មេធាវីថា តុលាការមិនកោះហៅលោក ហ៊ុន សែន ជារឿងអយុត្តិធម៌

នៅព្រឹកថ្ងៃពុធនេះ តុលាការកំពូលបានបើកសវនាការទាក់ទងបណ្តឹងរបស់លោក គឹម សុខ ដែលសុំកោះហៅលោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន មកឆ្លើយតទល់គ្នាក្នុងនាមជាដើមបណ្ដឹង ករណីដែលលោកបញ្ជាឲ្យចាប់អ្នកវិភាគនយោបាយដាក់ពន្ធនាគារ។

មេធាវីការពារក្ដីឲ្យលោក គឹម សុខ គឺលោក ជូង ជូងី បានឲ្យអ្នកសារព័ត៌មានដឹងនៅក្រោយសវនាការថា សាលាដំបូងរាជធានីភ្នំពេញនិងសាលាឧទ្ធរណ៍ បានប្រើប្រាស់ឆន្ទានុសិទ្ធិរបស់ខ្លួន ដោយបដិសេធមិនព្រមកោះហៅលោក ហ៊ុន សែន តបតាមបណ្ដឹងរបស់លោក គឹម សុខ ឡើយ។

លោកថា សវនាការនៅព្រឹកនេះ គឺដោយសារលោក គឹម សុខ ចង់ឲ្យលោកប្ដឹងសាទុក្ខទៅតុលាការកំពូល ដើម្បីឲ្យលោក ហ៊ុន សែន ចូលមកឆ្លើយតតាំងគ្នាជាមួយលោក។

លោក ជូង ជូងី មានប្រសាសន៍ថា ការមិនកោះហៅលោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន នេះ គឺជាការរំលោភសិទ្ធិចុងចោទធ្ងន់ធ្ងរ ដោយថា តាមច្បាប់គឺលោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន គួរត្រូវបានតុលាការកោះហៅឲ្យចូលមកឆ្លើយតតាំងគ្នាជាមួយលោក គឹម សុខ។

លោកថា៖ «ប៉ុន្ដែលោក គឹម សុខ អះអាងថា ការសុំនេះគឺត្រឹមត្រូវ ហើយដូចគ្នាដែរ ខ្ញុំជាមេធាវីការពារឲ្យលោក គឹម សុខ គឺការកោះហៅដើមបណ្ដឹងមកតទល់ជាមួយចុងចោទ នៅតុលាការ គឺជា​វិធីដែលត្រឹមត្រូវបំផុត ហើយដែលបង្ហាញឲ្យឃើញពីតម្លាភាព និងបង្ហាញនូវឥរិយាបថ ឬក៏បំណងពិតប្រាកដរបស់ដើមបណ្ដឹង ប៉ុន្ដែការដែលចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ក៏ដូចជាសាលាឧទ្ធរណ៍ នៅតែច្រានចោលពាក្យសុំ គឺការសម្រេចបែបនេះ មិនបានផ្ដល់នូវភាពយុត្តិធម៌ ឬក៏ភាពស្មើគ្នាក្នុងការតទល់ក្ដីទេ»។

ក្នុងបន្ទប់សវនានៅព្រឹកនេះ មេធាវីការពារឲ្យលោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន គឺ លោក គី តិច ថ្លែងថា លោកបានទទួលសិទ្ធិពីដើមបណ្ដឹងគ្រប់គ្រាន់ហើយ និងមិនចាំបាច់កោះហៅលោកនាយករដ្ឋមន្ដ្រីមកឆ្លើយតតាំងគ្នានោះទេ។

ចំណែកតំណាងមហាអយ្យការអមតុលាការកំពូល លោក ឈឿន ចន្ថា លើកឡើងថា បណ្ដឹងសុំកោះហៅដើមបណ្ដឹងមកឆ្លើយតតាំងគ្នានេះ គឺជារឿងមិនត្រឹមត្រូវនិងពុំចាំបាច់។

ចំពោះសាលដីកាលើបណ្តឹងសុំកោះហៅលោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន តុលាការកំពូលនឹងប្រកាសនៅថ្ងៃទី៥ខែកក្កដាឆ្នាំ២០១៧។ ចំណែកបណ្ដឹងសុំក្រៅឃុំរបស់លោក គឹម សុខ ក៏នឹងត្រូវប្រកាសនៅថ្ងៃទី៥ខែកក្កដាដូចគ្នាដែរ។

លោក គឹម សុខ អ្នកវិភាគនយោបាយ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញបញ្ជាឲ្យឃុំខ្លួនបណ្ដោះអាសន្ន កាលពីថ្ងៃទី១៧កុម្ភៈឆ្នាំ២០១៧ ដោយចោទប្រកាន់ពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋអាទិ៍ និងបរិហាកេរ្តិ៍ជាសាធារណៈ ពាក់ព័ន្ធនឹងការវិភាគថា គណបក្សកាន់អំណាចនៅពីក្រោយការបាញ់សម្លាប់លោក កែម ឡី៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ