សង្គមស៊ីវិល៖ វិសោធនកម្មច្បាប់បក្សនយោបាយលើកទី២ បំពានបទបញ្ញត្តិរដ្ឋធម្មនុញ

សមាជិកព្រឹទ្ធសភាកម្ពុជា (រូបភាពហ្វេសប៊ុកព្រឹទ្ធសភា)

ក្រុមអង្គការសង្គមស៊ីវិលហៅការកែច្បាប់បក្សនយោបាយជាលើកទី២ រំលោភបំពានបទបញ្ញត្តិនៃរដ្ឋធម្មនុញ្ញកម្ពុជា ដោយថាច្បាប់នេះផ្ដល់អំណាចច្រើនលើសលប់ដល់រដ្ឋាភិបាល ដើម្បីរំលាយគណបក្សឬអង្គការណាមួយតាមចិត្ដ និងកំពុងគំរាមកំហែងដល់លទ្ធិប្រជាធិបតេយ្យ។

ក្នុងសេចក្ដីថ្លែងការណ៍រួមចេញផ្សាយនៅថ្ងៃទី២៨ខែកក្កដាឆ្នាំ២០១៧ អង្គការសង្គមស៊ីវិលចំនួន១៩ បានបង្ហាញក្ដីបារម្ភរបស់ពួកគេ បន្ទាប់ពីរដ្ឋសភា ដែលសុទ្ធជាសមាជិកមកពីបក្សអំណាច បានអនុម័តទាំងស្រុងទៅលើសេចក្ដីស្នើធ្វើវិសោធនកម្មច្បាប់គណបក្សនយោបាយជាលើកទី២ កាលពីថ្ងៃទី១០ខែកក្កដា តាមបញ្ជារបស់លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន។

បើតាមសេចក្ដីថ្លែងការណ៍ ក្រុមអង្គការសង្គមស៊ីវិលរិះគន់ថា ដំណើរការធ្វើច្បាប់នេះ មានភាពចម្រូងចម្រាស់ និងប្រញាប់ប្រញាល់ខ្លាំង ដោយពុំបានឆ្លងកាត់ការពិគ្រោះយោបល់ និងការចូលរួមពីប្រជាពលរដ្ឋកម្ពុជា។

ក្រុមអង្គការសង្គមស៊ីវិលថា ពួកគេ បានផ្ញើអត្ថបទវិភាគ ទាក់ទងនឹងការធ្វើច្បាប់នេះ ប៉ុន្ដែស្ថាប័នព្រឹទ្ធសភាបានបដិសេធ ដោយថា ពុំបានបំពេញតាមនិតីវិធីរដ្ឋបាល។ ចំណែកឯក្រុមប្រឹក្សាធម្មនុញ្ញវិញ ក៏បដិសេធមិនទទួលយកដូចគ្នា។

អង្គការសង្គមស៊ីវិលទាំងនោះ ចាត់ទុកការធ្វើវិសោធនកម្មច្បាប់គណបក្សនយោបាយជាលើកទី២នេះ «បង្ហាញពីការគំរាមកំហែងធ្ងន់ធ្ងរដល់លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស» ដោយផ្ទុយនឹងមាត្រា១ និងមាត្រា៥១ នៃរដ្ឋធម្មនុញ្ញកម្ពុជា ព្រមទាំងកាតព្វកិច្ចនានា ដែលមានចែងក្នុងកិច្ចព្រមព្រៀងទីក្រុងប៉ារីសឆ្នាំ១៩៩១។

នៅក្នុងអត្ថបទវិភាគច្បាប់ ត្រង់ឧបសម្ព័ន្ធទី១ អង្គការសង្គមស៊ីវិលរិះគន់ថា ការហាមមិនឲ្យគណបក្សទាក់ទងជាមួយបណ្ឌិត និងការប្រើប្រាស់សំឡេង រូបភាព ឯកសារលាយលក្ខណ៍អក្សរ ឬសកម្មភាពរបស់ទណ្ឌិតនោះ គឺមានភាពមិនច្បាសលាស់ និងទូលំទូលាយពេក ដោយបានរិតត្បិតទៅលើសិទ្ធិបញ្ចេញមតិ និងសកម្មភាពរបស់គណបក្ស និងសមាគមរបស់ពួកគេ។

អង្គការសង្គមស៊ីវិលថា ការកែ​ច្បាប់ប្រឆាំងនឹងទណ្ឌិត គឺរំលោភសិទ្ធិបុគ្គលរូបនោះ ក្នុងការចូលរួមក្នុងកិច្ចការសាធារណៈ និងថា «សូម្បីតែទណ្ឌិត ដែលកំពុងអនុវត្តទោស ក៏ត្រូវទទួលបានសិទ្ធិមនុស្ស និងសេរីភាពមូលដ្ឋាន ដែលមានចែងក្នុងសេ​ចក្ដីប្រកាសជាសកលស្ដីសិទ្ធិមនុស្សដែរ»។

អ្នកនាំពាក្យព្រឹទ្ធសភា លោក ម៉ម ប៊ុននាង ច្រានចោលការលើកឡើងរបស់ក្រុមអង្គការសង្គមស៊ីវិល ថា ធ្វើឡើងគ្មានមូលដ្ឋានច្បាស់លាស់។ លោកថា ការធ្វើវិសោធនកម្មច្បាប់នេះ មិនផ្ទុយនឹងបទបញ្ញត្តិក្នុងរដ្ឋធម្មនុញ្ញទេ ដោយថា សូម្បីក្រុមប្រឹក្សាធម្មនុញ្ញក៏យល់ស្របលើច្បាប់នេះផងដែរ។

លោកថា៖ «ពិនិត្យទៅ វាអត់មានដូចខ្ញុំបានលើកឡើងមិញអញ្ចឹង គ្រាន់គាត់លើកសម្រាយចោលអញ្ចឹង វាអត់ខុសនឹងទម្រង់ច្បាប់ ឬគតិច្បាប់ណាមួយ ឬមាត្រាណាមួយ ខុសនឹងច្បាប់ព្រហ្មទណ្ឌ ឬនឹងច្បាប់អី ហើយក្រុមប្រឹក្សាធម្មនុញបានបញ្ជាក់ហើយថា ច្បាប់នេះត្រឹមត្រូវ អត់មានខុសនឹងទម្រង់ និងគតិច្បាប់ណាទេ ហើយអ្វីដែលសង្គមស៊ីវិលដាក់មកហ្នឹង គឺដាក់មកតែតាមពាក្យគណបក្សប្រឆាំង អញ្ចឹងគឺយើងទទួលមិចបាន»។

សាស្ដ្រាចារ្យវិទ្យាសាស្ដ្រនយោបាយនិងអភិបាលកិច្ច លោក ចាន់ វិបុល យល់ថា ច្បាប់នេះ មិនប៉ះពាល់ គោលការណ៍សេរីពហុបក្សទេ ប៉ុន្ដែវាប៉ះពាល់សិទ្ធិបញ្ចេញមតិ និងរឹតត្បិតសកម្មភាពរបស់គណបក្សនយោបាយទាំងអស់។ លោកថា ដើម្បីបង្ហាញពីភាពត្រឹមត្រូវ ក្រសួងមហាផ្ទៃ និងតុលាការ គួរអនុវត្តច្បាប់នេះឲ្យបានតឹងរ៉ឹង ដោយមិនប្រកាន់និន្នាការនយោបាយ ទៅលើគ្រប់គណបក្ស ដែលប្រព្រឹត្តខុស។

លោកថា៖ «ទាក់ទងនឹងការបញ្ចេញយោបល់ ជាការបញ្ចេញគំនិត ខ្ញុំយល់ថា វាប៉ះពាល់ទៅដល់សិទ្ធិស្ដីពីនយោបាយហើយ។ ខ្ញុំយល់ថា ច្បាប់នេះ វាអត់កំណត់ទៅលើគណបក្សនយោបាយណាមួយទេ គឺច្បាប់ប្រើសម្រាប់គ្រប់គណបក្សនយោបាយទាំងអស់ ដែលឈ្មោះក្នុងក្រសួងមហាផ្ទៃ អ្វីដែលខ្ញុំបារម្ភនោះ គឺឯករាជ្យភាពរបស់តុលាការទៅវិញទេ។​ ប្រសិនបើតុលាការយើងមានឯករាជ្យភាពពេញលេញ អញ្ចឹងអ្នកណាខ្ញុំ គឺអ្នកហ្នឹងខុស»។

ច្បាប់បក្សនយោបាយ ដែលបានអនុម័តកាលពីឆ្នាំ១៩៩៧ ត្រូវបានស្នើ​ធ្វើ​វិសោធនកម្ម​​ម្តង​ហើយ ដោយលោក ហ៊ុន សែន កាលពីចុងខែមករាឆ្នាំ២០១៧ និង​ត្រូវបាន​ចូលជាធរមាន បន្ទាប់​ពីបា​ន​ចុះហត្ថលេខា កាលពីថ្ងៃទី៧ខែមីនា ដោយ​លោក សាយ ឈុំ ប្រធាន​ព្រឹទ្ធសភា និង​ជាប្រមុខ​រដ្ឋ​ស្តីទី​ ជំនួសព្រះមហាក្សត្រ ដែលបានយាងទៅប្រទេសចិន។

បន្ទាប់ពីព្រឹទ្ធិសភាពិនិត្យចប់សព្វគ្រប់ ច្បាប់នេះ ក៏ត្រូវបានគាំទ្រទាំងស្រុង ដោយក្រុមប្រឹក្សាធម្មនុញ្ញ កាលពីថ្ងៃទី២៥កក្កដាកន្លងទៅនេះ ពោលចំពេលដែលព្រះមហាក្សត្រយាងទៅប្រទេសចិន ដើម្បីពិនិត្យព្រះរាជសុខភាព៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ