បទយកការណ៍៖ អ្នកពាក់ព័ន្ធថា ​ប៉ះពាល់ជីភាពគ្រួសារករណីថៅកែឈប់បន្តកិច្ចសន្យាខ្លីឲ្យកម្មករ

ប៉ុន្មានខែចុងក្រោយនេះ កម្មករបានអះអាងថា ថៅកែរោងចក្រមួយចំនួន ជាពិសេសនៅ​ស្រុកស្អាង​ ខេត្ត​កណ្តាល​​ ត្រូវ​បានថៅកែ ព្យួ​​រការងារ ឬឈប់បន្តកិច្ចសន្យាខ្លីឲ្យកម្មករ កម្មការិនី ជាដើម។

រោងចក្រ ដែល​​ស្ថិតនៅ​ស្រុកស្អាង ខេត្តកណ្តាល រួមមាន​ រោងចក្រ ឌីក នា ធី ហៅរោងចក្រថ្នល់ចិន រោងចក្រ ស្យុង យិន រោងចក្រ ឃីង វ៉េ និងរោងចក្រផ្សេងទៀតជាដើម។

ឈរនៅមុខផ្ទះជួល អតីតកម្មការិនី សែ ស្រីរីម ធ្វើការនៅរោងចក្រ ឃីង វ៉េ ស្ថិតនៅភូមិ​ព្រែក​ត្រែង​ ឃុំសិត្បូ ស្រុក​ស្អាង ខេត្តកណ្តាល បានរៀប​រាប់ថា​​ កាលពីពេលថ្មីៗនេះ ថៅកែរោងចក្រ បាន​ឈប់បន្ត​កិច្ច​សន្យា​ខ្លី​ឲ្យ​កម្មករ​​​ប្រហែល១ពាន់​នាក់ ដោយថា រោងចក្រគ្មានការងារឲ្យកម្មករធ្វើ។ ករណីនេះ អ្នកនាងថា ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ជីវភាព​គ្រួសារ ខណៈរូបគាត់ មិនទាន់រកការងារថ្មី បានធ្វើនៅឡើយ​។

អ្នកនាងនិយាយថា«អត់មាន គ្រួសារមិនសូវប៉ុន្មានទេ ដល់ពេលយើងបែងចែកគ្រួសារ​ហើយ យើងត្រូវ​ការវែកញែករឿងលុយកាក់​ ទីមួយ[ចំណាយ​លើ​]ម្ហូបអាហារ ការរស់នៅ​សព្វថ្ងៃ ទីបីនៅលើកូន លើអីសព្វ​គ្រប់ទំាងអស់​ ផ្ទះជួលក៏វាមានផលវិបាក​វាពិបាកសព្វគ្រប់​មិនស្រួលទេ កិច្ចសន្យាខ្លី ធ្វើឲ្យយើងប៉ះពាល់ ច្រើនណាស់​»

កម្មការិនី រី ស៊ីមន​ ធ្វើការងារនៅ រោងចក្រ ស្យុង យិន ជិត៥ឆ្នាំ បានរៀប​រាប់​ថា ​ថៅកែ​រោងចក្រ​ឈប់​បន្ត​កិច្ចសន្យាខ្លីឲ្យកម្មករក្នុងខែកញ្ញានេះ ប្រហែលជា៣៦នាក់ និងព្យួរការងារប្រហែល៦០នាក់​។ កម្មកា​រិនី​រូប​នោះ​​ឲ្យដឹងទៀត​ថា ករណី​​ថៅកែរោ​ង​ចក្រ​ឈប់​បន្ត​កិច្ច​សន្យា​​ខ្លីឲ្យ ទំន​ង​ជាដឹង​ថា ​គាត់​ចូល​រួម​ជា​មួយ​​​​សហជីពស៊ីខៅឌូ​​​។

កម្មការិនី ស៊ីមន​ ហៅការឈប់បន្តកិច្ចសន្យាខ្លីឲ្យគាត់ថា អ្នកគ្រប់គ្រងរោងចក្រ​ប្រកាន់បក្សពួកនិយម និងរើសអើងពួកគេ​។

កម្មការិនីនិយាយថា៖ «ក្រុមខ្ញុំ ៥ទៅ ៦នាក់ អ្នកចូលសហជីពស៊ីខៅឌូ ហើយបើខាងគេ[រោងចក្រ​​]គេបញ្ចប់​អាណត្តិ​ដែរ​ តែឥឡូវគេបន្តអាណត្តិឲ្យវិញ ​អយុត្តធម៌ណាស់ ព្រោះខាងសហជីពចិន គេបន្តអាណត្តិឲ្យ​[កម្មករ] អ្នកចូល​សហជីពស៊ីខៅឌូ គេអត់បន្តអាណត្តិឲ្យវាប៉ះពាល់ ដល់ការងារ​កម្មករយើង ដែ​លតស៊ូ រាប់ឆ្នាំ​មក ខ្លះ៤ឆ្នាំ ខ្លះ៣ឆ្នាំ ដ៏ពេលចឹងគ្នាអស់ទឹកចិត្ត»

កម្មករទំាងនោះ​អះអាងថា កិច្ចសន្យាខ្លី មាន​រយៈពេល៣ខែ ហើយក្នុង​កិច្ចសន្យានេះ​ ១ខែ​ធ្វើ​កិច្ច​​សន្យា​ម្តង ខណៈ​កិច្ច​សន្យា​វែងមានរយៈពេល១ឆ្នាំ។ ពួកគេ​ថា ការធ្វើការងារក្នុងកិច្ចសន្យាខ្លី ​មិន​ទទួល​អត្ថ​ប្រយោជន៍ផ្សេងៗ ដូចអ្នកធ្វើ​ការក្នុង​កិច្ចសន្យាវែងទេ ហើយថែមទាំង​ប្រឈមថៅកែរោងចក្រ​បញ្ឈប់​មុនគេ​ទៀត​។

ម្ចាស់ផ្ទះជួលនៅ ឃុំសិត្បូ ស្រុកស្អាង លោក ហែម នន់​​ បានឲ្យដឹងថា ក្រោយពីបុណ្យភ្ជុំបិណ្ឌ កម្មករ កម្មការិនី ​ដែលធ្លាប់​ជួលផ្ទះរបស់គាត់ គឺឈប់ជួល​ ដោយសារកម្មករទំាងនោះ ត្រូវបានថៅកែឈប់បន្តកិច្ច​សន្យា​ខ្លីឲ្យ។ ករណីនេះ លោកថា ធ្វើឲ្យគ្រួសារគាត់បាត់ចំណូលមួយផ្នែក នៅពេលមិនមានកម្មករជួលផ្ទះ​ស្នាក់​នៅ​​។

លោកនិយាយថា៖ «អត់មានកម្មករមកជួល យើងអត់មានបាន[លុយ​]អ្វី កម្រៃណាចូល​ ប៉ះពាល់សព្វគ្រប់ តំាង​ពីជីវភាពយើងលក់ដូរ​ ផ្ទះវាអត់មានអ្នកចូល វាស្ងាត់ ដ៏អញ្ចឹង វា ធ្លាក់ចុះតាមហ្នឹងដែរ​»

ចំណែកអ្នក​លក់បាយ សម្លរ នៅមុខ​រោងចក្រ​ ស្យុង យិន គឺអ្នកស្រី គាង សោភ័ណ្ឌ​ សង្កេតឃើញថា ប៉ុន្មាន​ខែចុង​ក្រោយនេះ ​មិនមានកម្មករទៅធ្វើការច្រើនដូចសព្វដងទេ ករណីនេះ ធ្វើឲ្យគាត់​លក់ដូរ​ក៏មិន​សូវ​ដាច់​ដែរ។ អ្នកស្រី អំពាវនាវទៅរោងចក្រកុំបញ្ចប់កិច្ចសន្យាខ្លីដល់កម្មករ ដោយថា ធ្វើយ៉ាង​ណា​ឲ្យពួក​គេ​បានធ្វើការងារបន្តទៀត​។

អ្នកស្រីនិយាយថា៖ «តំាងពីភ្ជុំបិ ណ្ឌរហូតដល់ថ្ងៃនេះ ខ្ញុំលក់ដីរ បាយ សម្លរ អត់ដាច់ទេ សំណូមពរកុំបិទអី​រោង​ចក្រ ឲ្យដំណើរការល្អឡើងវិញទៅ ដើម្បីឲ្យខ្ញុំបានរកមុខ​របរខ្ញុំផងរាល់ថ្ងៃលក់អត់ដាច់ អត់សូវ​មា​ន​កម្មករ​​ធ្វើការ បញ្ឈប់អស់ហើយ​»

សរុប​មក​វិញទំាងកម្មករ ម្ចាស់ផ្ទះជួល និងអ្នកលក់ដូរនៅម្តុំរោងចក្រ បានលើកឡើងប្រហាក់ប្រហែល​គ្នាថា ពួកគេមិនចង់ឲ្យថៅកែរោងចក្រឈប់បន្តកិច្ចសន្យាខ្លី ដល់កម្មករនោះទេ ដោយថា ការឈប់​បន្ត​កិច្ច​សន្យា​ខ្លីនេះ ធ្វើឲ្យពួកគេប៉ះពាល់ដល់ជីវភាពក្នុងគ្រួសារដូចគ្នា។

អនុប្រធានរដ្ឋបាលរោងចក្រ​ ស្យុង យិន លោក ឆូយ វិបុល ច្រានចោលការលើកឡើងរបស់កម្មករ ដែលថា​ ថៅ​កែ​រោងចក្រ ឈប់បន្តកិច្ចសន្យាខ្លីដល់កម្ម​ករ កម្មការិនី ជាការ​​រើសអើងកម្មករ ពេលចូលសហជីព។

លោក​បញ្ជាក់ថា ដើមចមដែលរោងចក្រឈប់បន្តកិច្ចសន្យាខ្លី ដោយសាររោង​ចក្រ​មិនមាន​ការងារ​ឲ្យ​កម្មករ​ធ្វើ នឹងធ្វើតាមច្បាប់ជាតិ​។

លោក​និយាយថា៖ «យើង អនុវត្តតាមច្បាប់ព្រះរាជាណាចក្រកម្ពុជា​យើង​ មាត្រា៧៣ គេបាននិយាយច្បាស់​ហើយ កិច្ចសន្យា​កាលណា​ផុតរលុត នៅពេលដែល​ដល់អាណត្តិនៃកិច្ចសន្យា​ ធម្មតាការចង់នៅ​ធ្វើការទំាង គេ ទំាងខ្ញុំ ធ្វើការដើម្បីបានលុយ​ តើយើងយល់អារម្មណ៍ខ្លួនឯង ក៏ប៉ុន្តែក្រុមហ៊ុនគាត់ជួបវិបត្តិសេដ្ឋកិច្ច គឺអត់មានអីវ៉ាន់ឲ្យគាត់[កម្មករ​]ធ្វើ​»

ទាក់ទិននិងរឿងកម្មករ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បានកំណត់ពេល​ពីរ​ថ្ងៃក្នុង​មួយសប្ដាហ៍ គឺថ្ងៃអាទិត្យ និងថ្ងៃពុធ​ ដើម្បី​ជួប​សំណះ​សំណាល និង​​ចុះ​សួរសុខ​ទុក្ខ​កម្មករ​តាមបណ្ដារោងចក្រនានា។

អំឡុងពេលជួបសំណេះសំណាលនោះ លោក ហ៊ុន សែន បានប្រកាស​ម្តងហើយម្តងទៀតថា ប្រាក់​ឈ្នួល​កម្មករនឹងត្រូវដំឡើងជា​បន្ត​បន្ទាប់ ពោលមិនតិចជាង ១៦៨ដុល្លារ ចាប់​ដើម​ឆ្នាំ២០១៨ទៅ បូក​រួម​ទាំង​សេវា​​ថែរទាំងសុខភាព ពីស្ថាប័នរដ្ឋ​ដោ​​​យឥ​តបង់ថ្លៃ ខណៈពាក់ព័ន្ធកិច្ចសន្យាខ្លីសម្រាប់កម្មករ មិនឃើញ​លោក​ ហ៊ុន សែន លើក​ឡើងនោះទេ។

តំណាង​សហជីពស៊ីខៅឌូ ប្រចំានៅរោងចក្រ ស្យុង យិន លោក សំរ៉ុង បុរី គំាទ្រ​ការប្រកាស​​របស់​លោក​នាយក​រដ្ឋមន្ត្រីហ៊ុន សែន ដែលថា ដំឡើងប្រាក់ខែឲ្យកម្មករយ៉ាងតិច​១៦៨ដុល្លារ ​ក្នុង​មួយ​ខែ ចាប់​ពីដើម​ឆ្នាំ​២០១៨​នោះ​។ ប៉ុន្តែលោក ចង់ឲ្យរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធ ជំរុញ​​ទៅ​ថៅកែរោងចក្រ ឲ្យ​យកចិ​ត្តទុក​ដាក់ដល់​កម្មករ ដោយថា ថៅកែ​រោងចក្រ​គួរតែ​​ព្យួរការ​ងារ និង​ផ្តល់​ប្រាក់ខែ​ឲ្យ​កម្មករ​​​៥០​ភាគ​រយនៃ​ប្រាក់​ខែដែលពួ​កគេ ​ទទួល​បានជារៀង​រាល់ខែក្នុងមួយនាក់​ ជាជាង​ឈប់​បន្ត​កិច្ច​សន្យា​​ខ្លី​ឲ្យ​ពួកគេ។

លោកស្នើថា៖ «អត់ចង់ឲ្យមានការព្យួរ អត់ចង់ឲ្យមានការបញ្ចប់​ទេ សម្រាប់ខ្ញុំ បើថាអត់​ ជាក់ស្តែងអត់មាន​អ្វីធ្វើ​ឲ្យពួកគាត់ស៊ី៥០ភាគរយ ព្រោះឲ្យគាត់ស៊ី៥០ភាគរយ គាត់អា​ចបាន​អត្ថប្រយោជន៍ខ្លះ បើព្យួរ ឬ​បញ្ចប់​ គឺពិបាកមែនទែន»

របាយការណ៍ចុង​ក្រោយនៃ​បេឡាជាតិរបប​សន្តិសុខសង្គម បង្ហាញ​ថា កម្មករ​ដែល​ធ្វើ​ការ​ក្នុង​វិស័យ​កាត់​ដេរ​សព្វ​ថ្ងៃ​មាន​ចំនួន​៨០ម៉ឺន​នាក់​ នៅ​ក្នុងក្រុម​ហ៊ុន​រោង​ចក្រ​កាត់ដេរ​ចំនួនជាង១ ០០០​។

ទោះយ៉ាងណា​ គេមិនទាន់ឃើញចំនួនតួលេខកម្មករ ជាប់កិច្ចសន្យាវែង និងកិច្ចសន្យាខ្លី ថាមានប៉ុន្មាន​នាក់​នៅ​ឡើយ ដែលកំពុងធ្វើការនៅក្នុង​ប្រទេសកម្ពុជា​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ