តុលាការខេត្តពោធិ៍សាត់សម្រេចមិនចាត់ការសំណុំរឿង​ទណ្ឌិតម្នាក់ស្លាប់នៅពន្ធនាគារ

លោក តូច វណ្ណារ៉េត ដែលត្រូវបានប្រទះចងកស្លាប់កាលពីថ្ងៃទី១ខែកុម្ភៈ ឆ្នាំ២០១៦(រូបថតពីសមាគមអាដហុក)

តុលាការខេត្តពោធិ៍សាត់បានសម្រេចតម្កល់សំណុំរឿងទណ្ឌិតម្នាក់ដែលស្លាប់នៅក្នុងពន្ធនាគារកាលពីដើមខែកុម្ភៈ  ទុកមិនចាត់ការ ដោយអះអាងថាករណីនេះមិនមែនជារឿងឃាតកម្ម ដូចការប្តឹងរបស់ក្រុមគ្រួសារនោះទេ។

កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៦ ទណ្ឌិតម្នាក់ឈ្មោះ តូច វណ្ណារ៉េត អាយុ២៨ឆ្នាំ(រហូតមកដល់ថ្ងៃស្លាប់) ត្រូវបានប្រទះឃើញស្លាប់ដោយចងកក្នុងបន្ទប់ទឹក នៅម៉ោង៥ទៀបភ្លឺ ដោយសមត្ថកិច្ចអះអាងថាជាការធ្វើអត្តឃាតបន្ទាប់ពីចុះពិនិត្យសាកសព។ ករណីស្លាប់នេះ ក្រុមគ្រួសារចាត់ទុកថាមិនមែនជាអត្តឃាតនោះទេ។ កាលពីថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៦  ម្ដាយជនរងគ្រោះបានដាក់ពាក្យបណ្តឹងទៅតុលាការខេត្តពោធិ៍សាត់ ស្នើឲ្យតុលាការខេត្តនេះស៊ើបអង្កេតករណីនេះ។

ម្ដាយរបស់ជនរងគ្រោះ អ្នកស្រី រិន វណ្ណនី ប្រាប់វីអូឌីកាលពីថ្ងៃចន្ទថាក្រឡាបញ្ជីម្នាក់បានទូរស័ព្ទមកអ្នកស្រី ដោយប្រាប់ថាតុលាការតម្កល់រឿងនេះទុកមិនចាត់ការ។ អ្នកស្រីបន្តថាតុលាការមិនបានបញ្ជាក់លម្អិតនោះទេ ដោយគ្រាន់តែប្រាប់ថាការស្លាប់របស់កូនប្រុសគាត់គឺស្លាប់ដោយសារចងកខ្លួនឯង មិនមែនស្លាប់ដោយករណីឃាតកម្មទេ។ អ្នកស្រីអះអាងថាអ្នកស្រីមិនសុខចិត្តចំពោះការសម្រេចរបស់តុលាការ ហើយអ្នកស្រីនឹងប្ដឹងឧទ្ធរណ៍បន្តទៀត ។

អ្នកស្រីមានប្រសាសន៍ថា៖ ”ដំបូងអ៊ុំរៀបរាប់តាមហ្នឹង ហើយគេថាចាំគេចុះទៅ នៅមណ្ឌលអប់រំកែប្រែទី៤ គេស៊ើបអង្កេត។ គេចុះទៅសួរ ដល់ហើយបាត់ទៅ។ ដល់ក្រោយមក តេមកថារឿងនឹងគេតម្កល់ទុក…គេថាកូនខ្ញុំចងកពិតប្រាកដមែន ខ្ញុំថាចងកយ៉ាងម៉េច បើស្លាកស្នាមវាយធ្វើបាបកូនខ្ញុំ។ ហើយមុនយប់វាស្លាប់ វាតេប្រាប់ឲ្យខ្ញុំទៅ(ពោធិ៍សាត់)ឲ្យលឿនដែរហ្នឹង ឲ្យវេលុយ៥០ដុលា្លរដើម្បីប្ដូរបន្ទប់ ថាគេធ្វើបាបវាខ្លាំងណាស់មុនស្លាប់ប៉ុន្មានថ្ងៃវាប្រាប់ខ្ញុំថាគេធាក់សុទ្ធកញ្ចឹងក”។

អ្នកនាំពាក្យនិងជាព្រះរាជអាជ្ញារងសាលាដំបូងខេត្តពោធិ៍សាត់ លោក ឡុង ជាប  សុំមិនធ្វើអត្ថាធិប្បាយចំពោះករណីនេះ ។ លោកមានប្រសាសន៍ថា៖“ខ្ញុំមិនអាចនិយាយការងារផ្ទៃក្នុងការងារស៊ើបអង្កេតហ្នឹងបានទេ ប៉ុន្តែបើមានលិខិតជូនដំណឹងគឺគេភ្ជាប់ជាមួយដីកាតម្កល់រឿងទុកអត់ចាត់ការ គាត់អាចមើលសំអាងហេតុនៅក្នុងដីកាតម្កល់រឿងទុកអត់ចាត់ការហ្នឹងមានហើយ។ ហើយបើឲ្យខ្ញុំនិយាយពីសាច់រឿងតែម្ដងវាអត់នេះទេ គឺវាការសម្ងាត់វិជ្ជាជីវៈការស៊ើបអង្កេត អញ្ចឹងខ្ញុំមិនអាចទៅនិយាយថាសាច់រឿងនេះចេះៗៗៗបានទេ វាពាក់ព័ន្ធបទល្មើសការសម្ងាត់វិជ្ជាជីវៈ”។

កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៦ VODបានដាក់លិខិតទៅក្រសួងមហាផ្ទៃដើម្បីសុំជួបសម្ភាសន៍ផ្ទាល់ជាមួយ ប្រធានមណ្ឌលអប់រំកែប្រែទី៤ ទាក់ទងនឹងការស្លាប់ទណ្ឌិតនោះ ប៉ុន្តែក្រសួងមហាផ្ទៃបានបដិសេធការសុំចូលជួបសម្ភាសន៍ ដោយអះអាងថាករណីស្លាប់របស់ទណ្ឌិតឈ្មោះ តូច វណ្ណារ៉េត នៅមណ្ឌលអប់រំកែប្រែទី៤ ក្រោយពីក្រុមការងារស៊ើបអង្កេតនិងធ្វើកោសល្យវិច្ច័យ៤នៃស្នងការនគរបាលខេត្តពោធិ៍សាត់ បានសន្និដ្ឋានថាសពទណ្ឌិត ពិតជាធ្វើអត្តឃាតមែន។

ប្រធានមណ្ឌលអប់រំកែប្រែទី៤ដែលស្ថិតនៅក្នុងស្រុកភ្នំក្រវាញខេត្តពោធិ៍សាត់ លោក អ៊ុក គឹមជន ធ្លាប់បានបដិសេធនឹងការលើកឡើងថាមានការធ្វើទារុណកម្មទៅលើទណ្ឌិតមុនពេលស្លាប់នោះទេ។ លោកក៏បានច្រានចោលព័ត៌មានថាមានការបង់លុយ៥០ដុល្លារសម្រាប់ការប្តូរបន្ទប់។ លោកចាត់ទុកការអះអាងរបស់ក្រុមគ្រួសារជារឿងបំផ្លើស។ លោកមានប្រសាសន៍ថា៖“គ្មានការធ្វើទារុណកម្មទេ។ រាល់ទណ្ឌិតទាំងអស់ដែលខ្ញុំធ្លាប់មានបទពិសោធន៍បួនប្រាំពន្ធនាគារហើយ។ ពួកនេះវាមានល្បិចវាច្រើនណាស់។ វាទារលុយទៅគ្រួសារវា តិចទារ តិចទារ ដល់ពេលទារពេកទៅ គ្រួសារអត់ឲ្យ ដល់អត់ វាបំប៉ោងព័ត៌មាន ដើម្បីឲ្យគ្រួសារផ្ញើលុយឲ្យ”។ លោកបដិសេធមិនអត្ថាធិប្បាយថាតើជនរងគ្រោះមានរបួសកនិងស្មាមុនពេលស្លាប់ ដោយបង្វែរសំណួរទៅក្រុមស៊ើបអង្កេត។

បើតាមរបាយការណ៍របស់សមត្ថកិច្ចដែលវីអូឌីទទួលបាន ទណ្ឌិតបានចងកនឹងចំរឹងដែក(ខ្យល់ចេញចូល)ដែលមានកម្ពស់ប្រវែង១,៨០ម៉ែត្រមកដល់ផ្ទៃចាក់សាប។ របាយការណ៍បញ្ជាក់ថាទណ្ឌិតបានចងកនឹងកន្សែងពណ៌ត្រួយចេកប្រវែង១,៦៦ម៉ែត្រ។

គួរបញ្ជាក់ថាទណ្ឌិតឈ្មោះ តូច វណ្ណារ៉េត ត្រូវបានតុលាការរាជធានីភ្នំពេញកាត់ទោសឲ្យជាប់ពន្ធនាគារបីឆ្នាំពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។ លោកត្រូវបានឃុំខ្លួននៅពន្ធនាគារព្រៃស កាលពីថ្ងៃទី៥ខែឧសភា ឆ្នាំ២០១៤។ ក្រុមគ្រួសារអះអាងថាក្រោយពីជាប់ពន្ធនាគារនៅព្រៃសបានជាង១ឆ្នាំ លោក តូច វណ្ណារ៉េត ត្រូវបានផ្លាស់ប្តូរពីពន្ធនាគារនៅភ្នំពេញទៅខេត្តពោធិ៍សាត់វិញ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ