តុលាការកំពូលលើកពេលប្រកាសសាលដីកាករណីលោក កឹម សុខា

ប្រធានគណបក្ស​សង្រ្គោះជាតិ លោក កឹម សុខា​

បន្ទាប់ពីបើកសវនាការបានប្រហែលកន្លះម៉ោង តុលាការកំពូលប្រកាសលើកពេលចេញសាលដីកាបណ្ដឹងសាទុកសំណុំរឿងពាក់ព័ន្ធនឹងការបដិសេធចូលខ្លួនក្នុងនាមជាសាក្សី របស់ប្រធានស្តីទីគណបក្សសង្គ្រោះជាតិលោក កឹម សុខា ទៅថ្ងៃទី៤ ខែវិច្ឆិកាខាងមុខនេះ។

ក្នុងសវនាការនាព្រឹកថ្ងៃសុក្រនេះ ក្រុមដែលមេធាវីការពារក្ដីឲ្យ លោក កឹម សុខា លើកឡើងថា ចៅក្រមសាលាដំបូងរាជធានីភ្នំពេញធ្វើឡើងដោយខុសនីតិវិធីច្បាប់ ដោយស្នើឲ្យតុលាការកំពូលពិនិត្យមើលឡើងវិញពីនីតិវិធីរបស់ចៅក្រមស៊ើបសួរ ចំពោះបទល្មើសដែលចៅក្រមធ្វើចោទប្រកាន់នោះ។

ក្រុមមេធាវីបញ្ជាក់ថា ការមិនចូលខ្លួនរបស់ លោក កឹម សុខា មិនមែនជាបទល្មើសជាក់ស្ដែងទេ ព្រោះកូនក្ដីបានប្រាប់ពីមូលហេតុច្បាស់លាស់ ពិសេសគឺមានអភ័យឯកសិទ្ធិតំណាងរាស្ត្រ។

លោកមានស្រាសន៍ថា៖ “ត្រង់ចំណុចថាមិនចូលខ្លួនមកបំភ្លឺជាបទល្មើសជាក់ស្ដែង វាអត់មានមាត្រាណាមួយសរសេរ នៅក្នុងក្រមព្រហ្មទណ្ឌក៏អត់មានសរសេរ នៅក្នុងរដ្ឋធម្មនុញ្ញាក៏អត់មាន ដូចនេះយើងខ្ញុំពិបាកទទួលយក……………ហើយកូនក្ដីខ្ញុំមិនចូលនេះ មិនមែនគ្មានមូលហេតុ ហើយកូនក្ដីខ្ញុំមានអភ័យឯកសិទ្ធិតំណាងរាស្រ្ត“។

បន្ទាប់ចេញពីសវនាការរួចដែលការពារក្ដីឲ្យ លោក កឹម សុខា គឺលោកមេធាវី ចាន់ ចេន លើកឡើងថា លោកនៅតែមានសង្ឃឹមថាតុលាការកំពូលនិងផ្ដល់យុត្តិធម៌ឲ្យកូនក្ដីលោក។

កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៦ លោក កឹម សុខា ត្រូវបានតុលាការក្រុងភ្នំពេញកាត់ទោសឱ្យជាប់ពន្ធនាគារ៥ខែនិងពិន័យប្រាក់៨០ម៉ឺនរៀល ពីបទបដិសេធចូលខ្លួនក្នុងនាមជាសាក្សីទាក់ទងសំណុំរឿងដែលគេចោទថាលោកមានស្នេហាលួចលាក់។ លោក កឹម សុខា បានស្នាក់នៅក្នុងស្នាក់ការគណបក្ស៥ខែមកហើយ បន្ទាប់ពីអាជ្ញាធរប៉ុនប៉ងចាប់ខ្លួនលោកមិនបានសម្រេចកាលពីថ្ងៃទី២៦ ខែឧសភាកន្លងមក៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ