គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) សម្តែងការសោកស្តាយចំពោះការវាយតម្លៃមិនត្រឹមត្រូវអំពីដំណើរការរៀបចំការបោះឆ្នោតនៅកម្ពុជា ដោយថាគ្មានព្រឹត្តិការណ៍ជាក់ស្តែងមកបញ្ជាក់ការពិតនិងធ្វើឲ្យសាធារណជនមានការយល់ច្រឡំ លើលទ្ធផលនៃការរាប់សន្លឹកឆ្នោត។
ក្នុងសេចក្តីថ្លែងការណ៍ចុះថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៧ ម្សិលមិញ គណៈកម្មាធិការជាតិរៀបចំការបើឆ្នោតបានបញ្ជាក់ថា គ្មានការបោះឆ្នោតណាមួយដែលរៀបចំបានល្អឥតខ្ចោះមួយរយភាគរយនោះទេ ទោះបីនៅប្រទេសដែលអភិវឌ្ឍន៍ខ្លាំងក៏ដោយ។ គ.ជ.ប ចាត់ទុកថាការវាយតម្លៃអវិជ្ជមានពីការបោះឆ្នោតនៅកម្ពុជា ជាការលើកឡើងដោយគ្មានភស្ភុតាង គ្មានមូលដ្ឋានច្បាប់ត្រឹមត្រូវ និងធ្វើឲ្យប្រជាពលរដ្ឋភ័ន្តច្រឡំ។
គ.ជ.ប លើកឡើងទៀតថា គ្រប់បញ្ហាដែលកើតឡើងនៅក្នុងពេលបោះឆ្នោត និងរាប់សន្លឹកឆ្នោតនោះមិនមានបណ្តឹងណាមួយធ្ងន់ធ្ងរនោះទេ ហើយថារាល់បណ្តឹងទាំងនោះ គជប ធ្វើការដោះស្រាយដោយត្រឹមត្រូវ និងមានតម្លាភាពបំផុត។
ក្នុងសេចក្តីថ្លែងការនោះដែរ គ.ជ.ប បានអំពាវនាវឲ្យគ្រប់ភាគីពាក់ព័ន្ធ និងប្រជាពលរដ្ឋទាំងអស់រក្សាភាពស្ងប់ស្ងាត់ក្រោយព្រឹត្តិការណ៍បោះឆ្នោតនេះ ដើម្បីរក្សាសន្តិសុខ និងភាពស្ងប់ស្ងាត់សម្រាប់ប្រទេសជាតិ។
កាលពីថ្ងៃទី១២មិថុនា អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (Human Rights Watch) បានចេញសេចក្តីថ្លែងការណ៍របស់ខ្លួនថា ការបោះឆ្នោតឃុំសង្កាត់ឆ្នាំ២០១៧នៅកម្ពុជា មិនពេញលក្ខណៈនៃការបោះឆ្នោតប្រជាធិបតេយ្យនោះទេ ដោយសារមានការគំរាមទៅលើបក្សប្រឆាំង និងសង្គមស៊ីវិលមុនការបោះឆ្នោត ការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយមិនស្មើភាពគ្នា ការចេញមកបោះឆ្នោតដោយទាហានដែលស្ថិតក្នុងឯកសណ្ឋាន និងការបាត់បង់សំឡេងរបស់កម្មករចំណាកស្រុក ក៏ដូចជាកម្មកររោងចក្រនៅក្នុងស្រុកជាដើម៕
ម៉ាប់ ស៊ុយ