អ្នក​រាយការណ៍​ UN៖ អ្វី​ដែល​កម្ពុជា​ត្រូវ​ការ​ពេល​នេះ ​គឺ​សិទ្ធិ​មនុស្ស​ដ៏​រឹង​មាំ​មួយ

អ្នករាយការណ៍ពិសេសផ្នែកសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ លោកស្រី រ៉ូណា ស្មីត

អ្នករាយការណ៍ពិសេស ស្តីពីសិទ្ធិមនុសុ្សនៅកម្ពុជា បាន​ថ្លែងនៅកាន់ឧត្តម​ស្នង​ការ​សិទ្ធិ​មនុស្ស​​​ នៃអង្គការសហប្រជាជាតិថា ប្រជា​ធិបតេយ្យ​របស់​កម្ពុជា នៅ​ពេល​នេះ ​គឺត្រូវ​ការការ​ពារ​សិទ្ធិ​មនុស្ស​ដ៏​រឹង​មាំ​មួយ​ ដោយ​ជម្រុញ​ទៅ​រដ្ឋាភិបាល​ប្រទេសកម្ពុជា ​ឲ្យ​គោរពនូវ​ការ​សន្យា​របស់​ខ្លួន​ឲ្យ​ខ្ជាប់ខ្ជួន។

អ្នក​រាយការណ៍​ពិសេស ស្តីពីសិទ្ធិមនុសុ្សនៅកម្ពុជា លោក ​ស្រី​រ៉ូណា ស្មីត បាន​បញ្ជាក់​ទៅ​កាន់​ឧត្តម​ស្នង​ការ​សិទ្ធិ​មនុស្ស​ប្រចាំទី​ក្រុង​ហ្ស៊ឺណែវ​ ប្រទេស​ស្វីស កាលពីថ្ងៃទី២៦ខែកញ្ញាឆ្នាំ២០១៧ ​ថា កម្ពុជា​ នៅមិន​ទាន់​បាន​ការ​ពារ​សិទ្ធិ​មនុស្សឲ្យ​​​បាន​ពេញ​លេញ ​តាម​គោល​ការណ៍​រដ្ឋ​ធម្មនុញ្ញ​របស់​ខ្លួននៅឡើយ ដោយថា នៅមានភាពយឺត​យ៉ាវ និង​ខ្វះ​ចន្លោះ។

លើ​សពី​នេះ​ ​លោក​ស្រី​ មានប្រសាសន៍ថា ​កម្តៅ​នយោបាយនៅ​កម្ពុជា បច្ចុប្បន្ននេះ ​កំពុង​តែ​រុញ​ច្រាន​ឲ្យ​កម្ពុជា ​ធ្លាក់​ទៅ​កាន់​ស្ថាន​ភាព​មួយ ​ដែលបញ្ហាសិទ្ធិ​មនុស្ស កំពុង​ទទួល​រង​នូវ​ការ​គំរាម​កំហែងយ៉ាងខ្លាំង ក្រោយពីមានការរុកកួនគណបក្សប្រឆាំង សង្គមស៊ីវិល និងសារព័ត៌មានឯករាជ្យ។

លោក​ស្រី​ ថ្លែង​ប្រាប់​មហាសន្និបាត​នៅ​ក្រុងហ្ស៊ឺណែវ​ថា៖ «ការធ្វើឲ្យកាន់តែយ៉ាប់នៃចន្លោះប្រជាធិបតេយ្យ និងសេរីភាពនៃការបញ្ចេញមតិក្នុងកម្ពុជា គឺបញ្ហាសំខាន់ ជាមួយអង្គការក្រៅរដ្ឋាភិបាល និងអ្នកការពារ​​សិទ្ធិមនុស្ស គឺជាគោលដៅនៃការគំរាមកំហែង ធ្វើទុកបុកម្នេញ ចាប់ខ្លួនក៏ចាប់ឃុំខ្លួនបណ្តោះអាសន្ន»។

ទោះបីមាន​ការ​រិះ​គន់​ពី​សំណាក់​មជ្ឃ​ដ្ឋាន​អន្ត​រជាតិ ​មន្ត្រី​រដ្ឋាភិបាលកម្ពុជា ​នៅតែអះអាង​ថា កម្ពុជា បាន​គោរព​យ៉ាង​ខ្ជាប់ខ្ជួន ​ក្នុង​ការ​គោរព​សិទ្ធិ​មនុស្ស និង​បាន​វាយ​បក ទៅ​កាន់​អ្នក​រិះ​គន់​ទាំង​នោះ​ថា ​មើ​ល​ឃើញ​កម្ពុជា ​តែ​មួយ​ជ្រុងប៉ុណ្ណោះ។

ក្នុង​ឱកាស​នៃ​ការ​ថ្លៃង​ពិភាក្សា​​ទូ​ទៅ​ នៃ​មហា​សន្និ​បាត​អង្គការ​សហ​ប្រជា​ជាតិលើក​ទី​៧២ ធ្វើឡើងនៅឯសហរដ្ឋអាមេរិក រដ្ឋ​មន្រ្តី​ក្រសួង​ការ​បរទេស​កម្ពុជា លោក ​ប្រាក់ សុខុន បាន​ថ្លែង​ថា កម្ពុជា ​បាន​ក្លាយ​ជា​ផ្ទាំង​ស៊ីបរបស់​ប្រទេស​មួយ​ចំនួន​ ស្ថាប័ន​មួយ​ចំនួន ​របស់​អង្គការ​សហ​ប្រជា​ជាតិ ព្រម​ទាំង​អង្គការ​មួយ​ចំនួន​ ដែល​ធ្វើ​ការ​លើ​វិស័យ​នេះ រួម​ទាំង​អង្គការ​សហ​ប្រជា​ជាតិ​ផង​ដែរ។

លោក​ បានបញ្ជាក់​ចំពោះ​មហា​សន្និ​បាត​ថា កម្ពុជា​គោរព​ជា​ចាំ​បាច់​នូវ​សិទ្ធិ​មនុស្ស តែ​រាល់​របាយការណ៍របស់ អ្នក​រាយការណ៍ពិសេស ​របស់​អង្គការ​សហ​ប្រជា​ជាតិ​ ទទួល​​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា បាន​លើក​តែ​មួយ​ជ្រុង ​ដើម្បី​ទំលាក់​កំហុសលើ​កម្ពុជា​ទៅ​វិញ។

លោក​ថា៖ «តើប្រទេសណាមួយ ដែលមានវត្តមាននៅក្នុងមហាសន្និបាទនេះ នឹងមិនចាត់ការអ្វីសោះ ចំពោះ​​តំណាងរាស្ត្របក្សប្រឆាំងដែលញុះញង់ឲ្យប្រជាជនដកបង្កោលព្រំដែន បញ្ឆះកំហឹងដោយការញុះញង់រើងអើងពូជសាសន៍ ការបោះពុម្ភនូវសន្ធិសញ្ញាក្លែងក្លាយ និងផែនទីក្លែងក្លាយ ដើម្បីឲ្យប្រជារាស្ត្រ​​ទូទៅយល់ច្រលំថាទឹកដីកម្ពុជាមួយផ្នែកត្រូវបានទន្ទ្រានកាន់កាប់ដោយប្រទេសជិតខាងនោះ? តើប្រទេសណា ដែលអនុញ្ញាតឲ្យមានការបរិហារកេរ្ត៍ និងមួលបង្កាច់?ផ្ទុយទៅវិញភាសាបែបនេះ ដែលត្រូវបានប្រើប្រាស់ជារៀងរាល់ថ្ងៃ ដោយបក្សប្រឆាំងកម្ពុជា បែជាមិនដែលត្រូវបានគេថ្កោលទោសទៅវិញ ហើយក៏មិនដែល ត្រូវបានលើកឡើងដោយអង្គការក្រៅរដ្ឋាភិបាល និងអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជាឡើយ »

ស្ថានភាព​សិទ្ធិ​មនុស្ស ​នៅ​កម្ពុជា ​បានរង​ការ​រិះគន់យ៉ាងខ្លាំងពីមជ្ឈដ្ឋានអន្តរជាតិ ​ជា​បន្ត​បន្ទាប់ ជា​ពិសេស​ ក្រោយ​ការបោះឆ្នោត​ឃុំ​សង្កាត់​ឆ្នាំ​​២០១៧។ ការរិះគន់នេះ បានធ្វើឡើង បន្ទាប់ពីមានការ​គំរាម​កំហែង ​ដោយ​ពាក្យ​សំដី​របស់​មន្រ្តី​បក្ស​កាន់​អំណាច ​ការ​បញ្ចេញ​សាច់​ដុំ​របស់​កង​អង្គរក្សរបស់​លោក ​ហ៊ុន សែន ការ​គំរាម​កំហែង​ទៅ​លើ​បក្ស​ប្រឆាំង រួមទាំង ការ​ចាប់​ខ្លួន​ប្រធាន​បក្ស​ប្រឆាំង​ មុខការ​បោះឆ្នោត ​ឆ្នាំ២០១៨។ ករណីនេះផងដែរ ​ក្រុមអ្នក​វិភាគ ក៏បានព្រមាន​ថា ស្ថាន​ភាព​សិទ្ធិមនុស្ស និង​នយោបាយ​កម្ពុជា ​កំពុង​ខិត​​ជិត​ទៅ​រក​ស្ថាន​ភាព​​គ្រោះ​ថ្នាក់​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ