វិភាគ៖ ហេតុអ្វីមិនព្រមដោះលែងស្រ្តីសកម្មជនដីធ្លី ទេព វន្នី?

សកម្មជនដីធ្លី អ្នកស្រី ទេព វន្នី

សកម្មជនដីធ្លីលេចធ្លោម្នាក់នៅតំបន់បឹងកក់គឺអ្នកស្រី ទេព វន្នី។ ស្រ្តីអាយុ៣៧ឆ្នាំរូបនេះត្រូវ​អាជ្ញាធរចាប់ដាក់ពន្ធនាគារចំនួន៣ដងមកហើយ។

នៅថ្ងៃទី២២​ ខែឧសភា ឆ្នាំ២០១២ ​អ្នកស្រី ទេព វន្នី រួមទាំងស្ត្រី១២នាក់និងបុរសម្នាក់ទៀតដែលជាម្ចាស់ដីត្រូវបានអាជ្ញាធរចាប់យកទៅដាក់ពន្ធនាគារព្រៃសអស់រយៈពេល១ខែ៣ថ្ងៃ។

ក្រោយចេញពីពន្ធនាគារវិញ អ្នកស្រី ទេព វន្នី ត្រូវបានអតីត​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេសសហរដ្ឋ​អាមេរិក លោកស្រី ហ៊ីលឡារី គ្លីនតុន ប្រគល់ពានរង្វាន់ «ជាស្ត្រីឆ្នើមមេ​ដឹកនាំ​ពិភពលោក»។

នៅឆ្នាំ២០១៤អ្នកស្រី ទេព វន្នី ត្រូវបានអាជ្ញាធរចាប់ខ្លួនម្ដងទៀតហើយឃុំខ្លួនអស់រយៈពេល៥ខែ ពេលដែលអ្នកស្រីដឹកនាំ​ពលរដ្ឋផ្សេង​ទៀត ទៅតវ៉ានៅមុខសាលារាជធានីភ្នំពេញ ដើម្បីទាមទារឲ្យអភិបាលក្រុងភ្នំពេញដោះស្រាយបញ្ហាទឹកសំអុយជន់លិចភូមិពួកគេរស់នៅ។

នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៦ អ្នកស្រី ទេព វន្នី ក៏ត្រូវបានអាជ្ញាធរខណ្ឌដូនពេញចាប់ខ្លួនម្ដងទៀត ខណៈអ្នកស្រីចូលរួមធ្វើយុទ្ធនាកាថ្ងៃចន្ទពណ៌ខ្មៅ ទាមទារឲ្យដោះលែងមន្ត្រីការពារសិទ្ធិមនុស្សអាដហុកនិងមន្ត្រី គ.ជ.ប រួមទាំងទទួចឲ្យផ្តល់យុត្តិធម៌ជូន លោក កែម ឡី។

ការឃុំខ្លួនស្រ្តីដែលជាម្ចាស់ពានរង្វាន់ ​«ស្រ្តី​ឆ្នើម​ជាអ្នកដឹកនាំពិភពលោក» រូបនេះ ​ត្រូវបានក្រុមអង្គការសិទ្ធិមនុស្សជាតិនិង​អន្តរជាតិ​ចាត់​ទុកថាជារឿងនយោបាយ។ រឿងនយោបាយ​ដោយ​ពួកគេ​ផ្អែកលើសំណុំរឿងរបស់មន្រ្តីសិទ្ធិមនុស្សអាដហុក៤រូបនិងអគ្គលេខាធិការរង គ.ជ.ប។ ​អ្នកទាំង៥ត្រូវបានដោះលែងបណ្តោះអាសន្នហើយ ​បន្ទាប់ពីឃុំខ្លួនជាងមួយឆ្នាំ ខណៈតុលា​ការ​ថាមិនមានភស្តុតាងកាត់ទោសដូចអ្វីដែលអង្គភាព​ប្រឆាំង​អំពើ​ពុករលួយចោទប្រកាន់នោះ។​

ចំណែក អ្នកស្រី ទេព វន្នី ដែល​សក​ម្មចេញមុខដឹកនាំយុទ្ធនាការ «ថ្ងៃចន្ទពណ៌ខ្មៅ» សុំ​ដោះ​លែង​​​អ្នក​ទាំង​៥នោះ ហេតុអ្វីបានជានៅតែបន្តឃុំខ្លួន? នេះជាសំណួរដែលត្រូវបាន​អ្នកតាម​ដាន​​​បញ្ហា​សង្គម​​លើក​ឡើងជារឿយៗ។

សាលាដំបូងរាជធានីភ្នំពេញបានកាត់ទោសអ្នកស្រី ទេព វន្នី ក្រោមការចោទប្រកាន់​របស់​អាជ្ញាធរ​ក្រុងភ្នំពេញដែលថា ស្រ្តីរូបនេះ ប្រើហិង្សាលើកងសន្តិសុខខណ្ឌដូនពេញ។ ប៉ុន្តែ​តាម​សាក្សី និង​វីដេអូដែលគេថតបានគឺមិនឃើញស្រ្តីជាអ្នកតវ៉ាប្រើ​ហិង្សាលើក្រុមសន្តិសុខ​ជា​បុរសនោះទេ។ ​ជារឿយៗគេឃើញតែ «ក្រុម​សន្តិសុខ វាយ​ទាត់ធាក់ទៅលើ​ក្រុមអ្នកតវ៉ា»។

អ្នកស្រី​ បូ ឆវី​ សកម្មជន​ដីធ្លី​ក្នុង​តំបន់​បឹងកក់​ ត្រូវ​បាន​លោក​ ប៉ុល សំអឿន ប្រធាន​ក្រុមប្រឹក្សា​អង្គ​ជំនុំ​ជម្រះ ហៅឲ្យធ្វើសាក្សី ក្នុងសវនការសាលាឧទ្ធរណ៏កាលពីទី២៧ខែកក្កដា។ ​សាក្សីរូប​នេះ ត្រូវតុលាការឲ្យបំភ្លឺជុំវិញ​ហេតុ​ការណ៍​ហិង្សា​មួយ​ដែល​បាន​កើតឡើង​នៅ​ក្បែរ​ផ្ទះ​លោក ហ៊ុន សែន​ ​កាល​ពី​ខែ​មីនា​ ឆ្នាំ​២០១៣​ ដែល​កង​សន្តិសុខ​ពីរ​រូប​ក្នុង​ខណ្ឌ​ដូនពេញ​ អះអាង​ថា​ ពួកគេ​ត្រូវស្ត្រី​ពីរនាក់​ធ្វើ​ឲ្យ​មាន​របួស​ស្នាម​នៅ​ត្រង់​ក្បាល​ និង​ផ្ទៃមុខ។​ ប៉ុន្តែ​ អ្នកស្រី​ បូ ឆវី​ បាន​ប្រាប់​ក្រុម​ប្រឹក្សា​អង្គ​ជំនុំ​ជម្រះ​ថា​ អ្នកស្រី​ ទេព វន្នី​ មិន​បាន​​ប្រើ​ហិង្សា​នោះ​ទេ​ ប៉ុន្តែគាត់ថា​ក្រុម​សន្តិសុខទៅវិញទេដែលជាអ្នក​បង្ក​ហិង្សាលើស្រ្តីអ្នកតវ៉ានោះ។

ក្រុមអង្គការសិទ្ធិមនុស្ស បានកត់សំគាល់ថា សវនការកាត់ទោស អ្នកស្រី ទេព វន្នី កន្លងមក​គឺមិនមាន​ភាគីដើម​បណ្តឹង​ចូល​បង្ហាញមុខក្នុងសវនការទេ​។ ​សេចក្តីថ្លែងការណ៍កាលពីថ្ងៃទី២៦ខែកក្កដា ក្រុមអង្គការសិទ្ធិមនុស្សចំនួន២៦​បានហៅការ​កាត់ទោសនេះថាធ្វើ​ឡើងទៅតាម​តែ​របាយការណ៍របស់​អាជ្ញាធរចោទប្រកាន់តែ​ប៉ុណ្ណោះ។

លោក​ អំ សំអាត​ ប្រធាន​ផ្នែក​បច្ចេកទេស​ស៊ើប​អង្កេត​នៃ​អង្គការ​ពារ​សិទ្ធិ​មនុស្ស​លីកាដូ​ មានប្រសាសន៍ថា​ តាម​ការ​អង្កេត​ក្នុង​សាលសវនាការ​ ​តុលាការ​មិន​បាន​បង្ហាញ​ភស្តុតាង​ជាក់​លាក់​គាំទ្រ​ដល់​ការកាត់​ទោស​កន្លងមក​នោះ​ឡើយ។​ លោកថា «ឆ្លង​តាមការ​ជជែក​ដេញដោល​នេះ​ ​យើង​ខ្ញុំ​ដែល​ចូល​ស្តាប់​សវនាការ​ យើង​ហាក់បី​ដូច​ជា​មិន​រក​ឃើញ​ភស្តុតាង​ ឬ​ចំណុច​ណាមួយ​ដែល​ថា​ អ្នក​ស្រី​ ទេព​ វន្នី​ បាន​ប្រព្រឹត្ត​ដូច​ការ​ចោទ​ប្រកាន់​ហ្នឹង​ទេ។​ អីចឹង​យើង​គ្រាន់តែ​មាន​ការ​សង្ឃឹម​ថា​ សាលា​ឧទ្ធរណ៍​លោក​នឹង​ទម្លាក់​ចោល​នូវ​បទ​ចោទ​ប្រកាន់​នេះ​ ហើយ​នឹង​ដោះលែង​អ្នកស្រី​ ទេព វន្នី ​ឲ្យ​មាន​សេរីភាព​វិញ»។​

ក្រុ​មអង្គការសង្គមស៊ីវិលអំ​ពាវនាវឲ្យសាលាឧទ្ធរណ៍ ទ​ម្លាក់បទចោទលើ អ្នកស្រី ទេព វន្នី ដោយ​ថា សាលក្រ​មផ្តន្ទាទោសរបស់សាលាដំបូងរាជធានីភ្នំពេញ កន្លងទៅ​ថា​ «ជា​ចេ​​តនានយោបាយ ប្រឆាំងនឹងសំឡងអ្នករិះគន់»។

ការដែលតុលាការបង្គាប់ឲ្យឃុំខ្លួន អ្នកស្រី ទេព វន្នី ជា​​​លើ​កទី៣នេះ គឺមានរយៈពេលជិតមួយឆ្នាំហើយ។

អ្នកតាមដានស្ថានការណ៍នយោបាយនៅកម្ពុជា លោកបណ្ឌិត​ មាស នី លើកឡើងថា ការចាប់ខ្លួន អ្នកស្រី ទេព វន្នី លោកថាអាចដោយសារដ្ឋាភិបាល មិនចង់​ឲ្យមានការធ្វើ​​យុទ្ធ​នាកា​រថ្ងៃចន្ទពណ៌ខ្មៅ ដោយថាយុទ្ធនាការនោះ ប៉ះពាល់ដល់មុខមាត់រដ្ឋាភិបាល ករណីចាប់​ឃុំខ្លួ​នមន្ត្រី​​សង្គ​មស៊ីវិល នាពេលកន្លងទៅ។

លោក មាស នី យល់ថា បើមានការទម្លាក់បទចោទ​លើ អ្នកស្រី ទេព វន្នី លោកថា អាចជា ការជួ​យលើ​កមុខមាត់រដ្ឋាភិបាលឡើងវិញ។

លោកថា៖ «ខ្ញុំគិតថាបើទោះបីខ្ញុំមិននិយាយ ក៏ក្រសួងយុត្តិធម៌ក៏បាននិយាយនៅពេលថ្មីៗនេះហើយដែរ ថាប្រព័ន្ធយុត្តិធម៌មានបញ្ហាច្រើនដែលត្រូវកែតម្រូវ។ អញ្ចឹងរឿងទាំងអស់ដែលយើងធ្លាប់ឃើញកន្លងមកហើយនេះគឺសុទ្ធតែបានបង្ហាញពីភាពស្រពិចស្រពិល ទៅលើឯករាជ្យភាព របស់ប្រព័ន្ធតុលាការ»។

សាលាដំបូងរាជធានីភ្នំពេញ បានផ្តន្ទាទោសអ្នកស្រី ទេព វន្នី ដាក់ពន្ធនាគារ៦ខែ ដោយចោទប្រកាន់ពីបទជេរប្រមាថនិងប្រឆាំងអាជ្ញាធរសាលារាជធានីភ្នំពេញកាលពីចុងឆ្នាំ២០១១ ប៉ុន្តែតុលាការទើបតែកាត់ទោសសកម្មជនដីធ្លីរូបនេះបន្ថែមមួយករណីទៀត ដាក់ពន្ធនាគារ២ឆ្នាំកន្លះ ដោយចោទថាប្រើហិង្សាលើក្រុមសន្តិសុខខណ្ឌដូនពេញកាលពីឆ្នាំ២០១៣។

​ក្រុមអង្គការសង្គមជាតិ និងអន្តរជាតិ ចាត់ទុកការចាប់ខ្លួនអ្នកស្រី ទេព វន្នី នោះថាជារឿងនយោបាយ ហើយស្នើទម្លាក់បទប្រចោទទាំងនោះ។​

ទោះជាយ៉ាងណាក៏ដោយ សាលាឧទ្ធរណ៍នឹងប្រកាសសាលដីកាលើបណ្តឹងជំទាស់​របស់​អ្នកស្រី ទេព វន្នី នៅថ្ងៃទី៨ខែសីហាខាងមុខ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ