សំរាមគ្រប់ប្រភេទជាពិសេស ថង់ផ្លាស្ទិកនិងប្រអប់ស្នោខ្ចប់ម្ហូបអាហារ ត្រូវបានបោះចូលទៅក្នុងទឹកទន្លេខេត្តក្រចេះ បើទោះបីជានៅទីនោះមានដាក់ធុងសំរាម និងមានស្លាកបង្ហាញសារអប់រំឲ្យជួយការពារបរិស្ថានក៏ដោយ។
តាមការសង្កេតដោយផ្ទាល់ភ្នែករយៈពេលប្រហែល២ម៉ោង នៅល្ងាចថ្ងៃទី២៥ខែសីហា ត្រង់មាត់ទន្លេចំណុចខាងមុខសាលមហោស្រពខេត្តក្រចេះឃើញថា អ្នកដែលបោះចោលសំរាមទៅក្នុងទឹកទន្លេនោះ គឺភាគច្រើនជាប្រជាពលរដ្ឋដែលទៅអង្គុយលេង និងមួយចំនួនទៀតជាអ្នកទៅហាត់ប្រាណនៅទីនោះពេលល្ងាច។
ប្រធានមន្ទីរបរិស្ថានខេត្តក្រចេះ លោក ឆាយ ឌួងសាវុធ ទទួលស្គាល់ចំពោះសកម្មភាពចោលសំរាមផ្តេសផ្តាសនេះ តែលោកថា អ្នកដែលប្រព្រឹត្តិទង្វើបែបនេះ មានចំនួនតិចតួចតែប៉ុណ្ណោះ។ លោកថា ការគ្រប់គ្រងទៅលើបញ្ហានេះមានការលំបាក ដោយសារការចោលសំរាមក្រៅធុងនេះ ក្លាយទៅជាទម្លាប់របស់ប្រជាពលរដ្ឋទៅហើយ ដែលពិបាកនឹងកែប្រែ។
លោកមានប្រសាសន៍ថា៖ «តាមពិតទៅទម្លាប់របស់ប្រជាពលរដ្ឋយើងដូចជា យើងមិនងាយនឹងកែគាត់ទេ យើងមានដល់ទៅធុងសម្រាម ចំណាត់ការយើងមាន។ អ្នកចោលមានតិចតួចទេ ចំពោះអ្នកភ្នំពេញ ឬអ្នកដំណើរនានា គេចោលក្នុងធុងសម្រាម»។
យ៉ាងណាក្តី លោកថាខាងមន្ទីរមានចំណាត់ការទៅលើបញ្ហានេះផងដែរ ដោយលោកថាក្នុងករណីជួបផ្ទាល់នឹងភ្នែក ខាងមន្ទីរនឹងហៅមកណែនាំអប់រំ ចំណែកឯក្នុងករណីធ្ងន់ធ្ងរ នឹងធ្វើការផាកពិន័យទៅតាមច្បាប់។
លោកថាបញ្ហាសម្រាមនេះ លោកបានប្រគល់តួនាទីឲ្យខាងស្រុក ខាងក្រុង ជាអ្នកទទួលខុសត្រូវបន្ត ហើយខាងក្រុងជាអ្នកប្រគល់តួនាទីនេះឲ្យអ្នកទទួលម៉ៅការ យ៉ាងណាក្តីខាងមន្ទីរក៏នៅតែបន្តមើលការខុសត្រូវដដែល ហើយនិងមានការកោះប្រជុំជាហូរហែទៀតផង។
បើតាមអនុក្រឹត្យរបស់រដ្ឋាភិបាល សម្រាប់បុគ្គលបោះចោលសម្រាមតាមទីសាធារណៈ នឹងត្រូវទទួលបានការផាកពិន័យជាប្រាក់ចាប់ពី១ម៉ឺនរៀល ទៅ២០ម៉ឺនរៀលទៅតាមប្រភេទសម្រាម។
ក្នុងករណីបុគ្គលបង់ប្រាក់ពិន័យមិនទាន់តាមពេលវេលាកំណត់ ការពិន័យនឹងត្រូវបង់ពិន័យកើនចំនួនពី២ដង ទៅ៣ដង ហើយបើមិនបង់ក្នុងរយៈពេល៩០ថ្ងៃនេះទេ អាជ្ញាធរនឹងរៀបចំសំណុំឯកសារប្តឹងទៅតុលាការ៕
ដោយ ឆោម ស្រីល័ក្ខ