ក្រសួង​ការបរទេស​​ថ្កោល​ទោស​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​វៀតណាម​​វាយ​ប្រហារ​​មេដឹកនាំ​កម្ពុជា

ក្រសួងការបរទេសកម្ពុជា បានថ្កោលទោសទៅលើអ្នកប្រើប្រាស់ហ្វេសប៊ុកជាជនជាតិវៀតណាម បន្ទាប់ពីពួកគេបានចូលទៅបញ្ចេញយោបល់នៅលើបណ្ដាញសង្គមមួយនេះ ដោយវាយប្រហារទៅលើលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជុំវិញជម្លោះសមុទ្រចិនខាងត្បូងរវាងប្រទេសវៀតណាម និងប្រទេសចិន។

អ្នកប្រើប្រាស់ហ្វេសប៊ុកវៀតណាម Nguyen Van Tai កាលពីថ្ងៃទី២៦ ខែសីហា បានចូលបញ្ចេញយោបល់នៅនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយលើកឡើងថា នៅក្នុងជម្លោះសមុទ្រចិនខាងត្បូង វៀតណាមមិនគួរពឹងផ្អែកលើប្រទេសតូចតាចដូចជា កម្ពុជា និងឡាវ នោះឡើយ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានឆ្លើយតបទៅនឹងអ្នកប្រើប្រាស់ហ្វេសប៊ុកវៀតណាមរូបនេះថា ការជ្រើសរើសរបៀបដោះស្រាយរវាងចិន និងវៀតណាមយ៉ាងណានោះ គឺជាសិទ្ធិសម្រេចរបស់មេដឹកនាំវៀតណាម។

ប្រមុខរដ្ឋាភិបាលកម្ពុជាក៏បានបញ្ជាក់ឡើងវិញថា លោកមិនមែនជាអាយ៉ងវៀតណាមនោះឡើយ ហើយលោក គឺជាមេដឹកនាំនៃប្រទេសមានឯករាជ្យភាព អធិបតេយ្យភាព និងបូរណភាពទឹកដី ដែលស្មើភាព និងស្មើសិទ្ធិជាមួយប្រទេសទាំងអស់ រួមទាំងវៀតណាមផងដែរ។

កាលពីថ្ងៃម្សិលមិញ អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានថ្កោលទោសចំពោះអ្នកប្រើប្រាស់ហ្វេសប៊ុកវៀតណាម ដោយចាត់ទុកការរិះគន់ និងការវាយប្រហារទៅលើលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាអំពើអសីលធម៌ ដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់មេដឹកនាំកម្ពុជា។

ក្នុងសេចក្ដីថ្លែងការណ៍កាលពីថ្ងៃម្សិលមិញ អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា ក៏បានអំពាវនាវទៅដល់អាជ្ញាធរវៀតណាម ឲ្យចាត់វិធានការទៅលើអ្នកប្រើប្រាស់ហ្វេសប៊ុកទាំងនោះ ដែលក្រសួងការបរទេសថា ដើម្បីការពារកិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់ថ្នាក់ដឹកនាំកម្ពុជា និងថែរក្សាទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ។

ចាប់តាំងពីចុងខែកក្កដាកន្លងមក អ្នកប្រើប្រាស់ហ្វេសប៊ុកមានឈ្មោះជាភាសាវៀតណាមចំនួន ៣នាក់ហើយ បានចូលទៅបញ្ចេញយោបល់វាយប្រហារមេដឹកនាំកម្ពុជា នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់នាយករដ្ឋមន្ត្រី ហ៊ុន សែន។

អ្នកប្រើប្រាស់ហ្វេសប៊ុកវៀតណាមឈ្មោះ Phạm Đức Hiển កាលពីថ្ងៃទី៣១ ខែកក្កដា បានចោទលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថា បានក្បត់វៀតណាម ហើយកាលពីថ្ងៃទី២៤ ខែសីហា អ្នកប្រើប្រាស់ហ្វេសប៊ុកវៀតណាមម្នាក់ទៀតឈ្មោះ Bao Lam ក៏បានចូលបញ្ចេញយោបល់វាយប្រហារលើមេដឹកនាំកម្ពុជាផងដែរ ជុំវិញជម្លោះដែនដីនៅសមុទ្រចិនខាងត្បូងរវាងប្រទេសវៀតណាម និងចិន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ