ក្រសួងអំពាវនាវឲ្យប្រព័ន្ធផ្សព្វផ្សាយជួយផ្សាយអប់រំពីច្បាប់ចរាចរណ៍

សកម្មភាពចរាចរណ៍​តាម​ដង​ផ្លូវ

ក្រសួងមហាផ្ទៃ បានអំពាវនាវទៅម្ចាស់ស្ថានីយ៍ផ្សព្វផ្សាយទំាងអស់​ ជួយផ្សព្វផ្សាយស្ពតអប់រំខ្លី​ ស្ដីពី​​ការ​គោរព​ច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅក្នុង​ប្រទេស​កម្ពុជា​។

​លិខិតរបស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដែលVODទទួលបាននៅថ្ងៃទី២៨ខែកក្កដា​នេះ មានខ្លឹមសារថា​ «ម្ចាស់ស្ថានីយ៍ទូរទស្សន៍ និងស្ថានីយ៍វិទ្យុផ្សាយ​សំឡេងទំាងអស់​ ជួយផ្សព្វផ្សាយ​ស្ពត​ខ្លី​ស្តីពីការគោរពច្បាប់ចរាចរណ៍ផ្លូវគោក ក្នុងកម្មវិធីប្រចំាថ្ងៃ ដោយថា​ ដើម្បីបង្កើនបន្ថែមនូវស្មារ​តីគោរព​ប្រតិ​បត្តិ​ច្បា​ប់ដល់អ្នកប្រើប្រាស់ផ្លូវ»​។

ប្រធាននាយកដ្ឋាននគរបាលចរាចរណ៍និង​សណ្តាប់ធ្នាប់សាធារណៈ លោក រុន រ័ត្នវាសនា បានថ្លែង​បន្ថែម​លើខ្លឹម​សារលិខិតថា​ ករណីគ្រោះថ្នាក់ចរាចរណ៍ កើតឡើងដោយសារអ្នកបើកប​រក្នុង​ល្បឿន​ហួស​កំណត់​ មិនគោរពសិទ្ធិអ្នកដទៃ និង បើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹងជាដើម។

ករណីនេះ ​លោក រ័ត្នវាសនា ឲ្យដឹងថា មានតែប្រព័ន្ធផ្សព្វផ្សាយទូរទស្សន៍និងវិទ្យុទេ ដែលអាចជួយផ្សព្វផ្សាយ​ផ្តល់​ព័ត៌មានបានលឿនដល់ពលរដ្ឋនៅទូទំាងប្រទេសឲ្យយល់ដឹងពីច្បាប់​ស្តីពីចរាចរណ៍ផ្លូវ​គោក​។

លោកនិយាយថា៖ «សារព័ត៌មាន វាជាកញ្ចក់មួយ ដើម្បីផ្សព្វផ្សាយឲ្យបងប្អូនប្រជាពលរដ្ឋឲ្យបានយល់ពីច្បាប់ (ហើយ) ការចែកខិតប័ណ្ណ ចុះតាមខ្នងផ្ទះ ការបង្រៀនតាមសហគមន៍ ដូចជាសកលវិទ្យាល័យ ឬតាមក្រសួងនានា វាមិនគ្រប់ដូចតាមព័ត៌មានបានផ្សាយទេ។ ព័ត៌មានផ្សាយ បានទូលាយជាង ជាពិសេសតាមសង្គមហ្វេសប៊ុក ក៏អាចជួយផ្សព្វផ្សាយបានច្រើនដែរ ព្រោះប្រជាពលរដ្ឋយើងសព្វថ្ងៃ គេប្រើប្រាស់ប្រព័ន្ធអ៊ិនធើណេត ហើយបន្ថែមក៏មានទូរទស្សន៍ ក៏ដូចជាវិទ្យុ បានជួយផ្សព្វផ្សាយបន្ថែមទៀត គឺជាការចូលរួមក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍»។

នាយក​វិទ្យាស្ថានកម្ពុជា​សម្រាប់​ការសិក្សាផ្នែកសារព័ត៌មានលោក មឿន ឈានណារិទ្ធិ សង្កេតឃើញថា គ្រោះថ្នាក់ចរាចរណ៍ភាគច្រើនកើតចេញពីអ្នកស្រវឹង។ ករណីនេះ លោកថា ម្ចាស់​ស្ថានីយ៍ទូរទស្សន៍ និងស្ថានីយ៍​វិទ្យុ ដែល​ចាក់​ផ្សាយពីរឿងគ្រោះថ្នាក់ចរាចរណ៍ គួរតែប្រាប់ទៅអ្នកសារព័ត៌មានសសេរបន្ថែម​សារអប់​រំច្បាប់ និងផលវិបាកផ្សេងៗ នៅពេលពួកគេជួបគ្រោះ​ថ្នាក់ ទើប​ទទួលបានផលវិជ្ជមានច្រើន។

លោក​យល់ថា៖ «គ្រោះថ្នាក់ចរចារណ៍ គឺជាប្រភេទព័ត៌មាន ដែលរាយការណ៍ព័ត៌មានសើៗទាក់ទងនិងគ្រោះថ្នាក់ ដែលកើតឡើងដោយជនរងគ្រោះ កត្តាយានជំនិះដែលពាក់ព័ន្ធទេ ប៉ុន្តែបើសិនជាយើងបន្ថែមសារអប់រំអំពីកត្តាហានិភ័យ បង្កគ្រោះថ្នាក់ កត្តាសុវត្ថិភាព ជាពិសេសបញ្ជូលមាត្រាខ្លះផ្លូវច្បាប់ ដើម្បីពញ្ញាក់អារម្មណ៍ដល់អ្នកបើកបរ បើសិនជា បើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង តើយើងនឹងទទួល ការផាកពិន័យយ៉ាងដូចម្តេចខ្លះ? យើងសសេរ ដើម្បីពញ្ញាក់អារម្មណ៍ដល់សាធារណៈជន ឲ្យគាត់ប្រយត្នមែនទែន កុំឲ្យគ្រោះថ្នាក់ដល់ខ្លួនគាត់ ទីពីរ កុំឲ្យគាត់បង្កគ្រោះថ្នាក់ដល់អ្នកដទៃ»។

ច្បាប់ចរាចរណ៍ ត្រង់ចំនុចមួយចែងថា «ជនណាបើកបរយា​នយន្ត នៅពេល​ដែលខ្លួនស្ថិតក្នុ​ងភា​ព​​ស្រ​វឹង ដោយមានជាតិអាល់កុលចាប់ពី ០.៤០មីលីលីក្រាម ក្នុងមួយលីត្រខ្យល់ ឬចាប់ពី ០.៨០ក្រាម ឡើងទៅ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១ខែដល់៦ខែ និងពិន័យជា​ប្រាក់ពី៨ម៉ឺន ដ​ល់​​៤​​លា​នរៀល»។

របាយការណ៍របស់ក្រសួងមហាផ្ទៃបង្ហាញថា គ្រោះថ្នាក់ចរាចរណ៍ បានសម្លាប់មនុស្សជាមធ្យមពី៥​ទៅ៨​នា​ក់​ក្នុ​​​ងមួយថ្ងៃ។

ក្រសួងបញ្ជាក់ថា គ្រោះថ្នាក់ទាំងនោះ បង្កឡើងដោយ​អ្នកបើកបរក្រោមឥ​ទ្ធិព​ល​នៃ​​គ្រឿ​​​ង​​ស្រ​វឹង ជាប់លំដា​ប់​ថ្នាក់លេខ២។ ចំនួនអ្នកស្លាប់នេះ បានហក់ឡើងខ្ពស់ អំឡុងបុណ្យជាតិធំៗម្តងៗ ដូចជាថ្ងៃភ្ជុំបិណ្ឌ បុ​ណ្យ​អុំទូក និងពិធី​ចូលឆ្នាំ​ជាដើម។

បើមើលពីចំនួនអ្នកស្លាប់ប្រចាំឆាំ្នវិញ របាយការណ៍របស់ក្រសួងបញ្ជាក់ថា ឆ្នាំ២០១៦ អ្នកស្លាប់​ដោយគ្រោះ​ថ្នា​ក់​ចរាចរណ៍ មានជាង១ពាន់៧រ​យ​នា​ក់ របួ​ស៦៦០៧នាក់ បើធៀបនឹងឆ្នាំ២០១៥ បានថ​យចុះ​តិច​តួ​ច៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ