តុលាការកាត់ទោសកំបាំងមុខឲ្យលោក សម រង្ស៊ី ចាញ់ក្តីប្រធានរដ្ឋសភា

លោក សម រង្ស៊ី កាលពីពេលកន្លងទៅ

សាលាដំបូងរាជធានីភ្នំពេញនៅព្រឹកនេះបានកាត់កំបាំងមុខឲ្យប្រធានគណបក្សសង្គ្រោះជាតិ លោក សម ង្ស៊ី ចាញ់ក្តីប្រធានរដ្ឋសភាកម្ពុជាលោក ហេង សំរិន ដោយបង្គាប់ឲ្យសងជំងឺចិត្តនូវទឹកប្រាក់ចំនួន១៥០លានរៀល ក្រោមបទចោទបរិហារកេរិ៍្តជាសាធារណៈ។

កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៥ លោក សម រង្ស៊ី បានសរសេរលើទំព័រហ្វេសប៊ុករបស់លោកថាក្នុងរបបដែលកើតនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ បានកាត់ទោសប្រហារជីវិតសម្តេចព្រះ នរោត្តម សីហនុ ដោយថារបបនោះបានចោទព្រះអង្គថាជាជនក្បត់ជាតិនិងមានភ្ជាប់ជាមួយវីឌីអូឃ្លីបមួយរបស់សម្តេចនរោត្តម សីហនុ ផង។ ប៉ុន្តែនៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៥ មេធាវីតំណាងឲ្យលោក ហេង សំរិន គឺលោក គី តិច បានដាក់ពាក្យប្តឹងលោក សម រង្ស៊ី ពីបទបរិហារកេរ្តិ៍ជាសាធារណៈ ដោយថាការលើកឡើងនេះបានធ្វើឲ្យប៉ះពាល់ដល់កិត្តិយសប្រធានរដ្ឋសភាហើយបានទាមទារសំណងជំងឺចិត្ត៣០០លានរៀល។

ក្នុងសវនាការព្រឹកមិញ ចៅក្រមជំនុំជម្រះ លោក រស់ ពិសិដ្ឋ បានស្តាប់ការលើកឡើងរបស់មេធាវីតំណាងដើមបណ្តឹងនិងតំណាងអយ្យការ ប៉ុន្តែគ្មានតំណាងភាគីលោក សម រង្ស៊ី នោះទេ។

បន្ទាប់ពីបានសម្រាកប្រហែលជា១៥នាទី ចៅក្រមជំនុំជម្រះលោក រស់ ពិសិដ្ឋ បានប្រកាសឲ្យលោក សម រង្ស៊ី បង់ប្រាក់ពិន័យចូលថវិកាជាតិចំនួន១០លានរៀលនិងសងសំណងជំងឺចិត្តដល់ដើមបណ្តឹងចំនួន១៥០លានរៀល។

ក្រោយការប្រកាសសាលក្រម មេធាវីតំណាងដើមបណ្តឹងគឺលោក គី តិច បានប្រាប់អ្នកសារព័ត៌មានថា លោក មិនពេញចិត្តនឹងសេចក្តីសម្រេចនេះទេ ដោយលោកថាអ្វីដែលលោក សម រង្ស៊ី លើកឡើងគឺជារឿងមិនពិតនិងបានបំភាន់សាធារណជនក្នុងចេតនាកេងចំណេញនយោបាយ។ លោកបន្តថាក្នុងរបបដែលដឹកនាំដោយលោក ហេង សំរិន ក្នុងទសវត្សន៍ឆ្នាំ១៩៨០ មិនមានការកាត់ទោសប្រហារជីវិតសម្តេចព្រះ នរោត្តម សីហនុ ដូចការលើកឡើងនោះទេ។ លោកចាត់ទុកថាការឡើកឡើងនេះបានធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់កិត្តិយសលោក ហេង សំរិន។

លោកបន្ថែមថា៖ អ៊ីចឹងអាហ្នឹងជាអំពើដែលធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរណាស់ដល់សម្តេច ហេង សំរិន ក្នុងសម្តេច មានតូនាទីជាន់ខ្ពស់ទាំងក្នុងរបបឆ្នាំ១៩៧៩ និងបច្ចុប្បន្នហ្នឹង ហើយជាពិសេសប៉ះពាល់ដល់គណបក្សប្រជាជនទៀត…ការសម្រេចវាបានផ្តន្ទាទោសហើយ ប៉ុន្តែគ្រាន់ថាវាមិនទាន់សមទៅនឹងអំពើដែលឯឧត្តមសម រង្ស៊ី ធ្វើប៉ះពាល់ដល់សម្តេចពញ្ញាចក្រី ហេង សំរិន ទេ

បើតាមលោក គី តិច លោកនឹងពិភាក្សាជាមួយលោក ហេង សំរិន ថាតើអាចទទួលយកការសម្រេចនេះឬក៏ត្រូវប្តឹងបន្តទៅសាលាឧទ្ធរណ៍ទៀត។

ទាក់ទងនឹងការសម្រេចនេះ មន្ត្រីជាន់ខ្ពស់របស់គណបក្សប្រឆាំងលោក អេង ឆៃអ៊ាង ថាលោកមិនចាប់អារម្មណ៍ទៅលើការសម្រេចនេះទេ ដោយថាលោកថាសំណុំរឿងនេះមានលក្ខណៈនយោបាយនិងថាគណបក្សសង្រ្គោះជាតិក៏មិនបានបញ្ជូនមេធាវីទៅការពារដែរ។

លោកបន្ថែមថា៖ “បញ្ជូនមេធាវីទៅការពារក៏វាអត់ប្រយោជន៍ដែរ ព្រោះវាជារឿងនយោបាយហ្នឹង វាមិនមែនសម្រេចទៅតាមច្បាប់ទម្លាប់សម្រេចទៅតាមឆន្ទៈរបស់ចៅក្រមទេ យើងទៅចំណាយពេលវេលា ទៅឲ្យមេធាវីធ្វើកិច្ចការហ្នឹងខាតពេលហ្នឹង

គួរបញ្ជាក់ថាលោក សម រង្ស៊ី ក៏ត្រូវបានតុលាការចេញដីកាបង្គាប់ឲ្យសមត្ថកិច្ចចាប់ខ្លួនដាក់ពន្ធនាគារ២ឆ្នាំ ពីបទបរិហាកេរ្តិ៍ជាសាធារណៈនិងញុះញង់ឲ្យមានការរើសអើង ដែលប្តឹងដោយ លោក ហោ ណាំហុង អតីតរដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា បន្ទាប់ពីលោក សម រង្ស៊ី ថ្លែងនៅសារមន្ទីរជើងឯកកាលពីឆ្នាំ២០០៨ថាលោក ហោ ណាំហុង ជាអតីតមេគុកបឹងត្របែកសម័យខ្មែរក្រហម។ លោក សម រង្ស៊ី ក៏ជាប់បណ្តឹងពីរទៀតគឺបណ្តឹងមួយប្តឹងដោយរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី លោក សោម សឿន ពីបទក្លែងលិខិតនៅលើហ្វេសប៊ុកនិងបង្ហោះអត្ថបទមានខ្លឹមសារមួលបង្កាច់ខុសពីការពិត និងបណ្តឹងថាសមគំនិតក្លែងបន្លំឯកសារ ក្នុងសំណុំរឿងអតីតសមាជិកព្រឹទ្ធសភា លោក ហុង សុខហួរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ