ប្រជុំនៅUNជជែកច្រើនករណីសម្លាប់លោក ​កែម ឡី និងការឃុំមន្ត្រីសិទ្ធិមនុស្ស​

លោកស្រី Rhona Smith នៅក្នុងអង្គប្រជុំនៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិនាថ្ងៃទី២៨ កញ្ញា (រូបកណ្តាល)

នៅក្នុងកិច្ចសន្ទនាឆ្លើយឆ្លងជាមួយអ្នករាយការណ៍ពិសេសស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា គឺលោកស្រីសាស្រ្តាចារ្យ រ៉ូណា ស្មីធ (Rhona Smith) អង្គប្រជុំនៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ មានការជជែកដេញដោលច្រើនលើករណីបាញ់សម្លាប់លោកបណ្ឌិត កែម ឡី និងការឃុំខ្លួនមន្ត្រីអង្គការសង្គមស៊ីវិល។

ក្នុងវីឌីអូផ្សាយផ្ទាល់ពីកិច្ចប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិនៅរសៀលថ្ងៃទី២៨ ខែកញ្ញា ម៉ោងនៅកម្ពុជា បានផ្តល់ឱកាសឲ្យតំណាងប្រទេសនានា និងអង្គការសង្គមស៊ីវិលផ្សេងៗលើកឡើងពីបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា ក្រោយពីសេចក្តីបរិយាយរបស់លោកស្រី រ៉ូណា ស្មីធ។

តំណាងប្រទេស និងអង្គការសង្គមស៊ីវិលទាំងនោះ បានលើកឡើងថា ការបាញ់សម្លាប់លោក កែម ឡី ការចាប់ចងនិងឃុំខ្លួនមន្ត្រីអង្គការសង្គមស៊ីវិល៤រូប និងមន្ត្រី គ.ជ.ប ១រូប ការដាក់ពន្ធនាគារ រួមទាំងការគំរាមកំហែងដល់សកម្មជនការពារដីធ្លី និងសិទ្ធិមនុស្សផ្សេងៗទៀត គឺជាសកម្មភាពកំពុងប៉ះពាល់ខ្លាំងដល់ការគោរពសិទ្ធិមនុស្ស និងដំណើរការបោះឆ្នោតក្នុងប្រទេសកម្ពុជានៅឆ្នាំ២០១៧ និង២០១៨ខាងមុខ។

តំណាងប្រទេសមួយចំនួនក៏បានលើកឡើងពីការព្រួយបារម្ភពីចំចាត់ការរបស់តុលាការលើថ្នាក់ដឹកនាំនិងសកម្មជនបក្សប្រឆាំងផងដែរ។ ទោះយ៉ាងណា តំណាងប្រទេសចិន ឡាវ និងឥណ្ឌូនេស៊ី បានលើកឡើងពីកិច្ចខិតខំរបស់រដ្ឋាភិបាលកម្ពុជា ថាបានធ្វើឲ្យមានភាពប្រសើរឡើងនៃការគោរពសិទ្ធិមនុស្សរហូតដល់បច្ចុប្បន្ននេះ។

ក្នុងកិច្ចប្រជុំនោះ តំណាងរដ្ឋាភិបាលកម្ពុជាឡើងការពារថា កម្ពុជាមិនបានរំលោភ សិទ្ធិមនុស្សដូចការលើកឡើងនោះទេ។ តំណាងកម្ពុជាបញ្ជាក់ទៀតថា អ្វីដែលរដ្ឋាភិបាលកម្ពុជាកំពុងធ្វើគឺជាការអនុវត្តច្បាប់ ហើយការលើកឡើងរបស់ប្រទេស ដែលរិះគន់កម្ពុជានោះដោយសារការទទួលបានព័ត៌មានមិនត្រឹមត្រូវ ឬមិនគ្រប់ជ្រុងជ្រោយ។

គួររលឹកដែរថា នៅក្នុងលិខិតមួយកាលពីថ្ងៃទី២៦ ខែកញ្ញា ក្រុមអង្គការសង្គមស៊ីវិលបានស្នើឲ្យលោកស្រី រ៉ូណា ស្មីធ អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ (អ.ស.ប) ប្រចាំកម្ពុជា ដាក់បន្ថែមកង្វល់មួយចំនួនដូចជាសេរីភាពបញ្ចេញមតិនិងការប្រមូលផ្ដុំ ទៅក្នុងរបាយការណ៍របស់លោកស្រី។

បន្ថែមពីលើនេះទៀត អង្គការទាំង២៧បានសំដែងការខកចិត្តយ៉ាងខ្លាំង ដោយថា លោកស្រី រ៉ូណា ស្មីធ មិនបានសំគាល់ពីករណីឃាតកម្មលើអ្នកវិភាគសង្គមលោកបណ្ឌិត កែម ឡី ទៅក្នុងរបាយការណ៍របស់លោកស្រី៕ រាយការណ៍បន្ថែម ដោយ មាស រតនៈវិទូ

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ