លោក ហ៊ុន សែន ឲ្យ​រដ្ឋ​មន្ត្រី​សងប្រាក់​ពល​រដ្ឋ​វិញដោយថា ​ទើប​តែ​ដឹង​រឿង​ទឹក​ឡើង​ថ្លៃ

លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន

នាយក​រដ្ឋ​មន្ត្រី​បាន​បញ្ជារ​ទៅ​កាន់​រដ្ឋមន្រ្តីក្រសួង​ឧស្សាហកម្ម​និង​សិប្បកម្ម ឲ្យ​ដោះ​ស្រាយ​សំណងជូន​ពល​រដ្ឋ និង​បញ្ជារឲ្យ​ផ្លាស់​ប្តូរបៀបនៃ​ការ​គិត​ថ្លៃទឹកឡើង​វិញ ​ដោយអះអាងថា លោក​ទើប​តែ​ដឹង​ថាតម្លៃ​ទឹក​នៅ​ទីក្រុង​​ភ្នំពេញ មាន​ការ​កើន​ឡើង ដែល​ធ្វើ​ឲ្យអ្ន​​កប្រើ​តិច ត្រូវ​បង់​ច្រើន​ដូច​អ្នក​ប្រើ​ច្រើន។

លោក​ ហ៊ុន សែន​ បាន​សរសេរ​នៅ​លើ​ទំព័រ​ហ្វេសបុក​របស់​លោកនៅ​ថ្ងៃទី​២៨ សីហា​នេះ​ថា លោក​បាន​បញ្ជារឲ្យ​រដ្ឋ​មន្ត្រី​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម លោក ​ចម ប្រសិទ្ធ ឲ្យ​ទៅ​ធ្វើ​ការ​ជា​មួយ​រដ្ឋាករ​ទឹក​ ដើម្បី​ឲ្យ​រដ្ឋាករ​ទឹក​វិល​ត្រលប់​ទៅ​អនុវត្តរូបមន្តដើម​វិញ និង​បញ្ជារ​ឲ្យ​សង​ប្រាក់​ទៅ​ប្រជា​ពល​រដ្ឋ​វិញ​ នូវ​ទឹក​ប្រាក់​ដែល​បាន​យក​លើស​ពី​ពល​រដ្ឋ។

លោក​សរសេរ​ថា៖ «ថ្ងៃនេះ ខ្ញុំទើបបានដឹងថាតម្លៃទឹក​នៅទីក្រុង​ភ្នំពេញ​មានការ​កើន​ឡើង​ដែល​អ្នក​ប្រើ​ប្រាស់​ទឹក​តិច និងអ្នកប្រើប្រាស់ច្រើនបង់ថ្លៃដូចៗគ្នា ធ្វើអោយនយោ​បាយ​អនុគ្រោះ​សម្រាប់​ប្រជាជន​ក្រីក្រ​មិនអាចអនុវត្តបាន។ នេះជាការដើរខុសជាមួយការអំពាវនាវរបស់ខ្ញុំអោយបញ្ចុះថ្លៃទឹក»។

វី​អូ​ឌី​មិន​អាច​ទាក់​ទងរដ្ឋ​មន្ត្រី​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម​ លោក​ ចម ប្រសិទ្ធ ​បាន​នៅ​ឡើយ​ទេ។

ភ្លាម​ៗ​បន្ទាប់ពី​លោក​ ហ៊ុន សែន​ មាន​ប្រតិកម្ម​ រដ្ឋាករ​ទឹក​ស្វយ័តក្រុង​ភ្នំពេញ​បាន​ចេញ​សេចក្តី​ជូន​ដំណឹងនៅថ្ងៃនេះ​ ដោយ​បាន​សុំ​ទោសចំពោះ​ការ​គណនា​ថ្លៃ​ទឹក​ថ្មី​របស់ខ្លួន និង​ថា​ នឹង​ធ្វើ​ការ​កែ​តម្រូវ​​របៀបគណនា​តាមរូបមន្ត​ចាស់វិញ ដោយថានឹង​សង​ប្រាក់​ដល់​អតិ​ថិជន​នូវ​តម្លៃ​ប្រាក់​ដែល​លម្អៀង​កន្លងមក។

នាយក​ប្រតិ​បត្តិ​សម្ព័ន្ធ​គណនេយ្យភាពសង្គម​លោក សន​ ជ័យ បាន​គាំទ្រ​ចំពោះ​ចំណាត់​ការ​លោក​ ហ៊ុន សែន នេះ​ តែ​លោ​ក​ថា​វា​ហាក់​បី​ដូច​ជា​យឺត​ពេល​បន្តិច​ហើយ។ លោក​បន្ថែម​ថា បញ្ហា​នេះ​បណ្តាល​មកពី​ការ​ត្រួត​ពិនិត្យ​ពី​ក្រសួ​ង​ឧស្សាហកម្មនិង​សិប្បកម្ម​ និង​រដ្ឋាទឹក​មិន​មាន​ភាព​ស៊ី​សង្វាក់​គ្នាដែល​បណ្តោយ​ឲ្យ​មា​ន​បញ្ហា​បែប​នេះ។

លោក​ថា៖ «វាអត់​មាន​អី​ចំឡែក​ទេ! តែអ្វីដែល​ចំឡែក​ហ្នឹងសួរ​ថា ​ហេតុ​អី​របៀប​នៃការ​ឡើង​ថ្លៃ​ទឹក​ហ្នឹង​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម​ហ្នឹង​ បែ​រ​ជា​មិន​បាន​ពិគ្រោះ​ឲ្យ​បាន​ដិត​ដល់​ឲ្យ​បាន​ស៊ី​ជម្រៅ។ របៀបដែល​ពួកគេ​ធ្វើ​ហ្នឹង ដូច​សេចក្តី​ជូន​ដំណឹង​ថា​ គិត​លុយ​មួយ​ខែ​ម្តង តែ​ដល់​ពេល​អនុវត្តន៍​ គឺ​៤៥​ថ្ងៃ​បាន​មក​គិត​លុ​យអញ្ចឹង ហ្នឹង​ហើយ​ជា​របៀប​មួយ​ដែល​កេង​ប្រវ័ញ​ទៅ​លើ​អ្នក​ប្រើ​ប្រាស់​»។ ​

គួ​រ​រំលឹក​ផង​ដែរ​ថា​ចំណាត់​ការ​របស់​នាយក​រដ្ឋ​មន្ត្រី​នេះ​គឺ​ធ្វើ​ឡើង​បន្ទាប់​ពី​លោកបាន​ប្រកាស​បញ្ចុះ​តម្លៃ​ទឹក​ដល់​កម្មករ​រោង​ចក្រ ដែល​បាន​ទម្លាក់​ពី​១២០០រៀល​ មក​នៅ​ត្រឹម​៨០០រៀលក្នុងមួយគីបចាប់​ពី​ថ្ងៃ​ទី​១ ខែ​កញ្ញា​ខាង​មុខ​តទៅ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ