អាល្លឺម៉ង់ បារាំង និង​អ៊ីតាលីប្ដេជ្ញា​ពង្រឹង​កម្លាំង​សហភាព​អឺរ៉ុប

(រូបភាពពី AFP)

កាលពីថ្ងៃម្សិលមិញមេដឹកនាំអាល្លឺម៉ង់ បារាំង និងអ៊ីតាលីបានប្ដេជ្ញាពង្រឹងកម្លាំងសហភាពអឺរ៉ុប ខណៈដែលប្លុកមួយនេះកំពុងរំជើបរំជួលបន្ទាប់ពីការធ្វើប្រជាមតិចាកចេញពីប្លុកមួយនេះរបស់អង់គ្លេស។

ទីភ្នាក់ងារព័ត៌មាន AFP បានរាយការណ៍ថាអធិការបតីអាល្លឺម៉ង់ លោកស្រី Angela Merkel ប្រធានាធិបតីបារាំង លោក ហ្វ្រង់ស័រ ហូឡង់ និងនាយករដ្ឋមន្ត្រីអ៊ីតាលី លោក Matteo Renzi បានប្រាប់ទៅក្រុងឡុងដ៍ថា ប្លុកមួយនេះនឹងមិនធ្វើសេចក្ដីសម្រេចណាមួយទេ ដរាបណាអង់គ្លេសនៅមិនទាន់សម្រេចចាកចេញជាផ្លូវការនៅឡើយនោះ។

ប្រទេសដ៏សំខាន់ទាំងបីនៅក្នុងប្លុក EU នេះបានបង្ហាញសញ្ញាថាអង់គ្លេសត្រូវតែអនុវត្តតាមមាត្រា៥០ ដើម្បីចាកចេញពីសហគមន៍មួយនេះ មុននឹងអង់គ្លេសអាចចរចាអំពីពាណិជ្ជកម្មនិងចំណងដទៃទៀតរបស់ខ្លួនជាមួយនឹងសហភាពអឺរ៉ុប។

ទោះជាយ៉ាងណារដ្ឋមន្ត្រីហិរញ្ញវត្ថុអង់គ្លេស លោក George Osborne បានថ្លែងកាលពីថ្ងៃម្សិលមិញដែរថា ប្រទេសរបស់លោកគួរតែអនុវត្តតាមមាត្រា៥០នៅពេលណាមានទស្សនៈច្បាស់លាស់អំពីទំនាក់ទំនងនាពេលអនាគតជាមួយប្លុកមួយនេះ។

ប្រទេសអង់គ្លេសកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុនបានធ្វើប្រជាមតិមួយដោយបានសម្រេចចាកចេញពីសហភាពអឺរ៉ុប ដែលប្រទេសមួយនេះបានចូលរួមអស់រយៈពេលជាង៤០ឆ្នាំមកនោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ