បក្សកាន់អំណាចគំរាមបក្សប្រឆាំងពីឥទ្ធិពលច្បាប់គណបក្សនយោបាយថ្មី

បក្សកាន់អំណាចព្រមានទុកមុនពីឥទ្ធិពលច្បាប់គណបក្សនយោបាយថ្មី ដោយថាប​ក្សប្រឆាំ​ងនឹងប្រ​ឈម​​ផ​ល​​វិបាក នៅពេលច្បាប់នេះ ដាក់ឲ្យប្រើប្រាស់ជាផ្លូវការ បើនៅតែបណ្តោយឲ្យលោក សម ​រង្ស៊ី និយាយ​រិះ​​គន់​រដ្ឋាភិបាល។

អតីតមេដឹកនាំបក្សប្រឆាំងលោក​ សម រង្ស៊ី ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេស បានផ្តល់បទសម្ភាសន៍ដល់វិទ្យុព្រះសង្ឃ​ឯ​ក​​​រា​ជ្យ​​​កាលពី​ថ្ងៃទី២៧ខែកក្កដាថា «មានមន្ត្រីគណបក្សប្រជាជនមួយចំនួនចង់ចូលរួមជាមួយគណក្សសង្គ្រោះ​​​ជាតិ»

ករណីនេះ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានប្រតិកម្មតាមរយៈសេចក្តីថ្លែងការណ៍ចុះថ្ងៃទី២​៧ខែ​ក​ក្កដា ដោយប្រើពាក្យធ្ងន់ៗតបវិញថា ការនិយាយរបស់លោក សម រង្ស៊ី បំផ្លើសការពិត និងអះអាងថា ស​​​មា​​ជិ​ក​​​គ​​ណ​បក្សប្រជាជនគ្រប់លំដាប់ថ្នាក់ ប្រកាន់ភ្ជាប់នូវវិន័យ និងស្មោះត្រង់ លើ​កថ្នាក់​ដឹក​នាំ​រប​ស់​​ខ្លួន​​។

សេចក្តីថ្លែងការណ៍ដដែល រំឭកថា ដើម្បីរក្សាសិទ្ធិកាតព្វកិច្ច និងការទទួលខុសត្រូវរបស់​គណបក្សនយោបាយ​ស្រ​​ប​តា​​​មគោលការនីតិរដ្ឋ ក្រោយពេលច្បាប់ស្តីពីវិសោធនកម្មច្បាប់គណបក្សនយោបាយចូលជាធរមាន គ​ណ​​ប​ក្ស​ប្រជាជនថា គណបក្សនយោបាយ​ ដែលពាក់ព័​ន្ធនិងការអត្ថាធិប្បាយរបស់លោក សម រង្ស៊ី នឹង​ប្រ​ឈមនឹងវិធានការផ្លូវច្បាប់ «គណបក្សនយោបាយ ដែលពាក់ព័ន្ធជាមួយនឹងទណ្ឌិត ត្រូវហ៊ានប្រឈម នឹងផ​​វិបា​​​​​នៃកា​​របណ្តោឲ្យបក្សខ្លួនជាប់ទាក់ទងនឹងទណ្ឌិតខុសនឹងគតិច្បាប់»។

នៅពេលវីអូឌីសួរថា តើក្នុងន័យនេះ គណបក្សប្រជាជនកម្ពុជា ចង់ឲ្យគណបក្សសង្គ្រោះជាតិ ហាមលោក សម រង្ស៊ី ឈប់ឲ្យរិះគន់ភាពអសកម្មរបស់រដ្ឋាភិបាល ឬក៏យ៉ាងណា អ្នកនាំពាក្យគណបក្សប្រជាជន លោក សុខ ឥសាន បញ្ជា​​​ក់ដូចនេះ៖ «យើងមិនមានលទ្ធភាពអីហាមទណ្ឌិតមិនឲ្យនិយាយទេ។ ក៏ប៉ុន្តែច្បាប់ស្តីពីវិសោធនកម្មច្បា​ប់ស្តីពីគ​ណបក្សនយោបាយនេះ បា​ននិយាយ[ចែង]មិន​ឲ្យគណបក្សនីមួយៗទៅផ្សា​ភ្ជាប់ជាមួយទណ្ឌិត​ទេ​។​ទណ្ឌិតហ្នឹងនិយាយអីនិយាទៅ កុំឲ្យតែទណ្ឌិតហ្នឹ​ងយកគណបក្សហ្នឹងទៅផ្សាភ្ជាប់ ដើ​ម្បីកេងចំ​ណេញ​នយោបា​យ​ ពី​ការឃោសនា របស់ទណ្ឌិតហ្នឹង»។

VOD មិនអាចសុំការអត្ថាធិប្បាយពីអ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវ​ណ្ណ បាននៅឡើយទេ ដោយលោកមិន​លើកទូរស័ព្ទ ខណៈអនុប្រធានបក្សប្រឆាំង លោក អេង ឆៃអ៊ាង ត្រូវបានអ្នកលើកទូរស័ព្ទថា កំពុងជា​ប់ប្រ​ជុំ។ ទោះជាយ៉ាងណា កាលពី​កន្ល​ង​ទៅ គណបក្សនេះ ធ្លាប់បានបញ្ជាក់ជំហថា នឹងបន្តយុទ្ធសាស្ត្រមិនឆ្លើយ មិនឆ្លង និងមិនឈ្លោះ។

អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គម និងជាអ្នកតាមដានស្ថានការនយោបាយនៅកម្ពុជា លោក បណ្ឌិត មាស នី លើកឡើងថា ច្បាប់ថ្មីនេះ ពិតជាបានផ្តល់ប្រៀបខ្លាំងដល់បក្សកាន់អំណាច ហើយដាក់សម្តាធដល់​គ​ណ​​ប​​ក្សផ្សេ​ង ឲ្យលើផ្លូវតូចង្អៀតលើសេរីបញ្ចេញមតិ៖ «បើសិនជាឯកឧត្តម សម រង្ស៊ី ចង់ធ្វើអី [រិះគន់] ឬនិយាយអី ជាមួយគណបក្សប្រជាជន ឯកឧត្តម សម រង្ស៊ី និយា​យទៅ​ ប៉ុន្តែកុំយកឈ្មោះគណបក្សសង្គ្រោះជាតិទៅដាក់ នេះជាសិទ្ធិរបស់គាត់ ក្នុងការនិយាយបាទ នេះជារឿង​​មួ​យដែលខ្ញុំគិតថា ជាចំនុចទី១ដែលឯកឧត្តម សម រង្ស៊ី និងគណបក្ស​សង្គ្រោះជាតិ​ត្រូ​វតែយកមករៀន ថាតើច្បាប់ហ្នឹង គេនឹងយកមកអនុវត្តយ៉ាងម៉េច នោះ គេធ្វើបែបហ្នឹងយើ​ងឃើញ​ហើ​យ»។

មាត្រា៦ ថ្មី(ពីរ) នៃច្បាប់គណបក្សនយោបាយ បានចែងថា គណបក្សនយោបាយមិនត្រូវឃុបឃិត ឬប្រើ​ប្រា​​ស់​សា​រជា​សំ​ឡេ​ង រូបភាពឯកសារជា លាយលក្ខណ៍អក្សរ ឬសកម្មភាព របស់ទណ្ឌិ​តជា​ប់​ទោ​ស​បទ​ឧក្រិដ្ឋ ឬពីបទម​ជ្ឈឹ​ម ដើ​ម្បីជាផលប្រយោជន៍នយោបាយខ្លួនឡើយ។

ទោសបញ្ញតិនៃច្បាប់ចែងថា គណបក្សណាបំពានលើច្បាប់នេះ នឹងត្រូវផ្អាកធ្វើសកម្ម​ភាពេយៈ​ពេល៥​ឆ្នាំ​​ ឬអាចរំលាយចោល។

​យ៉ាងណាក៏ដោយនៅលើហ្វេសប៊ុកផ្លូវការណ៍របស់លោក សម រង្ស៊ី នៅថ្ងៃទី២៨ខែកក្កដានេះ នៅតែ​បន្ត​ប​​ង្ហោះវីដេអូឃ្លីប ពីប្រ​វត្តិគណបក្សប្រជាជនកម្ពុជា ដោយថា បក្សកាន់អំណាចមួយនេះ កើតចេ​ញពី​​​បក្ស​កុម្មុ​យ​នី​ស្តវៀត​ណា​ម​ ដែលលោក សម រង្ស៊ី ដាក់ចំណងជើងថា «ទំព័រប្រវត្តិសាស្ត្រ»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ