែឧសភា ក្រុមមេធាវីបានប្តឹងទាស់ទៅសាលាឧទ្ធរណ៍ ករណីការចោទប្រកាន់លើលោក កឹម សុខា ថាប្រព្រឹត្តបទល្មើសជាក់ស្តែងក្នុងការមិនចូលខ្លួនទៅតុលាការនិងប្រឆាំងនឹងនីតិវិធីរបស់តុលាការក្នុងការហៅលោក កឹម សុខា ឲ្យចូលខ្លួនទៅតុលាការ។

លោក សំ សុគង់ បានបញ្ជាក់ថាលោកនឹងពិភាក្សាជាមួយកូនក្តីថាតើកូនក្តី នឹងសម្រេចចូលខ្លួនឬយ៉ាងណា។ លោកមានប្រសាសន៍ថា៖ “ចាំមើលក្រុមមេធាវីនឹងពិភាក្សាជាមួយកូនក្តីថាតើមានបំណងទៅឬមិនទៅ តែបើមិនទៅ មេធាវីក៏ទៅដែរ”

លោក កឹម សុខា បានស្នាក់នៅក្នុងស្នាក់ការបក្សក្នុងសង្កាត់ចាក់អង្រែលើតាំងពីថ្ងៃទី២៦ ខែឧសភា ក្រោយពីមានការប៉ុនប៉ងចាប់ខ្លួនរូបលោក។ លោក កឹម សុខា ត្រូវបានព្រះរាជអាជ្ញារងនៃសាលាដំបូងរាជធានីភ្នំពេញ លោក សៀង សុខ ចោទប្រកាន់ថាប្រព្រឹត្តបទល្មើសជាក់ស្តែង ក្រោយពីបដិសេធមិនចូលទៅតាមការកោះរបស់តុលាការក្នុងនាមជាសាក្សីចនួនពីរលើក។ លោកអាចប្រឈមនឹងការជាប់ពន្ធនាគារពី១ទៅ៦ខែ ប្រសិនបើតុលាការរកឃើញកំហុស។

ក្នុងបទសម្ភាសន៍មួយជាមួយសារព័ត៌មានReutersកាលពីសប្តាហ៍មុន លោក កឹម សុខា ត្រូវបានដកស្រង់សម្តីមកចុះផ្សាយថាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ខ្លាចចាញ់ឆ្នោតក្នុងការបោះឆ្នោតខាងមុខ ដោយលោកថាទើបលោកនាយករដ្ឋមន្ត្រីប្រើយុទ្ធសាស្រ្តធ្វើបាបមេដឹកនាំបក្សប្រឆាំង។

ជាការឆ្លើយតប អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន មានប្រសាសន៍ថាលោកមិនចាប់បារម្ភចំពោះការលើកឡើងរបស់លោក កឹម សុខា នេះទេ ដោយលោកថាបក្សប្រឆាំងបានលើកឡើងបែបនេះមានជារឿយៗនិងច្រើនដងមកហើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ