ស្ថាប័នសារព័ត៌មានមួយចំនួន​នៅមិនទាន់សម្រេច​ពីការប្រើប្រាស់គោរមងារនៅក្នុងអត្ថបទ

ស្ថាប័នសារព័ត៌មានមួយចំនួននៅមិនទាន់សម្រេចថាតើគួរប្រើប្រាស់គោរមងាររបស់ថ្នាក់ដឹកនាំ តាមការណែនាំរបស់ក្រសួងព័ត៌មានឬយ៉ាងណានោះទេ។

ក្រសួងព័ត៌មានបានទុករយៈពេលត្រឹមខែកក្កដាសម្រាប់សារព័ត៌មានប្រើប្រាស់គោរមងារសម្តេចនៅក្នុងសារព័ត៌មាន។ ក្រសួងថាបើសារព័ត៌មានណាមិនគោរពតាមការណែនាំនេះទេ នោះក្រសួងនឹងសិក្សាពីផ្លូវច្បាប់ថាតើនឹងអាចបន្តអាជ្ញាប័ណ្ណឲ្យស្ថាប័ននោះទៀតឬទេ។

និពន្ធនាយកកាសែតភ្នំពេញប៉ុស្តិ៍ភាសាខ្មែរ លោក កៃ គឹមសុង ប្រាប់វីអូឌីនៅថ្ងៃអង្គារនេះថាស្ថាប័នរបស់លោកនៅមិនទាន់សម្រេចនៅឡើយលើការប្រើប្រាស់គោរមងារនៅក្នុងអត្ថបទ។ លោកមានប្រសាសន៍ថា៖ “យើងមិនទាន់ដឹងនៅឡើយទេ ចាំមើលបន្តិចទៀតសិន។ យើងមិនទាន់សម្រេចយ៉ាងណា តែក្នុងពេលបច្ចុប្បន្ននេះគឺប្រើនូវអ្វីដែលយើងមាន”

ស្រដៀងគ្នានោះដែរ នាយកគ្រប់គ្រងវិទ្យុបារាំង លោក សង់ហ្វ្រង់-ស័រតាន់  មានប្រសាសន៍ថាលោករង់ចាំ ការសម្រេចពីអ្នកគ្រប់គ្រងនៅប្រទេសបារាំង។ លោកបានមានប្រសាសន៍ថា៖ ”ខាងខ្ញុំមិនទាន់សម្រេចផង ចាំមើលគេឯងចាំមើលចុងខែ ឥឡូវនេះមិនទាន់សម្រេចចាំមើលអ្នកនៅខាងបារីស ដោយសារមានអ្នកធ្វើការនៅទីនោះ”

អ្នកសម្របសម្រួលនៃវិទ្យុអាស៊ីសេរី លោក យាង សុជាមេត្តា បានឲ្យដឹងថារហូតមកដល់ពេលនេះ វិទ្យុអាស៊ីសេរីមិនទាន់ប្រើប្រាស់គោរមសម្រាប់អត្ថបទតាមការណែនាំរបស់ក្រសួងនៅឡើយទេ។ លោកបញ្ជាក់ថា៖ “យើងចាំមើលតិចទៀតសិនថាតើ បញ្ហាហ្នឹងនឹងបន្តទៅយ៉ាងម៉េចទៀត។ ប៉ុន្តែនៅពេលនេះ អ្វីដែលយើងធ្លាប់ធ្វើកន្លងមកគឺយើងនៅតែធ្វើអញ្ចឹង”

អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន លោក អ៊ុក គឹមសេង ធ្លាប់ប្រាប់វីអូឌីតាមការយល់ឃើញរបស់លោកថាស្ថាប័នសារព័ត៌មានគួរពិនិត្យពីការប្រើពាក្យសម្តេច ហ៊ុន សែន នៅក្នុងអត្ថសារព័ត៌មាន បើទោះមិនបានប្រើពេញលេខតាមគោរមងារដែលព្រះមហាក្សត្រប្រទាន។ លោកបញ្ជាក់ថាប្រសិនបើមិនមានការប្រើប្រាស់គោរមងារតាមការកំណត់ ក្រសួងនឹងចាត់វិធានការផ្លូវច្បាប់។ លោកមានប្រសាសន៍ថា៖ “បើយើងនាំគ្នាសហការធ្វើតាមការណែនាំរបស់ក្រសួង ព្រោះអីក្រសួងណែនាំហ្នឹងក៏មិនមែនក្រសួងធ្វើដោយចិត្ដឯងដែរគឺដោយសារស្រុកយើងមានព្រះរាជក្រឹត្យមានអី។ល។ ដែលផ្ដល់គោរមងារ។ អញ្ចឹងហើយយើងសុំឲ្យមានការសហការធ្វើបែបនេះ ឧទាហរណ៍ថាប្រសិនបើធ្វើអត់បានទេអើ ក្រសួងក៏មិនដឹងទៅចាប់បង្ខំម៉េចដែរ តែក្រសួងមានវិធានការតាមដែលអាចធ្វើទៅបាន”។ លោកបញ្ជាក់ថាវិធានការនោះអាចជាការបញ្ឈប់អាជ្ញាប័ណ្ណឲ្យផ្សព្វផ្សាយជាដើម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ