ACU ទាត់ចោលបណ្តឹងរបស់ពលរដ្ឋដែលប្តឹងអភិបាលខណ្ឌម្នាក់

អង្គភាពប្រឆាំងអំពើពុករលួយទាត់ចោលបណ្តឹងរបស់សហគមន៍ដីធ្លី ដែលប្តឹងអភិបាលខណ្ឌពោធិ៍សែនជ័យពីបទពុករលួយ។

ប្រជាពលរដ្ឋសហគមន៍ SOS ក្បែរអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញកាលពីម្សិលមិញបានដាក់ពាក្យបណ្តឹងទៅអង្គភាពប្រឆាំងអំពើពុករលួយស្នើចុះស៊ើបអង្កេតលើមន្រ្តីអាជ្ញាធរខណ្ឌពោធិ៍សែនជ័យ ដោយសង្ស័យថាមន្រ្តីទាំងនោះជាប់ពាក់ព័ន្ធអំពើពុករលួយទើបមិនព្រមចេញប័ណ្ណកម្មសិទ្ធិដីធ្លីជូនពួកគាត់។ ប៉ុន្តែអង្គភាពនេះបានកោះហៅពលរដ្ឋជាម្ចាស់បណ្តឹងទៅប្រាប់នៅព្រឹកថ្ងៃព្រហស្សតិ៍នេះថា ACU មិនអាចចាត់ការលើបណ្តឹងនោះបានទេ ដោយថាមិនមានភស្តុតាងគ្រប់គ្រាន់។

ប្រធានសហគមន៍អ្នកស្រី ច្រាយ នីម បានសម្តែងការខកចិត្តចំពោះ ACU ដែលមិនចាត់ការបណ្តឹងរបស់ប្រជាពលរដ្ឋនេះ។ អ្នកស្រីបន្ថែមថា ACU តែងតែច្រានចោលបន្តឹងរបស់ពលរដ្ឋរងគ្រោះដីធ្លីឬពលរដ្ឋក្រីក្រដែលប្តឹងមន្រ្តីអាជ្ញាធរនិងអ្នកមានលុយមានអំណាច។ ប៉ុន្តែ ACU បែរចាត់ការលឿនលើបណ្តឹងរបស់បក្សពួកខ្លួនឬមន្រ្តីមានអំណាចដែលប្តឹងមកលើពលរដ្ឋវិញ។

អ្នកស្រីបន្ថែមថា៖ “ពួកយើងដែលជាប្រជាពលរដ្ឋរងគ្រោះដីធ្លីបានរកអន្តរាគមន៍ឬដាក់ពាក់បណ្តឹងនៅអង្គភាពប្រឆាំងអំពើពុករលួយហ្នឹងសឹងសឹកអស់ហើយ(ច្រើនដង) ការឆ្លើយតបនឹងដំណោះស្រាយមានតែការរារាំង ការប្រើហិង្សា អញ្ចឹងយើងមើលឃើញថា ACU នេះមិនមានគោលជំហរឬឆន្ទៈក្នុងការដោះស្រាយសម្រាប់ពួកយើងទេ”។

អភិបាលខណ្ឌពោធិ៍សែនជ័យលោក ហែម ដារិទ្ធ ប្រាប់វីអូឌីកាលពីថ្ងៃពុធម្សិលម៉ិញថា ក្រោយពីដ្ឋាភិបាលចេញសេចក្តីជូនដំណឹង (ស.ជ.ណ) មិនឲ្យមានការពង្រីកអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញរួចមក ខណ្ឌបានស្វាគមន៍ក្នុងការធ្វើប័ណ្ណកម្មសិទ្ធិឬលិខិតស្នាមផ្សេងៗជូនពលរដ្ឋ។ ប៉ុន្តែលោកស្នើឲ្យពលរដ្ឋមួយចំនួនដែលនៅជាប់របងព្រលានយន្តហោះ ត្រូវបន្ថយទំហំដីខ្លះតាមសេចក្តីកំណត់ស្តីពីការគ្រប់គ្រងកម្ពស់នៃអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បើមិនដូច្នោះទេខណ្ឌមិនចេញប័ណ្ណកម្មសិទ្ធិឲ្យបានឡើយ។

លោកបន្ថែមថា៖ “ពួកយើង(សាលាខណ្ឌពោធិ៍សែនជ័យ)ធ្វើប័ណ្ណកម្មសិទ្ធិឲ្យពួកគាត់តើ ប៉ុន្តែសំណង់អាគារឬផ្ទះប្រជាពលរដ្ឋណាដែលអាកាសយានដ្ឋានអន្តរជាតិភ្នំពេញគេពិនិត្យឃើញថាប៉ះពាល់ដល់រ៉ាដាគ្រោះថ្នាក់គេឲ្យពួកគាត់(ពលរដ្ឋ)ថយ បើគាត់មិនថយ ពួកយើងម៉េចអាចចេញប័ណ្ណឲ្យបាន”។

គួរបញ្ជាក់ថាសហគមន៍ SOS សិ្ថតក្នុងសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ជាប់របងអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ ប្រជាពលរដ្ឋអះអាងថាមានប្រមាណ៦០០គ្រួសារទៀតមិនទទួលបានប័ណ្ណកម្មសិទ្ធិដីធ្លីនៅឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ