លោក ហ៊ុន សែន បញ្ជាឲ្យកែម្តងទៀត ច្បាប់ស្តីពីគណបក្សនយោបាយ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន (រូបភាពពីហ្វេសប៊ុកនាយករដ្ឋមន្ត្រី)

លោក ហ៊ុន សែន បញ្ជាឲ្យសមាជិកសភានៃគណបក្សកាន់អំណាច ធ្វើវិសោធនកម្មម្តងទៀត ចំពោះច្បាប់ស្តីពីគណបក្សនយោបាយ បន្ទាប់ពីច្បាប់នេះទើបតែបានធ្វើការកែប្រែដោយចម្រូង ចម្រាសកាលពីដើមឆ្នាំ២០១៧។

ក្នុងពិធីរំលឹកខួបអនុស្សាវរីយ៍ ៦៦ឆ្នាំ នៃការបង្កើតគណបក្សប្រជាជនកម្ពុជា នៅថ្ងៃនេះ លោក ហ៊ុន សែន បានថ្លែងទៅកាន់អ្នកគាំទ្ររាប់ពាន់នាក់នៅកោះពេជ្រ ដោយឲ្យកែប្រែបន្ថែមទៀត ទៅលើច្បាប់ស្តីពីគណបក្សនយោបាយ ដោយថា កុំឲ្យអ្នកទោសធ្វើសកម្មភាពនយោបាយ៖ «យើងត្រូវធ្វើវិសោធនកម្មច្បាប់បន្ថែមទៀត អំពី[ច្បាប់]បក្សនយោបាយ ដែលមុននេះមិនតម្រូវឲ្យអ្នកទោសទទួលតួនាទីជាមួយនឹងឋានៈណាមួយនៅក្នុងគណៈនាយក ឬប្រធានបក្សនោះទេ។ ប៉ុន្តែឥឡូវនេះ ការចេញមុខរបស់មនុស្សដែលគ្មានការអៀនខ្មាស តើចំណោទខាងផ្លូវច្បាប់វាយ៉ាងម៉េច? អ្នកទោសវាតែងបាត់បង់សិទ្ធិបោះឆ្នោត ហេតុអ្វីអ្នកទោសបែរក្លាយទៅជាអ្នកដែលបង្កសង្គ្រាមឥតចេះឈប់?»។

ការបញ្ជាឲ្យកែប្រែច្បាប់នេះជាថ្មីទៀតដោយ  លោក ហ៊ុន សែន គឺតែពីរថ្ងៃបន្ទាប់ពី លោក សម រង្ស៊ី បានបង្ហោះវីដេអូនៅលើហ្វេសប៊ុករបស់លោក ​រំលឹកឡើងវិញ ពីប្រវត្តិរបស់គណបក្សប្រជាជនកម្ពុជា ដោយថា បានកើតចេញពីគណបក្សកុម្មុយនីស​ឥណ្ឌូចិន ដឹកនាំដោយ ហូ ជីមិញ។ លោក សម រង្ស៊ី បានបកស្រាយនៅក្នុងវីដេអូនោះថា គណបក្សប្រជាជនកម្ពុជា ជាគណបក្ស«យួនបង្កើត» ដឹកនាំដោយ«យួនបង្កប់» និងធ្វើតាម«យួនបង្គាប់»។

ជាមួយនឹងការបញ្ជាឲ្យកែប្រែច្បាប់ម្តងទៀត ប្រឆាំងនឹងការធ្វើសកម្មភាពនៅក្រៅប្រទេសរបស់អតីតមេបក្សប្រឆាំងនោះ លោក ហ៊ុន សែន ក៏បានចំអកឲ្យលោក សម រង្ស៊ី វិលមក កម្ពុជាវិញដើ​ម្បីចាប់ដាក់គុក។ «បើអ្នកចិត្តសឿងអញ្ជើញមក ទ្វារបើកចំហរួចហើយ! មុននេះ បានប្រកាសបើកទ្វារភ្លាមទៅភ្លាម ទោះបីជាប់គុក ឬក៏ស្លាប់។ ទ្វារបានបើកចំហ តែឥឡូវនេះបានបញ្ជាក់ពីលេសនេះលេសនោះ»។

អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាង មានប្រសាសន៍ថា ការធ្វើច្បាប់ដើម្បីកំចាត់កំចាយខ្មែរគឺមិនបានផលចំណេញដល់ប្រជារាស្ត្រទេ បើការធ្វើច្បាប់ដើម្បីបង្រួបបង្រួមខ្មែរ ឬឯកភាពគ្នាទើបនាំមកនូវសន្តិភាពពិតប្រាកដ ៖ «យើងចង់ឲ្យអ្នកនយោបាយខ្មែរនិយាយគ្នា ដោះស្រាយជាមួយគ្នានៅលើបញ្ហានានា ហើយយើងប្រកួតប្រជែងជាមួយដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌តាមរយៈការបោះឆ្នោត។ ទោះបីធ្វើរបៀបហ្នឹង ដែលចង់បញ្ចប់ជីវិតនយោបាយ លោក សម រង្ស៊ី វាមិនចប់ទេ! ព្រោះឥទ្ធិពលនយោបាយរបស់ លោក សម រង្ស៊ី គឺអាស្រ័យទៅលើប្រជាពលរដ្ឋខ្មែរ មិនមែនអាស្រ័យទៅលើច្បាប់ដែលអ្នកមានអំណាចធ្វើទេ»។

សាស្រ្តាចារ្យនយោបាយ លោក សូ ចន្ថា មានប្រសាសន៍ថា ប្រសិនបើការប៉ុនប៉ងនៃការធ្វើវិសោធនកម្មច្បាប់នេះបានជោគជ័យ វាជាបន្ទុកមួយដែលធ្វើឲ្យលំហសេរីភាពនយោបាយដែលការពារដោយរដ្ឋធម្មនុញ្ញត្រូវរឹតត្បឹតបន្ថែមទៀត «បក្សកាន់អំណាចគួរតែពិចារណាឡើងវិញ ដោយសារតែការធ្វើច្បាប់ទាំងអស់គួរតែពិនិត្យអំពីហានិភ័យនៃប្រជាធិបតេយ្យនៅកម្ពុជា ចៀសជាងការដែលធ្វើដើម្បីតែហេតុផលនយោបាយ»។

ច្បាប់ស្តីពីគណបក្សនយោបាយ ដែលបានអនុម័តកាលពីឆ្នាំ១៩៩៧ ត្រូវបានស្នើ​ធ្វើ​វិសោធនកម្ម​ឡើងវិញម្តងហើយ ដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីចុងខែមករាឆ្នាំ២០១៧ និង​ត្រូវបាន​ចូលជាធរមាន បន្ទាប់ពីបានចុះហត្ថលេខាកាលពីថ្ងៃទី៧ខែមីនាដោយ​លោក សាយ ឈុំ ប្រធាន​ព្រឹទ្ធសភានិង​ជាប្រមុខរដ្ឋស្តីទី ជំនួសព្រះមហាក្សត្រ ដែលបានយាងទៅចិន។

ខ្លឹមសារសំខាន់​ក្នុងច្បាប់ស្តីពីគណបក្សនយោបាយនេះ​ គឺមិនអនុញ្ញាតិឲ្យប្រធាន ឬអនុប្រ​ធាន​គណ​​បក្សនយោបាយណា ដែលប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ មាន​សិទ្ធិដឹកនាំបក្សបាននោះទេ។ លើស​ពី​នេះទៀត បើប្រធាន អនុប្រធាន​បក្សណា​មួយ បាន​ប្រព្រឹត្ត​បទល្មើសព្រហ្មទណ្ឌ​ធ្ងន់ធ្ងរ​ ក្រសួង​មហាផ្ទៃ​មាន​សិទ្ធិ​ប្តឹង​ទៅតុលាការកំ​ពូល ដើម្បី​រំលាយបក្សនោះ​។

ទាំងសហគមន៍ជាតិ និងអន្តរជាតិ បានប្រតិកម្មជាបន្តបន្ទាប់ ដោយពួកគេបានរិះគន់ច្បាប់ថ្មីនេះថា​បាន «ផ្តល់អំណាចដ៏​លើ​សលប់ ដល់រដ្ឋាភិបាលក្នុង​ការរំលាយ​គណបក្ស​ណា​មួយ​​ហើយឈានទៅរករបបឯកបក្ស»។ ប៉ុន្តែរដ្ឋាភិបាលកម្ពុជាប្រតិកម្មថា ប្រទេសទាំងនោះ​កំពុង​ជ្រៀត​ជ្រែកកិច្ចរបស់កម្ពុជា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ