សហភាពអឺរ៉ុបចុះសិក្សាពីអំណាចរដ្ឋសភាខ្មែរលើយន្តការត្រួតពិនិត្យការប្រើប្រាស់ថវិកាជាតិមុនផ្តល់ជំនួយ

(កណ្ដាល) លោក ជាម យៀប ​តំណាងរាស្ត្រ​នៃគណបក្សប្រជាជនកម្ពុជា ក្នុងកិច្ចប្រជុំមួយកាលពីពេលកន្លងទៅ។

សមាជិកសភាទាំងបក្សប្រឆាំងនិងបក្សកាន់អំណាចអះអាងប្រហាក់ប្រហែលគ្នាថាសហភាពអឺរ៉ុបបានចុះសិក្សាពីតម្លាភាពនៃការប្រើប្រាស់ប្រើថវិការជាតិរបស់កម្ពុជាដែលពួកគេថាមុននឹងប្រទេសជាម្ចាស់ជំនួយមួយនេះ សម្រេចផ្តល់ជំនួយលើយន្តការពង្រឹងអភិបាលកិច្ច។

ប្រាប់អ្នកសារព័ត៌មាននៅមន្ទីររដ្ឋសភាក្រោយកិច្ចពិភាក្សាជាមួយតំណាងសហភាពអឺរុបនៅថ្ងៃទី២៨ខែកក្កដានេះ ប្រធានគណៈកម្មការទី២នៃរដ្ឋសភាឬហៅថាគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មកូតាមកពីគណបក្សប្រជាជនកម្ពុជា លោក ជាម យៀប អះអាងថាក្នុងជំនួបនោះតំណាងសហភាពអឺរ៉ុបបានសួរដេញដោលលើ៤ចំនុចសំខាន់ៗពីការតាមដានរបស់រដ្ឋសភាទៅលើការប្រើប្រាស់ថវិកាជាតិកន្លងទៅ។

លោកថា៖ «សំនួរដែលគេសួរលើវិស័យជារបាយការណ៍សវនកម្មហើយ មានន័យថាអ្វីៗក៏ដោយត្រូវមានអភិបាលកិច្ចល្អ ត្រូវឈរលើមូលដ្ឋាន៤ជាសំខាន់ ទី១លើមូលដ្ឋាន ត្រូវមានគណនេយ្យភាព មានតម្លាភាព សមធម៌ និងមានប្រសិទ្ធិភាពដោយមានការចូលរួមពីប្រជាជនកម្ពុជា»

កាលពីឆ្នាំ២០១៥ អនុប្រធានគណៈកម្មការទី២នៃរដ្ឋសភាលោក សុន ឆ័យ ធ្លាប់អះអាងថាថវិការជាតិដែលរដ្ឋាភិបាលប្រើចំគោលដៅមានតែត្រឹម២០ទៅ២៥ភាគរយប៉ុណ្ណោះ។ លោកអះអាងពេលនោះថាថវិកាជាតិមួយឆ្នាំៗ យ៉ាងតិច៦លានដុល្លារ ធ្លាក់ទៅលើដៃមន្ត្រីពុករលួយមួយចំនួនតាមរយៈការចាយវាយថវិកាជាតិគ្មានតម្លាភាព។

លោក សុន ឆ័យ ឲ្យដឹងអំឡុងពេលនោះដែរថាកញ្ចប់ថវិកានៅរដ្ឋសភា លោកថាក៏ចាយវាយគ្មានតម្លាភាពដែរ ដោយលោកថាបានទទួលរបាយការណ៍ថាគ្រាន់តែដងទង់ជាតិតែមួយ រដ្ឋសភាត្រូវការចំណាយថវិកាជាតិអស់ដល់ទៅជាង៣ម៉ឺនដុល្លារ (៣៥.០០០ដុល្លារ) ជាដើម។

តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិលោក ឃី វ៉ាន់ដេត ដែលចូលរួមប្រជុំដែរនោះបានអះអាងថាកិច្ចពិភាក្សាព្រឹកមិញនេះក្រោមប្រធានបទពិនិត្យលក្ខខណ្ឌវិនិច្ឆ័យ ដើម្បីផ្តល់ជំនួយសម្រាប់កំណែទម្រង់ហិរញ្ញវត្ថុសាធារណៈ។ លោកថា ភាគីជំនួបខាងសហភាពអឺរ៉ុបមិនបានដាក់លក្ខខណ្ឌអ្វីទាំងអស់ ក្រៅពីចង់ដឹងពីអំណាច របស់រដ្ឋសភាបានចូលរួមអ្វីខ្លះក្នុងការជំរុញតម្លាភាពនៃការចាយវាយថវិការជាតិនេះ។

លោកថា៖ «ព្រោះថ្ងៃនេះគឺថ្ងៃចុះមកស្រាវជ្រាវ អំពីគណៈកម្មការសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនឹងមានតួនាទីបែបណាក្នុងការពិនិត្យលើគម្រោងថវិការដ្ឋប្រចាំឆ្នាំ ហើយមានតួនាទីបែបណាក្នុងការរួមចំណែកផ្តល់នូវមតិយោបល់ទៅលើក្រសួងសេដ្ឋកិច្ច ហិរញ្ញវត្ថុ ក្នុងការកែលំអ ផ្តល់អានុសាសន៍ ដើម្បីកែតម្រូវទៅលើថវិកា ទៅលើគម្រោងថវិកាទាំងអស់ហ្នឹង។ ដូច្នេះអត់ទាន់មានអនុសាសន៍អីថានឹងផ្តល់ជំនួយប៉ុន្មាន នឹងមានលក្ខខណ្ឌអី អត់ទាន់មានទេ»

ថវិកាជាតិជាង៤ពាន់៣រយលានដុល្លារត្រូវរដ្ឋសភាអនុម័តឲ្យរដ្ឋាភិបាលប្រើប្រាស់សម្រាប់ឆ្នាំ២០១៦នេះ ប៉ុន្តែការអនុម័តនេះមានតែតំណាងរាស្ត្រ៦៦រូបមកពីគណបក្សប្រជាជនកម្ពុជាប៉ុណ្ណោះដែលលើកដៃយល់ព្រម ប៉ុន្តែតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិដែលជាបក្សប្រឆាំងជាង៥០រូមគ្នានរណាម្នាក់លើកដៃគំាទ្រទេ ដោយអះអាងថាការចាយវាយថវិកាជាតិអាចនឹងគ្មានតម្លាភាពបន្តទៀត បើគ្មានយន្តការតាមដានដ៏មានប្រសិទ្ធិភាពនោះ។

ទោះជាយ៉ាងណានាយកប្រតិបត្តិសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជាលោក សន ជ័យ បានស្វាគមន៍ពីគម្រោង របស់សហភាពអឺរ៉ុបដែលចង់ពង្រឹងអភិបាលកិច្ចល្អលើយន្តការចាយវាយថវិកាជាតិនេះ។

ប៉ុន្តែលោកថាវិធានការនេះអាចជោគជ័យទៅបានលុះណាតែតំណាងរាស្ត្រដែលមានអាសនៈក្នុងសភាមានសាមគ្គីផ្ទៃក្នុងរឹងមាំ មិនប្រកាន់បក្សពួក ធ្វើការគិតប្រយោជន៍ជាតិ មិនរងសម្ពាធពីរដ្ឋាភិបាល លុបបំបាត់របាយការវាយគ្មានតម្លាភាពក្នុងមន្ទីររដ្ឋសភាជាមុន លោកថាទើបអាចឈានទៅពង្រឹងយន្តការប្រើត្រួតពិនិត្យ ការប្រាស់ថវិកាជាតិដោយតម្លាភាពរបស់រដ្ឋាភិបាលបាន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ