នគរបាលព្រំដែនព្រមដោះលែងកូនភ្លោះជាសកម្មជនបរិស្ថានវិញហើយ

លោក⁣ ជុំ ហួ និង ជុំ ហួត ត្រូវសមត្ថកិច្ចយាមព្រំដែនកម្ពុជា-វៀតណាម​ឃាត់ខ្លួន​ (រូបភាពពីហ្វេសប៊ុកChum Hout Chum Hour)

សមត្ថកិច្ចនៅប៉ុស្តិ៍គរបាលយាមព្រំដែនក្អមសំណរ ព្រំដែនវៀតណាម បានសម្រេចដោះលែងសកម្មជនបរិស្ថាន២នាក់បងប្អូនភ្លោះវិញ បន្ទាប់ពីបានតម្រូវឲ្យពួកគេធ្វើកិច្ចសន្យា ដោយហាមមិនឲ្យឆ្លងកាត់ព្រំដែនខ្មែរ-វៀតណាម។

បងប្អូនភ្លោះជាសកម្មជនបរិស្ថានឈ្មោះ ជុំ ហួរ និង ជុំ ហួត ត្រូវបានគរបាលយាមព្រំដែនក្អមសំណរ ស្រុកលើកដែក ខេត្តកណ្ដាល ឃាត់ខ្លួននៅព្រឹកថ្ងៃសុក្រនេះ ខណៈពួកគេអះអាងថាកំពុងធ្វើដំណើរទៅពិនិត្យមើលស្ថានការណ៍ជាមុន មុននឹងដង្ហែកឋិនទានទៅកាន់វត្តប៉ាក់ណាម។

ពាក់ព័ន្ធករណីនេះ លោក ជុំ ហួរ បានឲ្យវីអូឌីដឹងថាពួកគេត្រូវសមត្ថកិច្ចព្រំដែននៅប៉ុស្តិ៍ក្អមសំណរ នៅជាប់ព្រំប្រទល់វៀតណាម ឃាត់ខ្លួន និងបានដកយកប័ណ្ណអង្គការសហប្រជាជាតិពីពួកគេ (UN Card) ។

លោកបន្ថែមថាសមត្ថកិច្ចបានបញ្ជូនពួកគេបន្ដទៅអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ដោយថាពួកគេបានឆ្លងព្រំដែនដោយគ្មានឯកសារគ្រប់គ្រាន់ និងចោទថាជាជនអន្ដោប្រវេសន៍ខុសច្បាប់។

លោកថា៖ «ដកប៉ាស់ស្ព័ររួចហើយ គាត់ឃាត់ខ្ញុំមួយម៉ោងនៅច្រកអន្ដរជាតិ ហើយបន្ទាប់មកគាត់ក៏សម្រេចបញ្ជូនខ្ញុំទៅនាយកអន្ដោប្រវេសន៍អន្ដរជាតិវិញ […] ៣ម៉ោងហើយ គាត់និយាយថាអូនឯងជាអន្ដោប្រវេសន៍ខុសច្បាប់ ហើយថាគាត់អាចចោទពីបទអន្ដោប្រវេសន៍ខុសច្បាប់»

យ៉ាងណាមិញ បើតាមលោក ជុំហួរ សមត្ថកិច្ចបានសម្រេចដោះលែងពួកគេវិញនៅម៉ោង១១ថ្ងៃសុក្រនេះ បន្ទាប់ពីតម្រូវឲ្យពួកគេផ្ដិតមេដៃធ្វើកិច្ចសន្យា និងព្រមានមិនឲ្យឆ្លងកាត់ព្រំដែនវៀតណាមបន្ដទៀត។

VOD បានទាក់ទងទៅអគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ដើម្បីសុំការឆ្លើយបំភ្លឺ ប៉ុន្តែចុចចូល ទូរស័ព្ទគ្មានអ្នកទទួល។

បងប្អូនភ្លោះជាសកម្មជនបរិស្ថាន ក៏បានសំដែងការព្រួយបារម្ភចំពោះសុវត្ថិភាពផ្ទាល់ខ្លួន ដោយថាអាជ្ញាធរបានរំលោភសិទ្ធិពលរដ្ឋធ្ងន់ធ្ងរ ក្នុងនាមពួកគេជាសកម្មជនការពារបរិស្ថានផងនោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ