អាជ្ញាធរ​នឹង​ដាក់​ឲ្យមាន​ទី​សត្តឃាតតែមួយ​កន្លែង​ក្នុង​រាជធានីភ្នំពេញ

ទីសត្តឃាតមួយកន្លែងក្នុងសង្កាត់ស្ទឹងមានជ័យ (រូបភាព៖ ហ្វេសប៊ុកសាលាសង្កាត់ស្ទឹងមានជ័យ)

សាលារាជធានីភ្នំពេញនឹងកំណត់ឲ្យមានទីសត្តឃាតតែមួយកន្លែងសម្រាប់ទទួលពិឃាតសត្វយកសាច់លក់ក្នុងរាជធានីភ្នំពេញ ដោយថាដើម្បីងាយស្រួលក្នុងការគ្រប់គ្រងទាំងប្រភពសត្វនិងអនាម័យសម្រាប់អ្នកបរិភោគ។

អភិបាលរាជធានីភ្នំពេញលោក ប៉ា សុជាតិវង្ស ក្នុងពិធីប្រកាសតែងតាំងអនុប្រធានមន្ទីរកសិកម្មរាជធានីភ្នំពេញនៅព្រឹកនេះបានជំរុញឲ្យពិនិត្យនិងស្រង់ចំនួនទីសត្តឃាតដែលមានក្នុងរាជធានីភ្នំពេញនិងប្រមូលមកដាក់មួយកន្លែង។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានអគ្គស្នងការនគរបាលជាតិនៅថ្ងៃនេះ។

បើតាមព័ត៌មានដដែលមូលហេតុដែលនាំឲ្យមានការសម្រេចបែបនេះដោយសារអាជ្ញាធរក្រុងមើលឃើញថា កន្លែងសម្លាប់សត្វនៅក្នុងរាជធានីភ្នំពេញ “កំពុងមានភាពអនាធិបតេយ្យ” និងថាមានខ្លះសម្លាប់សត្វនៅក្នុងផ្ទះរបស់ខ្លួនក៏មាន។ លោកអភិបាលរាជធានីថាលោកបារម្ភពីបញ្ហាអនាម័យនិងជំងឺផ្សេងៗដែលអាចកើតមានដោយសារសត្វដែលគេសម្លាប់ទុកលក់ឲ្យអតិថិជនមិនមានប្រភពច្បាស់លាស់។ នេះបើតាមសារព័ត៌មានដដែល។

សារព័ត៌មានរបស់អគ្គស្នងការដ្ឋាននគរបាលជាតិដកស្រង់សម្តីលោក ប៉ា សុជាតិវង្ស មកចុះផ្សាយថា៖ “យើងឃើញថា ទីសត្តឃាតសព្វថ្ងៃមានភាពអនាធិបតេយ្យ និងគ្មានសណ្តាប់ធ្នាប់ ដោយកន្លែងខ្លះសម្លាប់សត្វក្នុងផ្ទះក៏មាន។ យើងឃើញសាច់សត្វពាហនៈ និងបក្សី ត្រូវបានគេដឹកពីគ្រប់ច្រកចូលក្នុងរាជធានីភ្នំពេញ ដោយមិនមានការវេចខ្ចប់ត្រឹមត្រូវ និងគិតគូរដល់ផ្នែកអនាម័យ និងសុខភាពរបស់អ្នកបរិភោគ។ យើងមិនដឹងថា សាច់សត្វទាំងនោះ មានប្រភពមកពីណា និងមានជំងឺអ្វី ខ្លះនោះទេ”

លោក ប៉ា សុជាតិវង្ស បានជំរុញឲ្យមន្ត្រីរបស់ខ្លួនចុះត្រួតពិនិត្យនិងអនុវត្តការងារនេះ ដោយថាដើម្បីប្រយោជន៍សាធារណៈ។

អ្នកនាំពាក្យសាលារាជធានីភ្នំពេញលោក មាន ចាន់យ៉ាងដា ប្រាប់វីអូឌីនៅរសៀលនេះថាសាលារាជធានីកំពុងសិក្សារកទីតាំងសមស្របណាមួយសម្រាប់ធ្វើជាកន្លែងសត្តឃាតថ្មីនេះនិងថាសាលារាជធានីក៏កំពុងរងដៃគូឯកជនសម្រាប់អនុវត្តផែនការនេះផងដែរ។

លោកបន្ថែមថា៖ យើងកំពុងរកទីតាំងនិងរកដៃគូអភិវឌ្ឍនៅហ្នឹងកន្លែង(ទីតាំង)ឯកជន អត់ទាន់មានពីណាបានការឯកភាពជាផ្លូវការពីសាលរាជធានីនៅឡើយទេ ដូច្នេះពេលវេលាដែលចាប់ផ្តើមហ្នឹងមិនទាន់ដឹងពេលណានៅឡើយទេបាទ…ទីតាំងដែលយើងដាក់ហ្នឹងមានទីតាំងធំទូលាយ ហើយមានលក្ខណៈបច្ចេកទេស ជាពិសេសអាចផ្គត់ផ្គង់ដល់តម្រូវការដល់ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញទាំងមូល ខ្ញុំគិតថារឿងហ្នឹងមិនជាបញ្ហាទេបាទ

រដ្ឋលេខាធិការក្រសួងកសិកម្មលោក ឱម គឹមស៊ា ត្រូវបានស្រង់សម្តីមកចុះផ្សាយក្នុងសារព័ត៌មានអគ្គស្នងការដ្ឋាននគរបាលជាតិថា ក្រសួងនឹងទិញម៉ាស៊ីនត្រួតពិនិត្យគុណភាពសាច់សត្វតម្លៃជាង៣០ម៉ឺនដុល្លារសម្រាប់បម្រើដល់ការងារបសុសត្វនិងបសុបក្សីក្នុងរាជធានីភ្នំពេញ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ