វិភាគ៖ តើមានអ្វីនៅពីក្រោយការបញ្ជារបស់លោក ហ៊ុន សែន ឲ្យចាត់កា​របន្ទប់ស្ថានការ​ណ៍?

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន (រូបភាពពីហ្វេសប៊ុកនាយករដ្ឋមន្ត្រី)

ជាថ្មីម្តងទៀត លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងជាមេដឹកនាំបក្សកាន់អំណាចផងនោះ ​បាន​ប្រតិកម្ម​ខ្លាំ​​ង​​ៗ​​ ទៅនឹងក្រុមអង្គការសង្គមស៊ីវិល ដែលបង្កើ​តឲ្យមានបន្ទប់​ស្ថានការណ៍ សម្រាប់ឃ្លាំ​មើ​ល​​​ដំណើ​​រការ​បោះឆ្នោត។

ក្នុងពិធីរំឭកខួប៦៦ឆ្នាំនៃការបង្កើតគណបក្សប្រជាជនកម្ពុជា ដែលធ្វើឡើងក្នុងរាជធានីភ្នំពេញ នាថ្ងៃទី​២៨​​​​ខែមិថុនា លោក ហ៊ុន សែន បានបញ្ជាត្រង់ៗ ទៅរដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស ខេង ឲ្យ​ចាត់វិ​ធាន​ការ​​ប​ន្ទា​ន់​​​​ ទៅ​លើក្រុមនេះ ខណៈដែលបន្ទប់ស្ថានការណ៍បានរំសាយទៅហើយនោះ។

បន្ទប់ស្ថានការណ៍ឃ្លាំមើលការបោះឆ្នោត បានបង្កើតឡើងដោយ​ក្រុមអង្គការ​សង្គមស៊ីវិល ​ប្រមាណ​ជា​៣០​​អង្គការ។ អង្គការទាំងនោះ ធ្វើការផ្តោតលើសិទ្ធិមនុស្ស​ សិទ្ធិយុវជន សិទ្ធិការងារ លើកកម្ពស់សិទ្ធិស្ត្រី ក្រុម​អ្នកច្បា​ប់ និ​​ងអង្គការ​​​ឃ្លាំមើលការបោះឆ្នោតជាដើម។

លោ​ក ហ៊ុន សែន បានបញ្ជាទៅលោក ស ខេង ឲ្យចាត់វិធានបន្ទាន់ទៅលើបន្ទប់ស្ថានការណ៍នេះ ដោយលោ​កដាក់ការសង្ស័យពីរចំនុច។ ចំនុចទី១ លោកសួរទៅលោក ស ខេង ថា តើបន្ទប់​ស្ថាន​ការ​ណ៍បង្កើ​តឡើ​ង​ស្រ​​បច្បាប់ឬទេ?  និងទី​២ លោ​​​កចោទថា ប​ន្ទប់​​​ស្ថានកា​រណ៍នេះអា​ច «ជា​មូ​លដ្ឋា​ន​បញ្ជាគោ​លការណ៍នៃ​បដិ​​វត្តព​ណ៌​» ឬក៏យ៉ាងណា?

បន្ទ​ប់​ស្ថានការណ៍ ធ្លាប់រកឃើញភាពមិនប្រក្រតីជាច្រើននៃការបោះឆ្នោតកន្លងទៅ ដូចជាទឹកថ្នាំ​ជ្រ​ល​ក់​​​ដៃ​ប​​ម្រើ​​​ឲ្យកា​​របោះឆ្នោ​តអាចលាងជ្រះ បញ្ជីបោះឆ្នោតចាស់មានឈ្មោះស្ទួននិងចំនួ​នអ្ន​កបា​ត់សិ​ទ្ធិ​បោះ​ឆ្នោ​ត​ជាដើម ។

ប៉ុន្តែក្រោយមក គណបក្សប្រជាជនកម្ពុជា របស់លោក ហ៊ុន សែន យល់ព្រម​ឲ្យរំលាយ​ក្បាល​ម៉ា​ស៊ីន​ដឹកនាំ ​គជប ចាស់​ចោល បង្កើត គជប ថ្មីតាមការទាមទាររបស់បក្សប្រឆាំង អំឡុងក្រោយ​ការបោះ​ឆ្នោ​ត​ឆ្នាំ​២០១៣។

សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ លោក សូ ចន្ថា លើកឡើងថា បើគេពិនិត្យទៅលើក្រុម អង្គកា​រសង្ង្គមស៊ីវិលដែលបង្កើតបន្ទប់ស្ថានការណ៍ឃ្លាំមើលការបោះឆ្នោត លោកវិភាគថា ក្រុមអង្គការនោះ នឹងមិនទៅបង្កើតឲ្យមា​នប​ដិវ​ត្តព​ណ៌ទៅ​ផ្តួលរំ​លំ​រដ្ឋា​ភិបាល ដូចការភ័យខ្លាច របស់នាយក​រដ្ឋ​មន្ត្រី​នោះ​ទេ។

លោកថា៖ «ខ្ញុំមើលជាទូទៅ ខ្ញុំហាក់ដូចជាមិនឃើញមានចំនុច​ណាមួយដែលថាបន្ទ​ប់ស្ថាន​ការណ៍ជា​ទីតាំងមួយ​ដែ​ល​ឈានទៅធ្វើបដិវត្តពណ៌នោះទេ។ ក៏ប៉ុន្តែអ្វីដែលជាកិច្ចការ សកម្មភាពរបស់បន្ទប់ស្ថានការណ៍នោះ វា​គ្រាន់​​តែជាការចូលរួមចំណែកជំរុ​ញកា​របោះ​ឆ្នោតនៅកម្ពុជា ឲ្យមានភាពល្អប្រសើ ក្នុងគោ​លដៅលើ​កកិត្តិ​យស​លើកមុខមាត់ របស់កម្ពុ​ជាលើឆា​កអន្ត​រជាតិ​ដែលពាក់ព័ន្ធនឹងវិស័​យបោះឆ្នោត។ ព្រោះ​កន្លងមក​យើងមា​ន[សហគមន៍អន្តរជាតិ] ចេញសេចក្តីថ្លែងការណ៍មា​នការរិះគន់ពាក់​ព័ន្ធនឹងការបោះ​ឆ្នោ​ត​នៅ​កម្ពុជា​ហ្នឹង មិនសុក្រឹតភាព មិនសេរីអីជាដើម»។

លោក សូ ចន្ថា លើកឡើងទៀតថា បន្ទប់ស្ថានការណ៍ ជួយ គជប ច្រើន ក្នុងការជំរុញតម្លាភាព ការ​បោះ​ឆ្នោ​តឃុំ សង្កាត់ នៅពេលថ្មីៗនេះ ដូចជា យន្តការតាមដានការចុះធ្វើបញ្ជីបោះឆ្នោតថ្មី របស់ គជប  ការ​ឃោស​នារកសំឡេងឆ្នោត របស់គណបក្សនយោបាយ ការដាក់ពង្រាយអ្នកសង្កេតការណ៍ នៅតាមការិ​យាល័​យបោះឆ្នោត ការតាមដា​នរាប់សន្លឹ​កឆ្នោ​ត នឹ​ង​​​ផ្តល់​​​អនុសាសន៍ ឲ្យធ្វើកំណែ​ទម្រ​​ង់​លើ​​ចំ​​នុចខ្វះខាត ដែលបានរកឃើញ ជាដើម។

សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយរូបនេះ វិភាគទៀតថា ការបញ្ជាឲ្យចាត់វិធានការ​ បន្ទប់ស្ថានកា​រណ៍ របស់លោក ហ៊ុន សែន នៅ​ពេលនេះ លោកថា អាចជាយុទ្ធសាស្ត្រ គំរាមថ្មីមួយទៀត ទប់ស្កាត់កុំឲ្យ គជប ទទួលយកឥទ្ធិពលពីអន្តរជាតិ ដើម្បីធ្វើកំណែទម្រង់បន្ថែមនូវអ្វីដែលបន្ទប់ស្ថានការណ៍រកឃើញ ដោយថា ដើម្បីទប់ស្កា​ត់ការធ្លា​ក់ចុះ​ប្រជា​ប្រិយ​​ភាព ក្នងការបោះឆ្នោតជាតិនៅឆ្នាំ២០១៨។

លោកថា៖ «ខ្ញុំគិតថាបន្ទប់ស្ថានការណ៍ជាបណ្តុំនៃអង្គការសង្គមស៊ីវិលនៅកម្ពុជាដែលកន្លងមកយើងឃើញហើយថារដ្ឋាភិបាលធ្វើកិច្ចការមួយចំនួន បានចាត់ទុកអង្គ​ការសង្គមស៊ីវិលជា​អ្នកដែលប្រឆាំ​ងជាមួយ​រដ្ឋា​ភិបា​ល ដូចករណីសមាគមអាដហុកអីជាដើម ដែលកំពុងតែជាប់ឃុំជាដើមនោះ។ នោះ​ជាផ្នែ​កមួយដែ​លយើ​ង​ឃើ​ញ​​ថាជាការផាត់ចេញ របស់រដ្ឋាភិបាល ចំពោះសង្គមស៊ីវិល។ ​ពិសេសអង្គកា​​រដែលពាក់ព័​ន្ធនឹងវិស័យ​បោះ​ឆ្នោតនៅ​កម្ពុជា ក្នុងគោលដៅមួយអាចថាជាការគាំរាមកំ​ហែងមិនឲ្យសង្គ​មស៊ីវិលពា​ក់ព័ន្ធ​នឹងកា​របោះ​ឆ្នោត»។

លោកបញ្ជាក់បែបនេះទៀតថា៖ «នៅពេលដែលមានការបោះឆ្នោតដោយសុក្រឹតភាពនោះជាបញ្ហាប្រឈមសម្រាប់ប​ក្សកាន់អំណាច អាចនឹងបាត់បង់ការគាំទ្រ ឬក៏សំឡេងនិងអាសនៈមួយចំនួន ដែលយើងឃើ​ញហើយក​ន្លងមក​ មានបញ្ហាប្រ​ឈមមួយចំនួនដូចជាភាពមិនច្បាស់លាស់នៃការគូសសន្លឹកឆ្នោត ការ​គូសសញ្ញាណលើសន្លឹកឆ្នោត ជាដើម។ អញ្ចឹងខ្ញុំគិតថា វាអាចជាហេតុផលមួយមិនអាចលួចបន្លំបាន ប្រសិនបើសង្គមសីុវិលទាំងអស់នោះចូលរួមតាមដានបន្តទៀតនោះ»។

សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយមួយរូបទៀតគឺ លោក ឯម សុវណ្ណារ៉ា លើកឡើងថា បន្ទប់ស្ថានការណ៍ នឹង​មិ​នបង្កើតឲ្យមានបដិវត្តពណ៌ ឈាន​ទៅ​ផ្តួលរំ​លំ​រដ្ឋាភិបាល ដូចការលើកឡើង​របស់នាយ​ករដ្ឋមន្ត្រី​នោះ​​ទេ។

ប៉ុន្តែលោ​ក ឯម សុវណ្ណារ៉ា វិភាគថាការដែលអ្នកឃ្លាំមើលការបោះឆ្នោតចង់ឲ្យរដ្ឋាភិបាលគោរព​សិទ្ធិ​មនុ​​​ស្ស បើកឱកាសឲ្យមានការប្រកួតប្រជែងដោយតម្ផាភាព ត្រូវផ្តល់ពេលគ្រប់​គ្រាន់ ឲ្យកម្មករក្នុង​វិស័យ​កាត់​ដេរ បានទៅបោះឆ្នោ​តនៅឆ្នាំ២០១៨ និងការជំរុញឲ្យព​លករចំណាកស្រុក ដែល​កំ​​ពុ​ងធ្វើ​ការនៅ​ក្រៅ​ប្រទេ​​សអាចបោះឆ្នោ​តបានទៅវិញទេ ដែលលោកថា មេដឹកនាំបក្សកាន់អំណាចមិនចង់​ឲ្យមាន ព្រោះ​ថា​កំ​ណែទម្រង់បែបនេះ ជាគ្រោះថ្នាក់ការគ្រប់គ្រងអំណាចក្រោយឆ្នាំ២០១៨។

លោកថា៖ «ជាទូទៅបើសិនជាគណបក្សកាន់អំណាច ឬគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត កែត​ម្រូវយន្តការនេះ ឲ្យមានការចូលរួមពីពលរដ្ឋបន្ថែមទៀត ហើយចុះឈ្មោះបោះឆ្នោតពីយុវជន ដែល​ជាក្មេងៗស​ម្រាប់គ្រប់អាយុទៅបោះឆ្នោតនៅឆ្នាំក្រោយប្រហែលពី៣០ទៅ៥០ម៉ឺននាក់នេះ វាអា​ចភាគ​ច្រើ​ន​ដែ​ល​យើងមើលឃើញ គឺគាត់មាននិន្នាការមួយគឺមិនគាំទ្ររដ្ឋាភិបាលទេ អានេះជាកា​រព្រួយបា​រម្ភមួយទៀត រប​ស់​បក្សកាន់អំណាច»។

ក្រុមអ្នកវិភាគ និយាយថា ការដែលរដ្ឋាភិបាលបញ្ជាឲ្យចាត់ការលើបន្ទប់ស្ថានការណ៍ ដោយទំនងជាគណបក្សកាន់អំណាចចាត់ទុកក្រុមអង្គការទាំងនេះថា «ជាឆ្អឹងទទឹងក» ពោលក្រុមនេះហើយ​ដែលជាអ្នកជំរុញ​ឲ្យការបោះឆ្នោតមានតម្លាភាព។ ប៉ុន្តែជាលទ្ធផលបានធ្វើឲ្យគណបក្សកាន់អំណាចថយចុះការគាំទ្រ ដោយ​​​ជាក់ស្តែងគណបក្សប្រជាជនបាត់បង់មេឃុំ និងចៅសង្កាត់អស់ជាង៤០០នាក់ និងសមាជិក​ក្រុមប្រឹក្សា​សរុបជិតពីរពាន់នាក់ទៀត ទៅគណ​បក្សប្រឆាំង​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ