រដ្ឋាភិបាលកម្ពុជាមិន​ចង់ឲ្យ​យក​​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​មក​ដាក់ក្នុងកិច្ចប្រជុំ​អាស៊ាន

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និង​លោក ហេង សំរិន ប្រធានកិត្តិយសគណបក្ស​ប្រជាជនកម្ពុជា នៅ​ក្នុងពិធី​អបអរសាទរ​ថ្ងៃបង្កើតគណបក្ស​ប្រជាជនកម្ពុជា នៅព្រឹកថ្ងៃ​អង្គារ ទី២៨ ខែមិថុន ឆ្នាំ២០១៦។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថារដ្ឋាភិបាលកម្ពុជាសង្ឃឹមថាប្រទេសជាសមាជិកអាស៊ាននឹងមិនលើកយកបញ្ហាសមុទ្រចិនខាងត្បូងមកពិភាក្សាក្នុងកិច្ចប្រជុំណាមួយ ដោយលោកចាត់ទុកថាការពិភាក្សាបញ្ហានេះនឹងធ្វើឲ្យប្រទេសជាសមាជិកអាស៊ានមិនចុះសម្រុងគ្នានិងវាយប្រហារគ្នាទៅវិញទៅមក។

ក្នុងពិធីអបអរសាទរខួបលើកទី៦៥នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជានៅព្រឹកថ្ងៃអង្គារនេះ លោក ហ៊ុន សែន បានថ្លែងទៅកាន់អ្នកចូលរួមរាប់ពាន់នាក់ថាគណបក្សប្រជាជនកម្ពុជាគាំទ្រការប្រកាសរបស់លោកជាប្រធានគណបក្សលើបញ្ហាសមុទ្រចិនតខាងត្បូង។ លោកបន្តថាបញ្ហាសមុទ្រចិនខាងត្បូងទុកឲ្យប្រទេសពាក់ព័ន្ធពិភាក្សាលើបញ្ហានេះ។ លោកបានអំពាវនាវឲ្យប្រទេសនៅក្រៅតំបន់បញ្ឈប់នូវការជ្រៀតជ្រែកលើបញ្ហាសមុទ្រចិនខាងត្បូងនិងបញ្ឈប់ការប្រើប្រាស់សមុទ្រចិនខាងត្បូងធ្វើជា”ឧបករណ៍តថ្លៃឬជាចំណាប់ខ្មាំងនៃសម័យប្រជុំថ្នាក់តំបន់និងអន្តរជាតិដែលលទ្ធផលរបស់វាប៉ុន្មានឆ្នាំចុងក្រោយនេះគឺការបែកបាក់”

លោកនាយករដ្ឋមន្រ្តីមានប្រសាសន៍ថា៖ “កម្ពុជាសង្ឃឹមថា នាពេលខាងមុខ ប្រសិនបើបញ្ហាសមុទ្រចិនខាងត្បូងមិនត្រូវបានលើក ដើម្បីរំខានឬជាឧបសគ្គនៅក្នុងសម័យប្រជុំនានាចាប់ពីថ្នាក់ឧត្តមរដ្ឋមន្រ្តីរហូតដល់ថ្នាក់ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល នៅតាមវេទិកាតំបន់ និងអន្តរជាតិទេនោះ លទ្ធផលនៃការប្រជុំនឹងល្អជាងមុខ ស្មារតីសាមគ្គីភាពនឹងប្រសើរជាងមុខហើយក៏នឹងមិនមានសេចក្តីថ្លែងការណ៍វាយប្រហារគ្នាឬទម្លាក់កំហុសឲ្យគ្នាក្រោយការប្រជុំផងដែរ”។ លោកបន្ថែមថា៖ “គណបក្សប្រជាជនកម្ពុជាជឿជាក់ថាការមិនចុះសម្រុងគ្នារវាងសមាជិកអាស៊ានខ្លះលើបញ្ហាសមុទ្រចិនខាងត្បូងមិនមែនជាការបែកបាក់របស់អាស៊ាននោះទេ។ អាស៊ានមានកិច្ចការរាប់ពាន់ជំពូកដែលត្រូវធ្វើ មិនមែនមានតែបញ្ហាសមុទ្រចិនខាងត្បូងនោះឡើយ”។

កាលពីកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានក្នុងឆ្នាំ២០១២ដែលពេលនោះកម្ពុជាជាម្ចាស់ផ្ទះ អាស៊ានមិនអាចចេញសេចក្តីថ្លែងការណ៍រួមមួយទាក់ទងនឹងបញ្ហាសមុទ្រចិនខាងត្បូង។ កម្ពុជារងការរិះគន់ថាមាននិន្នាការគាំទ្រប្រទេសចិនលើបញ្ហាសមុទ្រចិនខាងត្បូង។ ការសិក្សាមួយរបស់លោក Carlyle A. Thayer ដែលបានបោះពុម្ពផ្សាយនៅឆ្នាំ២០១៣ ដោយសាកលវិទ្យាល័យThe Johns Hopkins សហរដ្ឋអាមេរិកបានលើកឡើងថានេះជាលើកទីមួយសម្រាប់អាស៊ានដែលមិនអាចចេញសេចក្តីថ្លែងការណ៍រួមមួយបានក្នុងប្រវត្តិសាស្រ្តរបស់ខ្លួនក្នុងរយៈពេល៤៥ឆ្នាំនេះ។

ប្រមុខរដ្ឋាភិបាលកម្ពុជាបានឲ្យដឹងទៀតថាកម្ពុជាធ្លាប់ជាជនរងគ្រោះម្តងហើយម្តងទៀតលើបញ្ហាសមុទ្រចិនខាងត្បូងតាមរយៈ”ការចោទប្រកាន់ដោយអយុត្តិធម៌”ទាក់ទងនឹងការគាំទ្រប្រទេសចិន។ លោកបញ្ជាក់ថាអាស៊ានចិនមានយន្តការដោះស្រាយតាមរយៈសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់បញ្ហាភាគីនៅសមុទ្រចិនខាងត្បូងហៅកាត់ថាDOC។ លោកអំពាវនាវឲ្យសមាជិកអាស៊ានអនុវត្តឲ្យបានត្រឹមត្រូវនៃស្មារតីDOC ដើម្បីឈានទៅសម្រេចនូវក្រមប្រតិបត្តិCOC។

លោក ហ៊ុន សែន បានបញ្ជាក់ជំហរថាកម្ពុជានឹងមិនចូលរួមចេញសេចក្តីថ្លែងការណ៍ណាមួយគាំទ្រសេចក្តីសម្រេចរបស់តុលាការលើជម្លោះសមុទ្រចិនខាងត្បូង ដែលប្រទេសហ្វីលីពីនប្តឹងប្រទេសចិន កាលពីខែមករា ឆ្នាំ២០១៣ ដោយថានេះជាជម្លោះទ្វេភាគីនិងមិនមែនជារឿងរបស់អាស៊ាននោះទេ។

បើតាមលោក Carlyle A. Thayer ភាគីចិនមិនបានទទួលស្គាល់យុត្តាធិការតុលាការមួយនេះនោះទេនិងបានអំពាវនាវឲ្យហ្វីលីពីនងាកមករកយន្តការចរចាជាទ្វេភាគីវិញ។

គួរបញ្ជាក់ថាទាក់ទងនឹងជម្លោះសមុទ្រចិនខាងត្បូងនេះ ចិនមានជម្លោះជាមួយប្រទេសជាសមាជិកអាស៊ានចំនួនបួនគឺវៀតណាម ប្រ៊ុយណេ ម៉ាឡេស៊ីនិងហ្វីលីពីន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ