វិភាគ៖ តើការបន្តឃុំខ្លួនមន្ត្រីការពារសិទ្ធិមនុស្សអាដហុក រដ្ឋាភិបាលចំណេញអ្វី?

លោក នី ចរិយា(ធ្វេង)លោក យី សុខសាន្ត(កណ្តាល)និង​លោក នី សុខា

នៅដើមខែឧសភាឆ្នាំ២០១៦នេះ មន្ត្រីការពារសិទ្ធិមនុស្សអាដហុក៤រូបនិងមន្ត្រី គ.ជ.ប មួយរូប គឺលោក នី ចរិយា ដែលធ្លាប់រិះគន់រដ្ឋាភិបាលឥតសំចៃមាត់នោះ ត្រូវតុលាការបញ្ជាឲ្យឃុំខ្លួននៅពន្ធនាគារ។

ការសម្រេចឲ្យឃុំខ្លួនមន្ត្រីឃ្លាំមើលការរំលោភសិទ្ធិមនុស្សទាំងនោះ តុលាការបានសំអាងទៅលើសំនុំរឿងដ៏ចម្រោងចម្រាសមួយ ដែលអ្នកវិភាគថាជាឈុតឆាករបស់អ្នកនយោបាយ ដើម្បីទាញទម្លាប់ប្រជាប្រិយភាពបក្សប្រឆាំងនិងជាការគំរាមដល់អ្នកដែលហ៊ានរិះគន់រដ្ឋាភិបាល។

ចំណាត់ការនេះ បើទោះបីរដ្ឋាភិបាលបានការពារច្រើនដងថាជាការអនុវត្តច្បាប់ ក៏ប៉ុន្តែមជ្ឈដ្ឋានជាតិនិងអន្តរជាតិមួយចំនួនបានបង្ហាញការខកចិត្តថា ប្រទេសក្រីក្រដែលប្រកាន់យកគោលការណ៍ប្រជាធិបតេយ្យមួយនេះ មិនគួរបង្កើតឈុតឆាកបែបនេះទេ ដែលពួកគេថាធ្វើឲ្យប៉ះពាល់ដល់យន្តការពង្រឹងនីតិរដ្ឋនៅកម្ពុជា។

ខណៈដែលមន្ត្រីការពារសិទ្ធិមនុស្សទាំងនោះនៅតែបន្តជាប់ឃុំ ការឈឺឆ្អាលរបស់មហាអំណាចដែលប្រកាន់លទ្ធិប្រជាធិបតេយ្យនេះ បានឈានដល់ការគំរាមបង្អាក់ជំនួយដល់រដ្ឋាភិបាលកម្ពុជា ដោយថារដ្ឋាភិបាលមិនធ្វើឲ្យប្រសើឡើងវិញពីការគោរពសិទ្ធិមនុស្ស សិទ្ធិអង្គការសង្គមស៊ីវិល និងសិទ្ធិធ្វើនយោបាយរបស់បក្សប្រឆាំង តាមយន្តការប្រជាធិបតេយ្យ។

ជាថ្មីម្តងទៀតនៅថ្ងៃទី១៤ខែកញ្ញា ប្រទេសចំនួន៣៦មានសហរដ្ឋអាមេរិក អាល់បានី អូស្តាលី ជប៉ុន អ៊ុយក្រែន សមាជិកសហភាពអឺរុបទាំង២៨ប្រទេស និងប្រទេសមួយចំនួនទៀតបានចេញប្រកាសរួមលើកឡើងថា ស្ថានការណ៍នយោបាយនៅកម្ពុជាបានគំរាមកំហែងសកម្មភាពស្របច្បាប់របស់គណបក្សប្រឆាំងនិងអង្គការមិនមែនរដ្ឋាភិបាលដែលធ្វើការផ្នែកសិទ្ធិមនុស្ស។

ប្រទេសទាំងនោះក៏បានអំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជាខិតខំជាអតិបរមាបង្កើតឲ្យមានបរិយាកាសនយោបាយមួយ ដោយថាឲ្យគណបក្សប្រឆាំងនិងអង្គការសង្គមស៊ីវិលអាចធ្វើសកម្មភាពបានដោយសេរីនិងគ្មានការភ័យខ្លាច។

ជាងនេះទៅទៀតប្រទេសទាំង៣៦នោះបានជំរុញរដ្ឋាភិបាលកម្ពុជាធ្វើយ៉ាងណាជំរុញដំណើការបោះឆ្នោតឲ្យប្រព្រឹត្តិទៅដោយសេរីនិងយុត្តិធម៌ ធានាភាពស្របច្បាប់ដល់រដ្ឋាភិបាលកើតក្រោយការបោះឆ្នោត ធានាចំពោះមុខពលរដ្ឋរបស់ខ្លួន និងសហគមន៍អន្តរជាតិ។

ប្រទេសទាំងនោះបានគំរាមដោយប្រយោលថា ពួកគេត្រៀមជាស្រេចក្នុងការជួយប្រទេសនិងប្រជាជនកម្ពុជា ក្នុងការដោះស្រាយកង្វល់ទាំងនេះតាមច្បាប់អន្តរជាតិស្តីពីសិទ្ធិមនុស្ស។

នៅថ្ងៃទី២៧ខែកញ្ញា អង្គការសង្គមស៊ីវិលចំនួន២៧ដែលសកម្មក្នុងការជំរុញឲ្យលើកស្ទួយសិទ្ធិមនុស្ស ជំរុញឲ្យអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ លោកស្រី Rhona Smith លើកយកការចាប់ខ្លួនមន្ត្រីការពារសិទ្ធិមនុស្សអាដហុក លោក នី សុខា លោក យី សុខសាន្ដ លោក ណៃ វ៉ាន់ដា និងមន្ត្រី គ.ជ.ប លោក នី ចរិយា ទៅប្រាប់កិច្ចប្រជុំអង្គការសហប្រជាជាតិ។

នៅកិច្ចប្រជុំអង្គការសហប្រជាជាតិដែលមានផ្សាយផ្ទាល់តាមហ្វេសប៊ុកនៅថ្ងៃទី២៨ខែកញ្ញានេះ ក៏បានលើកឡើងចំៗពីការចាប់ឃុំខ្លួនមន្រ្តីសិទ្ធិមនុស្សអាដហុកទាំង៤រូបនិងមន្រ្តី គ.ជ.ប លោក នី ចរិយា ផងដែរ។

តើការបន្តឃុំខ្លួនមន្ត្រីការពារសិទ្ធិមនុស្សអាដហុកនេះ គណបក្សកំពុងគ្រប់គ្រងអំណាចចំណេញអ្វី?

អ្នកវិភាគយល់ថាចំណាត់ការចាប់និងឃុំខ្លួនមន្ត្រីអង្គការសង្គមស៊ីវិលនេះ ពួកគេថាជាការរៀបចំយុទ្ធសាស្ត្រនយោបាយខុសរបស់គណបក្សប្រជាជនកម្ពុជា ដែលធ្វើឲ្យបក្សកំពុងគ្រប់គ្រងអំណាចមួយនេះឲ្យធ្លាក់ ប្រជាប្រិយភាពទាំងនៅក្នុងស្រុកទាំងនៅលើឆាកអន្តរជាតិ។

អ្នកឯកទេសវិទ្យាសាស្ត្រនយោបាយនិងអភិបាលកិច្ច លោក ចាន់ វិបុល វិភាគថា ការចាប់ឃុំខ្លួនមន្ត្រីសង្គមស៊ីវិល ដាក់ពន្ធនាគារនោះ លោកថា ដើមចមកើតចេញពីជម្លោះនយោបាយ រវាងមេដឹកនាំគណបក្សប្រជាជនកម្ពុជា និងមេដឹកនាំគណបក្សសង្គ្រោះជាតិ។

លោក ចាន់ វិបុល វិភាគថាដូចនេះការដែលមន្ត្រីសិទ្ធិមនុស្សទាំងនោះនៅបន្តជាប់ឃុំ លោកថាអាចជារូបភាពមួយធ្វើឲ្យសំឡេងរិះគន់រដ្ឋាភិបាលបានស្ងប់ស្ងាត់ទៅវិញ ធ្វើឲ្យបក្សកាន់អំណាចអាចចំណេញពីចំណាត់ការនេះ ដោយសារភាពខ្វះចន្លោះ មិនត្រូវបានលាតត្រដាងបន្ថែមទៀត។

ប៉ុន្តែលោកវិភាគទៀតថា បើមន្ត្រីអង្គការសង្គមស៊ីវិលទាំងនោះនៅតែត្រូវបានគេបញ្ជាឲ្យបន្តឃុំខ្លួនបន្តទៀត លោកថាគណបក្សកំពុងគ្រប់គ្រងអំណាចនឹងបាត់បង់ប្រជាប្រិយភាពធ្ងន់ធ្ងរជាងនេះ ដោយលោកវិភាគទៀតថា ព្រោះចំណាត់ការនោះត្រូវបានគេមើលឃើញថាជាដើមចមចេញពីជម្លោះនយោបាយ។

លោក ចាន់ វិបុល វិភាគទៀតថាហេតុផលនេះវានឹងជំរុញឲ្យកម្លាំងយុវជន មន្ត្រីសង្គមស៊ីវិលមួយចំនួន ដែលសល់ពីការចាប់ខ្លួន នឹងពង្រឹងការតស៊ូមតិរបស់ពួកគេកាន់តែខ្លាំងជាងមុន អាចនឹងធ្វើឲ្យបញ្ហានេះចាប់អារម្មណ៍នៅលើឆាកអន្តរជាតិ។ លោកថា ករណីនេះនឹងជំរុញឲ្យរដ្ឋាភិបាលរងការរិះគន់ទាំងនៅក្នុងស្រុកផង និងលើឆាកអន្តរជាតិផង។

លោកថា៖ «ផ្ទុយទៅវិញខ្ញុំសង្កេតឃើញថា ឲ្យសង្គមស៊ីវិលក្តី អ្នកចូលរួមវិភាគក្តី ជាពិសេសយុវជន ដែលចាប់ផ្តើមមើលឃើញពីអយុត្តិធម៌ក្នុងសង្គមនេះកាន់តែច្រើន ប្រហែលគាត់ចូលរួមកាន់តែច្រើនសម័យនេះ។ អញ្ចឹងតាមមើលហ្នឹង អ្នកដែលវិភាគឲ្យធ្វើឆន្ទៈនៃគោលនយបាយនឹងគិតខុសហើយមើលទៅ ពិសេសរដ្ឋាភិបាល គណបក្សកាន់អំណាចខាតបង់ធ្ងន់ណាស់ បើដោះលែងទៅ ខ្ញុំគិតថាចំណេញជាង»។

សាស្ត្រចារ្យវិទ្យាសាស្ត្រនយោបាយ លោក ឯម សុវណ្ណារ៉ា វិភាគប្រហាក់ប្រហែលដែរថា ច្រើនឆ្នាំមកនេះកម្ពុជាបានចុះកិច្ចព្រមព្រៀងស្តីពីសិទ្ធិមនុស្សនិងសិទ្ធិនយោបាយជាមួយអង្គការសហប្រជាជាតិ។

លោកវិភាគថា ចង់មិនចង់ ប្រទេសមួយចំនួននៅលើពិភពលោក ពួកគេនឹងប្រើយន្តការអន្តរជាតិ ដើម្បីដាក់សម្ពាធដល់រដ្ឋាភិបាលកម្ពុជា បើអ្នកធ្វើការលើកស្ទួយសិទ្ធិមនុស្សនៅតែត្រូវបានរំលោភបំពាននោះ។

លោកថា៖ «ក្នុងករណីដែលរដ្ឋាភិបាលកម្ពុជាមិនគោរពតាមវិធានការណ៍របស់បណ្តាប្រទេសជាពិសេស សហរដ្ឋអាមេរិក សហគមន៍អឺរុបហ្នឹង គឺទី១គេដកការអនុគ្រោះពន្ធ ដែលកម្ពុជានាំចូលទៅទីផ្សារអាមេរិក និងអឺរុបហ្នឹង ហើយបើយើងនៅតែរឹងត្បឹតទៀត អត់ដកទណ្ឌកម្មឬដោះលែងការឃុំឃាំងនោះទេ គេដកមួយទៀត គឺគេបិទទំនិញមិនឲ្យនាំចូល។ ហើយបើយើងនៅតែរឹងទទឹងទៀត ឈានទៅដល់ការហ៊ុមព័ទ្ធសេដ្ឋកិច្ច អញ្ចឹងនៅក្នុងករណីនេះរដ្ឋាភិបាលកម្ពុជាយើងនឹងពិបាកហើយ យើងមើលគំរូជាក់ស្តែងនៅក្នុងតំបន់អាស៊ាន គឺភូមាហ្នឹងហើយដែលតឹងតែងជាងគេ គេហ៊ុមព័ទ្ធរហូតដល់ហាមាត់ដកខ្យល់សុំជំនួយគេវិញ»។

បើតាមលោក ឯម សុវណ្ណារ៉ា នៅពេលដែលកម្ពុជាត្រូវរងនូវការហ៊ុមព័ទ្ធសេដ្ឋកិច្ច ផលប៉ះពាល់មុនគេគឺប្រជាពលរដ្ឋក្រីក្រ ហើយបញ្ហាទាំងនោះនឹងធ្លាក់ទៅលើរដ្ឋាភិបាលវិញ បង្កឲ្យមានបញ្ហាទាំងសេដ្ឋកិច្ច ទាំងបញ្ហាផ្ទៃក្នុង និងឈានទៅធ្វើឲ្យបក្សកាន់អំណាចខាតបង់កាន់តែធ្ងន់ជាងបច្ចុប្បន្ន។

លោកថា៖ «ខ្ញុំគិតថា បើរដ្ឋាភិបាលគិតពីនីរតនភាពនៃការដឹកនាំ ទី១គិតពីផលប្រយោជន៍ជាតិ រដ្ឋាភិបាលគួរតែសម្របខ្លួនតាមអ្វីដែលសហគន៍អន្តរជាតិគេលើកឡើង ពីព្រោះនៅក្នុងយន្តការនៃការធ្វើនយោបាយ វាមិនមែនតែមួយអាណត្តិឬ២អាណត្តិទេ។ វាអាចមានដំណើការទៅមុខទៀត មនុស្សយើងគ្រប់រូបឬក៏អ្នកកាន់អំណាច ដូចជានាយករដ្ឋមន្ត្រីមិនអាចកាន់អំណាចនៅស្ថិតស្ថេរជាអមតៈបានទេ។ ដូច្នេះគួរតែគិតពីយន្តការណាមួយ ទី១ឲ្យចំណេញដល់ជាតិ ទី២ឲ្យចំណេញទៅដល់បក្សខ្លួនឯង។ អញ្ចឹងបើគណបក្សប្រជាជននៅតែប្រកាន់ជំហរប្រឆាំងនឹងសហគមន៍អន្តរជាតិ  អនាគតរបស់គណបក្សប្រជាជនអាចមានវិបត្តិធ្ងន់ធ្ងរបាទ!»។

បើតាមលោក ចាន់ វិបុល វិញ អ្វីដែលចំណេញសម្រាប់គណបក្សកំពុងគ្រប់គ្រងអំណាចនោះ ត្រូវបង្កើតច្បាប់ ការពារប្រយោជន៍សាធារណៈ មិនបង្កើតច្បាប់ការពារប្រយោជន៍បក្ស។ ពង្រឹងកាអនុវត្តច្បាប់តាមយន្តការជាតិ និងអន្តរជាតិ ឈរលើគោលការណ៍ប្រជាធិបតេយ្យ ធ្វើកំណែទម្រង់ដ៏ពិតប្រាកដមួយឲ្យប្រព័ន្ធតុលាការនិងកងកម្លាំងប្រដាប់អាវុធជាកម្លាំងការពារជាតិមិនស្ថិតក្រោមខ្សែញាក់របស់អ្នកនយោបាយ នោះទើបជាសក្តានុពល ទាក់ទាញការគំាទ្រខ្លាំងពីមហាជនឡើងវិញ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ