កូន​ភ្លោះដែល​ស្និទ្ធនឹង​លោក កែម ឡី បាន​សិទ្ធិជ្រកកោន​​បណ្តោះ​អាសន្ន​នៅ​ថៃ

កូន​ភ្លោះ ជុំ ហួត ជុំ ហួរ (រូបភាពពីហ្វេសប៊ុករបស់ Chum Hout Chum Hour)

កូនភ្លោះ ជុំ ហួត ជុំ ហួរ ដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយលោក កែម ឡី ត្រូវបានអង្គការសហប្រជាជាតិសម្រេចផ្តល់ប័ណ្ណស្នាក់នៅបណ្តោះអាសន្ននៅប្រទេសថៃ បន្ទាប់ពីបានភៀសខ្លួនទៅក្រៅប្រទេសជិតបីសប្តាហ៍មកនេះ។

បន្ទាប់ពីលោកបណ្ឌិត កែម ឡី ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់មួយថ្ងៃពោលគឺនៅថ្ងៃទី ១១ កក្កដា កូនភ្លោះ ជុំ ហួត និង ជុំ ហួរ បានចាកចេញពីប្រទេសកម្ពុជាគេចទៅប្រទេសថៃក្រោមហេតុផលបារម្ភពីសុវត្ថិភាព។

ក្នុងកិច្ចសម្ភាសន៍របស់វិទ្យុ VOA ផ្សាយនៅថ្ងៃទី២៨កក្កដានេះកូនភ្លោះជុំ ហួត បានឲ្យដឹងថាពួកគេត្រូវបានអង្គការសហប្រជាជាតិសម្រេចផ្តល់ប័ណ្ណស្នាក់បណ្តោះអាសន្នដែលមានសុពលភាពរយៈពេលមួយឆ្នាំរស់នៅប្រទេសថៃ មុនពេលដែលពួកគេត្រូវបានប្រទេសទី៣ទទួលយក។

ជុំ ហួត បានបន្ថែមថាការភៀសខ្លួននេះ ព្រោះតែពួកគេទទួលបានសារគំរាមកំហែងជាបន្តបន្ទាប់កាលនៅក្នុងប្រទេសកម្ពុជា។ លោកបន្តថា៖ បន្ទាប់ពីគេសម្លាប់លោកពូមក ប្អូនមានការផ្ញើសារពីរ ទីមួយគេឲ្យប្អូនហ្នឹងទៅចរចានិយាយឲ្យចំទៅគឺទិញទឹកចិត្ត ខ្មែរយើងហៅថាទិញក្បាលអញ្ចឹង នៅពេលដែលបដិសេធមិនទទួលគេអោយ បន្ទាប់មក១ថ្ងៃក្រោយមកបានទទួលសារថាពួកអាពីរអ្នកឯងនឹងដូច កែម ឡី ដេកលែងក្រោករហូត បន្ទាប់មកគេមានការតាមដានជិះម៉ូតូ៣៤នាក់ពាក់អាវធំៗ ប្អូនទៅកន្លែងធំៗគេសម្លឹងមករហូត ”។

លោកបន្ថែមទៀតថា៖ បន្ទាប់ពីស្ថានទូតអាមេរិកប្រចាំនៅភ្នំពេញហៅប្អូនទៅជួប ឃើញមានសមត្ថកិច្ចជាច្រើនប្រដាប់ដោយអាវុធចាំប្អូននៅមុខស្ថានទូតជាស្រេចតែដោយសារតែមានការចរចាពីស្ថានទូត ទើបពួកគាត់ដកចេញទៅវិញ តែនៅសល់មាននគរបាល៥ទៅ៦នាក់នៅចាំមុខហ្នឹង ហើយមានអ្នកឯកសណ្ឋានស៊ីវិលដែលរង់ចាំ

គួរបញ្ជាក់ផងដែរថាព្រះតេជគុណ ប៊ុត ប៊ុនតិញ ដែលជិតស្និទ្ធនឹងលោក កែម ឡី មានសង្ឃដីកាថាព្រះអង្គក៏ត្រូវបានគេតាមដាននិងមានការគំរាមកំហែងផងដែរ។ កាលពីថ្ងៃទី២៦ កក្កដា គឺ២ថ្ងៃបន្ទាប់ពីសពលោក កែម ឡី ត្រូវបានបញ្ចុះរួចរាល់ ព្រះអង្គត្រូវបានជនមិនស្គាល់អត្តសញ្ញាណម្នាក់ទូរសព្ទប្រាប់ឲ្យព្រះអង្គរកទីកន្លែងសុវត្ថិភាព ដោយថាមានសមត្ថកិច្ចកំពុងតាមរកព្រះអង្គ។ តែការអះអាងនេះត្រូវបានក្រសួងមហាផ្ទៃបដិសេធ។

ព្រះតេជគុណ ប៊ុត ប៊ុនតិញ ឲ្យVODដឹងថាព្រះអង្គបានភៀសព្រះកាយទៅប្រទេសថៃហើយដោយសារបារម្ភពីសុវត្ថិភាព៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ