ឌូទើតេ ប្តេជ្ញាឈប់ប្រើពាក្យសម្តីអាក្រក់​ដូចពួក​បាតផ្សារ

ប្រធានាធិបតីហ្វីលីពីន លោក រ៉ូទ្រីហ្កូ ឌូទើតេ (រូបភាពពីទីភ្នាក់ងារសារព័ត៌មានChannel News Asia)

ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូទើតេ ថ្លែងថា លោកបានស្បថជាមួយព្រះថា ឈប់ប្រើពាក្យជេរប្រមាថ ដូចពួកមនុស្សបាតផ្សារទៀតហើយ។

ពេលធ្វើដំណើរពីប្រទេសជប៉ុនដល់ប្រទេសរបស់លោកនៅទីក្រុងដាវ៉ៅ លោក ឌូទើតេ ថ្លែងថា ព្រះបានឲ្យឱវាទលោកនៅលើយន្តហោះ។ លោកថា លោកបានឮសំឡេងព្រះសួរថា តើឈប់ប្រើពាក្យសម្តីអាក្រក់ឬសុខចិត្តឲ្យយន្តហោះធ្លាក់ពីលំហអាកាស? ហើយលោកថា លោកបានសន្យាថា លោកឈប់ប្រើពាក្យសម្តីអាក្រក់ទៀតហើយ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន BBC។

លោក ឌូទើតេ ធ្លាប់ប្រើពាក្យប្រមាថត្រង់ទៅលើមេដឹកនាំនៅលោកខាងលិច ធ្វើឲ្យពិភពលោកមានការចាប់អារម្មណ៍លើលក្ខណៈរបស់លោកប្លែកគេនេះ។

លោកធ្លាប់ហៅប្រធានាធិបតីអាមេរិកថា ជាកូនស្រីសំផឹង ហៅសហភាពអឺរ៉ុបថា ជាប្រទេសលាក់ពុតត្បុត ព្រមានចាកចេញពីអង្គការសហប្រជាជាតិ និងទទួលយកការប្រៀបធៀបលោកទៅនឹងមេដឹកនាំសម្លាប់មនុស្សរង្គាលរបស់អាល្លឺម៉ង់ លោក ហ៊ីត្លែ ហើយលោកព្រមនឹងសម្លាប់អ្នកញៀនថ្នាំ៣លាននាក់។

លោក ឌូទើតេ ថ្លែងថា លោកសន្យាជាមួយព្រះហើយថា លោកឈប់ប្រើពាក្យទ្រគោះបោះបោក ពាក្យលាមក និងពាក្យអាក្រក់ផ្សេងៗទៀត។ លោកថា លោកសន្យាជាមួយព្រះ ក៏ដូចជាសន្យាជាមួយប្រជាជនហ្វីលីពីនទាំងអស់ដែរ។

ទោះយ៉ាងណាសារព័ត៌មានក្នុងស្រុកដកស្រង់សម្តីលោកចុះផ្សាយថា ការសន្យានោះមានដែនកំណត់ គឺលោកមិនប្រើពាក្យអាក្រក់លើអាមេរិក លើសហភាពអឺរ៉ុប និងអ្នកនយោបាយផ្សេងៗទៀតនោះគឺអាស្រ័យទៅតាមពេល៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ