អតីតអ្នកបើកបររថយន្តឲ្យក្រុមហ៊ុនកាពីតូលតវ៉ាជាថ្មីទៀតបន្ទាប់ពីគ្មានដំណោះស្រាយ

អតីតអ្នកបើកបររថយន្តឲ្យក្រុមហ៊ុនកាពីតូលនៅថ្ងៃសុក្រ ទី២៨ តុលានេះ បានត្រឡប់មកតវ៉ាជាថ្មីទៀត បន្ទាប់ពីពួកគេមិនទទួលបានដំណោះស្រាយរឿងវិវាទការងារ។

អតីតអ្នកបើកបររថយន្តឲ្យក្រុមហ៊ុនកាពីតូលប្រមាណ៤៥នាក់ បាននាំគ្នាធ្វើការតវ៉ាជាបន្តបន្ទាប់ ចាប់ពីចុងឆ្នាំ២០១៥មក ដោយពួកគេអះអាងថាក្រុមហ៊ុនបានបញ្ឈប់ពួកគេ ដោយសារតែពួកគេបង្កើតជាសហជីព ប៉ុន្តែការតវ៉ានេះបានផ្អាកមួយរយៈ បន្ទាប់មានការសម្របសម្រួលពីក្រសួងការងារ។

អតីតអ្នកបើកបររថយន្តឲ្យក្រុមហ៊ុនកាពីតូលម្នាក់ លោក ប៉ិល វឿន ឲ្យដឹងថា ក្រសួងការងារធ្លាប់សន្យាជួយរកដំណោះស្រាយដោយបានកំណត់យកខែសីហាឆ្នាំនេះ ប៉ុន្តែលោកថារហូតមកដល់ពេលនេះមិនបានធ្វើតាមសន្យាទេ ហើយក្រុមហ៊ុននៅតែប្រកាន់ជំហរតឹងរ៉ឹងមិនព្រមដោះស្រាយនិងបានយកប្រព័ន្ធតុលាការមកដាក់សម្ពាធទៀត ទើបពួកគាត់នាំគ្នាចេញមកតវ៉ាជាថ្មី។

លោកបន្ថែមថា៖ “ក្រសួងការងារស្នើមកពួកខ្ញុំថា សុំផ្អាក់សិន ដើម្បីហៅគូភាគីក្រុមហ៊ុនមកដោះស្រាយ ហើយពួកខ្ញុំចេះតែពន្យារពេលទៅៗមកទល់នឹងថ្ងៃនេះ ហើយទើបដឹងព័ត៌មានពីរបីថ្ងៃមុននេះថា ភាគីក្រុមហ៊ុននៅតែរឹងមិនចូលខ្លួនដោះស្រាយទេ ទើបពួកខ្ញុំកើតការតវ៉ាសារជាថ្មី ទី១មួយសុំឲ្យក្រុមហ៊ុនកាពីតូលហ្នឹងទទួលពួកខ្ញុំទាំង៤៥នាក់ហ្នឹងចូលធ្វើការងារកន្លែងដើម ទី២ឲ្យគាត់គិតប្រាប់ជូនពួកខ្ញុំតាំងពីពេលគាត់បញ្ឈប់ពួកខ្ញុំមក”។

វីអូឌីមិនអាចសុំការឆ្លើយតបពីអ្នកនាំពាក្យក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង សួរ បានទេដោយទូរសព្ទចូលគ្មានអ្នកទទួល។

ការតវ៉ានៅថ្ងៃនេះមានរយៈពេលប្រហែល១ម៉ោងប៉ុណ្ណោះក៏បានផ្អាកវិញ ដោយក្រុមអ្នកតវ៉ាអះអាងថាបារម្ភខ្លាចមានការប៉ះទង្កិចគ្នា ខណៈឃើញក្រុមអ្នករត់រ៉ឺម៉កកង់បីរបស់សមាគមរួបរួមគ្នាដើម្បីអភិវឌ្ឍន៍ជាច្រើននាក់នៅចាំមុខក្រុមហ៊ុន។

អគ្គលេខាធិការសហព័ន្ធសហជីពកម្មករវិស័យដឹកជញ្ជូនកម្ពុជា លោក អៀង គឹមហ៊ុន ដែលដឹកនាំការតវ៉ានេះលើកឡើងថា មូលហេតុដែលមិនអាចដោះស្រាយវិវាទការងារនៅកន្លែងក្រុមហ៊ុនកាពីតូលនេះបាន ដោយសារក្រុមហ៊ុននេះមានខ្សែស្រឡាយអ្នកធំនៅពីក្រោយ។ លោកថាក្រុមហ៊ុនបានយកលុយជួលក្រុមអ្នករត់រ៉ឺម៉កកង់បីមកកាងក្រុមហ៊ុននិងបានប្រព័ន្ធតុលាការមកដាក់សម្ពាធលើក្រុមអ្នកតវ៉ា។

លោកបន្ថែមថា៖ “មានមន្រ្តីធំៗដែលកាងថៅកែកាពីតូលហ្នឹង យើងមើលឧទាហរណ៍ បើសិនជាយើងចាប់ផ្តើមធ្វើការតវ៉ាមុខកាពីតូល គឺថៅកែកាពីតូលហ្នឹង គាត់ប្រើប្រាស់អំណាចរបស់គាត់។ អំណាចទី១ គឺគាត់យកប្រព័ន្ធតុលាការដោយសារមានបងប្អូន[ធ្វើការនៅតុលា] ទី២គាត់ប្រើប្រាស់លុយឃុបឃិតជាមួយអាជ្ញាធរដែនដី។ បើនិយាយពីប្រព័ន្ធច្បាប់ ពេលដែលពលរដ្ឋគាត់ចាប់ផ្តើមធ្វើការតវ៉ា អាជ្ញាធរហ្នឹងគាត់គឺជាអ្នកមើលការខុសត្រូវទៅលើអ្នកតវ៉ា និងមើលសណ្តាប់ធ្នាប់អ្នកចូលរួមតវ៉ា ប៉ុន្តែអត់ទេ យើងមើលឃើញរូបភាពតាំងពីអំឡុងពេលនៃការតវ៉ារយៈពេល១៦ខែហ្នឹង គឺគាត់[អាជ្ញាធរ]កាន់ជើងក្រុមហ៊ុន ដោយគាត់បើកដៃឲ្យខាងកង់បីធ្វើការវៃទាត់ធាក់មកលើពួកយើងខ្ញុំ មានការរងរបួសបែកក្បាល មានការចាប់ដាក់គុក ដាក់ច្រវ៉ាក់ជាដើម រហូតដល់យើងរងគ្រោះពីរបីតង់”។

តំណាងក្រុមហ៊ុនកាពីតូល លោក ហូ កុវណ្ណ ប្រាប់វីអូឌីថា ភាគីខាងអតីតអ្នកបើកបររថយន្តទេ ដែលមិនព្រមចូលមកដោះស្រាយ។ ដោយលោកថាក្រុមហ៊ុនបានព្យាយាមចរចាជាច្រើនដងហើយ តែខាងភាគីអ្នកបើកបរចេះតែសុំពន្យារពេល។ ចំពោះការលើកឡើងថា មានអ្នកធំកាងនៅពីក្រោយក្រុមហ៊ុនកាពីតូលនោះ លោកថាជារឿងមិនពិតនោះទេ។

លោកបន្ថែមថា៖ “គាត់ចោទខ្ញុំ[ភាគីក្រុមហ៊ុន]ថាមិនដោះស្រាយ ប៉ុន្តែមិនដឹងថាគាត់យល់យ៉ាងណាដែរ ពីព្រោះថាបណ្តឹងហ្នឹងទៅដល់ផ្លូវច្បាប់ហើយ ហើយខាងច្បាប់គេកោះហៅមកដោះស្រាយគ្នា តែខាងគាត់ គាត់មានមេធាវីដែរ គាត់ចេះតែសុំដាក់ពាក្យពន្យារ អញ្ចឹងខ្ញុំអត់យល់ដែរថា អ្នកណាមិនចង់ដោះស្រាយ ពួកគាត់ឬពួកខ្ញុំ បើគាត់ចេះតែដាក់ពាក្យពន្យាររហូតអញ្ចឹង។ ចំណែកការលើកឡើងថា ជួលឬមានអ្នកកាង បញ្ហាហ្នឹងខ្ញុំបានបាកស្រាយច្រើនដងហើយថា ខាងម៉ូតូឌុបខាងកង់បីគេរកស៊ីចិញ្ចឹមជីវិតនៅហ្នឹង អញ្ចឹងការពារឆ្នាំងបាយរបស់គេ គឺយើងមិនបានជួលនោះទេ”។

គួរលឹកថា វិវាទការងារនៅក្រុមហ៊ុនកាពីតូលនេះ ធ្លាប់ផ្ទុះហិង្សាររវាងក្រុមអតីតបុគ្គលិកក្រុមហ៊ុននិងក្រុមអ្នករត់រ៉ឺម៉កកង់បីរបស់សមាគមរួបរួមដើម្បីអភិវឌ្ឍន៍ ដោយបណ្តាលឲ្យអ្នកតវ៉ា១៤នាក់ជាអតីតបុគ្គលិកក្រុមហ៊ុននេះ រងរបួសធ្ងន់ស្រាលនិងភាគីខាងក្រុមអ្នករត់រ៉ឺម៉កកង់បីរងរបួសមួយចំនួនផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ