លិខិតមិត្តអ្នកអាន៖ វិភាគឃាតកម្មលើលោកបណ្ឌិត កែម ឡី

ជន​ដៃ​ដល់ដែល​បាន​បាញ់សម្លាប់លោក​ កែម​ ឡី

មកទល់នឹងពេលនេះឃាតកម្មដ៏សាហាវឃោឃៅលើលោកបណ្ឌិត កែម ឡី នៅតែជាចម្ងល់ នឹងនៅតែជាអាថ៏កំបាំងនៅឡើយសម្រាប់ប្រជាពលរដ្ឋខ្មែរជាច្រើន ដែលគាំទ្ររូបលោកចង់ដឹងនូវការពិត ក៏ដូចជាចោទជាសំនួរថាតើមានមូលហេតុអ្វី ដែលជាដំណើរដើមហេតុនាំឲ្យមានការផ្តាច់ជីវិតលោកបែបនេះ។

នៅព្រឹកថ្ងៃទី១០ ខែកក្កដា លោកបណ្ឌិត កែម ឡី ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់ចំនួន២គ្រាប់នៅក្នុងហាងលក់ទំនិញមួយចំកណ្តាលរាជធានីភ្នំពេញ។ មួយគ្រាប់ ត្រូវចំដៃធ្លាយដល់ដោះ នឹងមួយគ្រាប់ទៀតបាញ់ចំសៀតផ្កាខាងឆ្វេង។

បើយើងសង្កេតមើលទម្រង់នៃការបាញ់ប្រហារនេះ ឃាតករពិតជាមានជំនាញនឹងទេពកោសល្យខ្លាំងមែនទែន៖ ទី១ គឺក្លាហានសម្បើមណាស់ ដែលហ៊ានបាញ់សម្លាប់មនុស្សទាំងកណ្តាលថ្ងៃត្រង់ ហើយនៅកន្លែងដែលមានមនុស្សអ៊ូអរទៅទៀត, ទី២ ការបាញ់ គឺមិនតក់ស្លុតនឹងមិនញញើតដៃឡើយ បាញ់មួយគ្រាប់អោយដួលហើយ ចូលថែមមួយគ្រាប់ទៀតដើម្បីអោយប្រាកដ១០០ភាគរយក្នុងចិត្តថាលោកបណ្ឌិតពិតជាត្រូវទៅដល់ឋានយមរាជប្រាកដមែន។

ក្រោយពេលចាប់ខ្លួនបានភ្លាមៗ ឃាតករបានអះអាងថាខ្លួនមានឈ្មោះថា ជួប សម្លាប់ ហើយការបាញ់ប្រហារលោកបណ្ឌិតកែម ឡី នេះ ព្រោះតែលោកបណ្ឌិតជំពាក់លុយរូបគេចំនួន ៣០០០ដុល្លារ។

និយាយដោយស្មោះតាំងពីខ្ញុំកើតពីពោះម៉ែមក មិនដែលឮឈ្មោះពីណាថ្លៃថ្នូរយ៉ាងនេះទេ មើលទៅនេះប្រហែលជាតម្រុយនៃការកុហកដ៏សំខាន់មួយហើយ។ ទី២ ឃាតករបានអះអាងថាខ្លួនគឺជាពលករនៅឯប្រទេសថៃ ហើយមកភ្នំពេញរួចបានជិះម៉ូតូឌុបមកបាញ់ប្រហារលោកបណ្ឌិត ចម្ងល់ឆ្ងល់ថាតើអាចទេដែលឃាតករអាចដឹងយ៉ាងច្បាស់ចំពោះទម្រាប់ប្រចាំថ្ងៃរបស់លោកបណ្ឌិតបែបនេះ? តើពលករខ្មែរដែលធ្វើការនៅប្រទេសថៃ អាចមកភ្នំពេញហើយស្គាល់ទីតាំងបានច្បាស់យ៉ាងនេះ តើអាចទៅរួចទេ? វាហាក់បីដូចជាការសារភាពដ៏ស្រពិចស្រពិលពិបាកនឹងជឿខ្លាំងណាស់។ ទី៣ ឃាតករបានអះអាងបន្តថា លោកបណ្ឌិតបានខ្ចីបុលប្រាក់របស់គេចំនួន ៣០០០ដុល្លារ ដើម្បីជួយសង្គ្រោះជនក្រីក្រកាលពីជាងមួយឆ្នាំមុន។ សំនួរសួរថាតើពលករនៅឯប្រទេសថៃ ពិតជាមានប្រាក់ឲ្យគេខ្ចីមែនឬ ក្នុងចំនួនច្រើនបែបនេះ? បើខ្លួនឯងរកប្រាក់សឹងតែហូបខ្លួនឯងនឹងជួយគ្រួសារមិនគ្រប់ផងនោះ។ នេះនៅមិនទាន់រាប់បញ្ចូលតំលៃកាំភ្លើងជាង ៤០០០ដុល្លារ ដែលឃាតករបានប្រើសម្រាប់ធ្វើសកម្មភាពផងនោះ។

បើថាជាពលករនៅឯប្រទេសកូរ៉េប្រហែលជាអាចនឹងមានគេជឿខ្លះ។ មួយវិញទៀតជួបគ្នាបានត្រឹមតែស្គាល់មុខគ្នា តើច្បាស់អត់ដែលហ៊ានឲ្យគេខ្ចីប្រាក់ច្រើនបែបនេះ ដោយមិនដឹងពីប្រវតិ្តយ៉ាងនេះនោះ? គ្រឹះស្ថានហិរញ្ញវត្ថុមានគគោក ធនាគារមានពេញដី ហើយចំនែកឯគ្រួសារលោកបណ្ឌិតផ្ទាល់ក៏នូវមានលទ្ធភាពដែរ ចុះចំលែកអ្វីដែលលោកបណ្ឌិតក្ររហេមរហាមទៅខ្ចីលុយពលករនៅប្រទេសថៃនោះ។

ទឡ្ហីករណ៏ នឹងសេណារីយ៉ូទាំងអស់នេះហើយដែលបានបង្ហាញថាការសារភាពរបស់ឃាតករគឺហាក់ផ្ទុយស្រឡះអំពីការពិតទាំងស្រុង។ មែនទែនទៅបើតាមការអះអាងរបស់អ្នកភូមិដែលធ្លាប់ស្គាល់នឹងនៅភូមិស្រុកជាមួយនឹងឃាតករនេះបានរៀបរាប់ថា តាមពិតឃាតករមានឈ្មោះដើមថា អឿត អាង  ធ្លាប់បួសជាសង្ឃ នឹងធ្លាប់ធ្វើជាមន្ត្រីបរិស្ថានរបស់អង្គការមួយ។ មួយរយៈចុងក្រោយនេះបុគ្គល អឿត អាង  នេះបានអួតប្រាប់អ្នកស្រុកថារូបគេបានធ្វើការងារជាអង្គរក្សរបស់លោកធំម្នាក់នៅឯទីក្រុងភ្នំពេញ ហើយរូបគេនឹងបានឡើងធ្វើធំក្នុងខែកក្កដានេះហើយ។ ការលើកឡើងនេះគឺវាត្រូវគ្នាខ្លាំងណាស់ចំពោះការប្រើកាំភ្លើងម៉ាក (Glock) ដែលឃាតករប្រើសម្លាប់លោកបណ្ឌិត ព្រោះថាអង្គរក្សភាគច្រើនគឺនិយមប្រើប្រាស់នូវកាំភ្លើងប្រភេទនេះខ្លាំងណាស់។

លើសពីនេះទៅទៀតបើយើងសង្កេតមើលអាវរបស់ឃាតករ (អាវមានឡេវរឺអាវមានក) ដែលឃាតករពាក់ពីរជាន់នោះ វាហាក់បីដូចជាចំលែកពិតមែន ព្រោះតាំងពីដើមរៀងមកគេកម្រឃើញមាននរណាពាក់អាវឡេវបែបនេះពីរជាន់ណាស់ ប៉ុន្តែគេតែងតែឃើញមនុស្សម្នាខ្លះពាក់អាវវាលកខាងក្នុងហើយអាចមានឡេវពីខាងក្រៅ នេះគឺរឿងធម្មតា។ ចំពោះករណីអាវនេះមានមតិមួយចំនួនលើកឡើងថា ឃាតករដែលកំពុងតែចាប់បាននេះគឺជាឃាតករសិប្បនិម្មិត មានន័យថាជាឃាតករដែលទទួលកំហុសជំនួសឃាតករដៃដល់។ ឃាតករដែលបាញ់សម្លាប់លោកបណ្ឌិតផ្ទាល់អាចនឹងដោះអាវគេដែលខ្ទាតប្រឡាក់ឈាមនោះអោយឃាតករសិប្បនិម្មិតនេះពាក់ រួចរូបគេបានរត់គេចខ្លួនដោយអោយឃាតករសិប្បនិម្មិតទទួលទោសជំនួស។ ប៉ុន្តែខ្មាន់កាំភ្លើងពិតរឺមិនពិតវាអាស្រ័យទៅលើកាមេរ៉ាសុវត្ថិភាពនៅក្នុងហាងទំនិញនោះ ខណះមកដល់ពេលនេះសមត្ថកិច្ចនៅតែមិនទាន់បង្ហាញជាសាធារណៈនៅឡើយ។

តើឃាតកម្មលើលោកបណ្ឌិត កែម ឡីគឺជារឿងបុគ្គលឯកជនរបស់លោក ឬគឺជារឿងពាក់ព័ន្ធនឹងនយោបាយ?  បើសិនជាឃាតកម្មលើលោកបណ្ឌិតព្រោះតែរឿងខ្ចីបុលមែននោះ ជាយូរណាស់មកហើយ ប្រហែលជាអាចនឹងមានការបែកធ្លាយវីដេអូទៅក្នុងបណ្តាញសង្គមទាក់ទងនឹងការទារលុយបាត់ទៅហើយ ព្រោះថាលោកបណ្ឌិតជាមនុស្សដែលមានគេស្គាល់ច្រើន ហើយណាមួយការមកទារប្រាក់ដែលមិនសងបែបនេះមិនអាចមកទារដោយស្ងាត់ៗទេ ប្រាកដជាផ្អើលគេផ្អើលឯងពេញភូមិហើយ។ មួយវិញទៀតនៅក្នុងព័ត៌មានឃាតកម្មផ្សេងៗ ក្នុងស្រុកគេកម្រឃើញជនល្មើសសម្លាប់ជនរងគ្រោះព្រោះតែរឿងខ្ចីប្រាក់ណាស់ គេច្រើនតែឃើញជនល្មើសសម្លាប់ជនរងគ្រោះព្រោះតែដណ្តើមកេរ្តិ៍មរតក ទំនាស់ពាក្យសម្តី រំលោភ ។ល។ បើសិនណាជាម្ចាស់បំណុលសម្លាប់កូនបំណុលនោះ តើមាននរណាទៀតដែលត្រូវសងប្រាក់ជំនួសនោះ? តើម្ចាស់បំណុលពិតជាល្ងីល្ងើណាស់មែនទេ? ប្រាក់មិនបានហើយ ក្លាយជាអ្នកទោសទៅទៀត។

ពាក់ពន្ធ័នឹងរឿងខ្ចីបុលនេះដែរ ភរិយាលោកបណ្ឌិតបានបញ្ជាក់ច្បាស់ហើយថា លោកបណ្ឌិតមិនបាន នឹងមិនដែលជំពាក់ពីណាសូម្បីតែមួយរយលុយខ្មែរឡើយ។ ចុះបើឃាតកម្មនេះមិនទាក់ទងនឹងរឿងបុគ្គលឯកជនលោកបណ្ឌិតផង តើវាអាចទាក់ទងទៅនឹងនយោបាយឬទេ?  ចម្លើយអាចឆ្លើយបានថាយ៉ាងហោចណាស់ក៏មាន ៧០ភាគរយឡើងដែរ។ សុភាសិតរបស់ “ឆាវ ឆាវ”  ក្នុងរឿងសាមកុកមួយបានពោលថា បើចង់ដឹងថា តើអ្នកណាជាឃាតករ ត្រូវវិភាគការស្លាប់ម្នាក់នោះ តើនរណានឹងបានប្រយោជន៏ជាងគេ”។ បើតាមជំនួយការផ្ទាល់របស់លោកបណ្ឌិតដែលបានចូលរួមក្នុងវេទិកាអ្នកស្តាប់របស់វិទ្យុអាស៊ីសេរី កាលពីកន្លងមកបានអះអាងថា ពិតទៅលោកបណ្ឌិតត្រូវបានគេគំរាមសម្លាប់តាំងពីចុងខែឧសភាមកម៉្លេះ ដោយអោយលោកឈប់និយាយ នឹងឈប់វិភាគអ្វីទៀត នឹងបានបញ្ជាក់ថាអត្ថបទរបស់លោកឈ្មោះថា “ចោរប្លន់ប្រវត្តិសាស្ត្រ” នោះអាចជាអត្ថបទចុងក្រោយហើយ។

ទន្ទឹមនឹងការគំរាម គេក៏បានសន្យាថាប្រសិនបើលោកឈប់វិភាគនោះ លោកបណ្ឌិតនឹងទទួលបានជាថ្នូរលាភសក្ការៈឲ្យសោយសុខមួយជីវិត។ មកដល់ត្រឹមនេះ យើងទាំងអស់គ្នាអាចយល់បានហើយថា តើមានហេតុអ្វីបានជាគេគំរាមអោយលោកបណ្ឌិតឈប់វិភាគ? ជាទូទៅនរណាគេក៏ដឹងថាការវិភាគរបស់លោកបណ្ឌិត  កែម ឡី ម្តងៗ តែងតែប៉ះពាល់យ៉ាងខ្លាំងដល់ជួរមន្ត្រីធំៗ ឧកញ៉ាកុងសី ហើយពេលខ្លះដល់ព្រះឥន្ធទៀតផង។ ចង់ ឬមិនចង់ការវិភាគទាំងអស់នោះហើយ ដែលជាការរុកចំដំបៅ ដែលធ្វើអោយគេទាំងអស់នោះមិនសប្បាយចិត្តនឹងមិនចង់អោយពាល់សោះឡើយ។ និយាយឲ្យចំ លោកបណ្ឌិតកំពុងតែក្លាយទៅជាមុខសញ្ញានឹងជាដុំគ្រួសដ៏ធំនៅក្នុងភ្នែកដែលគេចាំពេលវេលាល្អដើម្បីចាត់ការចេញ។

ជារួមការគាស់បើកកកាយ នឹងការវិភាគនៃព័ត៌មានសំងាត់ផ្សេងៗ ដូចជាករណីពុករលួយលួចលុយជាតិ ការកាប់បំផ្លាញធនធានធម្មជាតិ សម្បទានសេដ្ឋកិច្ចគ្មានតម្លាភាព បញ្ហាព្រំដែន សុទ្ឋសឹងតែជាបញ្ហាដ៏រសើបដែលជាហានិភ័យសម្បើមខ្លាំងណាស់សំរាប់ពួកមន្ត្រីធំៗ នឹងឧកញ៉ាមហាសេដ្ឋី ក៏ដូចជាខ្សែស្រឡាយរបស់ពួកគេ។ ការផ្តល់ព័ត៌មានពិតដែលបានស្រាវជ្រាវជាលក្ខណៈវិទ្យាសាស្រ្តរបស់លោកបណ្ឌិតធ្វើអោយពួកគេទាំងអស់នោះភ័យខ្លាច នឹងបារម្ភចំពោះការបាត់បង់នូវផលប្រយោជន៍ ប្រជាប្រិយភាព និងភាពជឿទុកចិត្តពីប្រជាពលរដ្ឋតែម្តង។ ហេតុដូច្នេះហើយបានជាឃាតកម្មនេះមានការទាក់ទងនឹងនយោបាយមានចម្លើយដល់ទៅជាង ៧០ភាគរយបែបនេះ។ មែនទែនទៅការងារជាអ្នកវិភាគ នឹងជាអ្នករូតវាំងនននេះ លោកបណ្ឌិត កែម ឡី ដឹងច្បាស់ណាស់ថាជីវិតរបស់លោកគឺស្ថិតក្នុងភាពផុយស្រួយខ្លាំងណាស់។ លោកធ្លាប់មានប្រសាសន៏ថា“ចង់ធ្វើជាអ្នកវិភាគអោយបានគ្រប់ជ្រុង យើងត្រូវមាន Passport មួយហើយត្រូវមាន  Visa បី បើគេមិនសប្បាយចិត្តគេអោយយើងទៅពេទ្យ យើងទៅៗ បើគេមិនសប្បាយចិត្តគេអោយយើងទៅព្រៃស យើងទៅៗ ហើយបើគេមិនសប្បាយចិត្តគេអោយយើងទៅវត្តព្រះពុទ្ធ យើងទៅៗ”។

វីរភាព នឹងការលះបង់របស់លោកមានតម្លៃមហាសាលមិនអាចកាត់ថ្លៃបានឡើយ បើទោះបីជាដឹងថាមានការគំរាមសម្លាប់ត្រូវព្រាត់ប្រាសកូនប្រពន្ធម្តេចក្តី  ក៏លោកបណ្ឌិតនៅតែបន្តការងារ បន្តមនសិការ បន្តគោលជំហរនឹង បន្តភាពក្លាហានរបស់លោកដល់ថ្ងៃមរណា។ ការបាត់បង់រូបលោកគឺជាគំរូដ៏មហិមា សម្រាប់ជាពន្លឺនឹងជាប្រទីបបំភ្លឺសំរាប់កូនខ្មែរទាំងអស់គ្នាអោយក្រោកឡើងហ៊ាននិយាយការពិតពីសង្គម  នឹងដើរតាមគន្លងរបស់លោកបណ្ឌិត “រស់នៅដោយភាពក្លាហាន ចែកឋានពោរពេញដោយកិត្តិយស”។  យើងទាំងអស់គ្នាជាកូនខ្មែរគ្រប់រូបសូមចូលរួមមរណទុក្ខដ៏ក្រៀមក្រំនេះជាមួយភរិយា និងកូនៗរបស់លោកបណ្ឌិត កែម ឡី និងជាមួយពលរដ្ឋខ្មែរគ្រប់រូបដែលគោរពស្រលាញ់លោកបណ្ឌិត។ សូមអោយវិញ្ញាណក្ខន្ធរបស់លោកបណ្ឌិតបានទៅដល់ឋានសុគតិភព នឹងចាប់កំណើតជាខ្មែរជារៀងរហូត។ “ជូតទឹកភ្នែករបស់អ្នក រួចបន្តដំនើរទៅមុខទៀត”

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ