ចាប់​ខ្លួន​មនុស្ស​៥​នាក់​សង្ស័យ​ថា គ្រោង​ចែក​ខិត្ត​ប័ណ្ណ​អំពាវ​នាវ​ឲ្យ​ធ្វើ​បាតុកម្ម

រូបភាពពីអគស្នងការនគរបាលជាតិ

មនុស្សចំនួន ៥នាក់ ក្នុង​នោះ​មាន​ទាំង​យោធា​ម្នាក់​ផង​ដែរ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​នៅ​ខណ្ឌ​ឫស្សីកែវ កាល​ពី​ថ្ងៃម្សិ​លមិញ​នេះ ដោយសង្ស័យ​ថា ពាក់​ព័ន្ធ​នឹង​ករណី​ប៉ុនប៉ងអំពាវនាវឲ្យមានបាតុកម្ម​ក្នុង​ថ្ងៃ​បុណ្យ​អុំទូកខាងមុខ។

តាមការចុះផ្សាយរ​បស់អគ្គស្នងការ​រង​នគរបាល​ជាតិនៅថ្ងៃទី២៧ ខែ​តុលាម្សិលមិញ​នេះ សមត្ថកិច្ចបានឃាត់ខ្លួន​មនុស្ស​​ ៥​នាក់នៅ​ក្នុងភូមិ​បឹង​សាឡា​ង​ថ្មី​ សង្កាត់​ឫស្សី​កែវ​ ដោយថា បាន​ពាក់​ព័ន្ធ​ករណី​ត្រៀម​ចែក​ខិត្តប័ណ្ណ​​អំពាវនាវ​ត្រៀម​ធ្វើ​បាតុកម្ម​​ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក​​នៅ​សប្ដាហ៍​ក្រោ​យនេះ។

​អគ្គស្នងការ​រង​នគរបាល​ជាតិ និង​ជា​អ្នក​នាំ​ពាក្យ​នគរបាល​ជាតិ ​លោក​ គៀត​ ច័ន្ទ​ថា​រិ​ទ្ធ​ បាន​ឲ្យ​ដឹង​ថា​ ជនសង្ស័យ​ទាំង ​៥​នាក់នោះ​ រួម​មាន​ឈ្មោះ​ ជី​ម​ សា​វឿ​ន​ ​ជា​សមាជិក​រណសិរ្ស​រំដោះជាតិ​ខ្មែរ​ រស់នៅក្រុងប៉ោយប៉ែត​ ខេត្ត​បន្ទាយមានជ័យ​ ឈ្មោះ ដួង​ន​ន្តា​ អាន់​ណា​ន់​ដា​ ជា​បុគ្គលិក​ក្រុមហ៊ុន​ថៃ​ មានស្រុក​កំណើត​ ខេត្តសៀមរាប ​ឈ្មោះ ប្រាក់​ សាន្ត ជាយោធា​ការិយាល័យ​ទី​២​ទ័ព​ជើង​គោក​រស់នៅខេត្តសៀមរាប និងឈ្មោះ ឃួ​ន​ តាំ និង​ឈ្មោះ​ ចិន​ សា​រិ​ទ្ឋ។​

លោក គៀត​ ច័ន្ទ​ថា​រិ​ទ្ធ ត្រូវ​បាន​ដក​ស្រង់​សម្ដី​ចុះ​ផ្សាយ​ដោយ​វេបសាយ​នគរបាល​ជាតិ​ថា បុរសឈ្មោះ ជី​ម​ សា​វឿ​ន​បាន​ទទួលបញ្ជា​ពី​ឈ្មោះ​ យ៉ា​ត​ យ៉​យ​ ដែល​ជា​ជំនួយការ​របស់​ឈ្មោះ​ សម​ សេរី​ ជា​ប្រធាន​រណសិរ្ស​រំដោះជាតិ​ខ្មែរ​ បាន​បញ្ជូន​ខិត្តប័ណ្ណតាម​រយៈ​សារ​អេ​ឡិ​ក​ត្រូ​និ​ច​ដែល​មាន​ចំណងជើង​ថា​ «សេចក្ដី​អំពាវនាវ​ត្រៀម​ធ្វើ​បាតុកម្ម​» ​ដើម្បី​យក​ទៅយក​មក​ព្រី​ន​ និង​ចម្លង​​ចែកចាយ​បន្ត​នៅ​ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ខាង​មុខ​នេះ​។​

​តាមការចុះផ្សាយរបស់គេហទំព័ររបស់អគ្គស្នងការដដែលបានឲ្យដឹងថា​ បច្ចុប្បន្ន​ ជន​សង្ស័យ​ទាំង ៥​​​នាក់នោះ ត្រូវបាន​ សមត្ថកិច្ច​​កំពុងធ្វើការ​សាកសួរ​ ដើម្បី​អនុវត្តន៍​នីតិវិធី​បន្ត​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ