នគរបាលចិនបានឃាត់ខ្លួនមនុស្ស៩នាក់ពាក់ព័ន្ធគម្រោងសាងសង់អាគាររោងចក្រផលិតថាមពលនៅភាគខាងកើតនៃប្រទេស ហើយបានបាក់រលំកាលពីសប្តាហ៍មុន បានបណ្តាលឲ្យមនុស្សចំនួន៧៤នាក់បានស្លាប់។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរដ្ឋចិនស៊ីនហួរ ចុះផ្សាយនៅថ្ងៃចន្ទនេះ។
ហេតុការណ៍បាក់រលំនោះ បានកើតឡើងនៅព្រឹកថ្ងៃព្រហស្បតិ៍សប្តាហ៍មុន នៅក្នុងទីក្រុងហ្វេងចេង ក្នុងខេត្តជាំងស៊ី ហើយនៅពេលដែលកម្មករនិងបុគ្គលិកកំពុងបំពេញការងារ រោងចក្រដែលកំពុងសាងសង់នោះក៏បានបាក់រលំតែម្តង។
តាមស៊ីនហួរឲ្យដឹងថា ក្នុងចំណោមមនុស្ស៩នាក់នោះ មានទាំងប្រធានក្រុមហ៊ុនសំណង់ Hebei Yineng ដែលគេស្គាល់ឈ្មោះថា Zhang។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានចុះផ្សាយថា ក្រុមហ៊ុនត្រូវទទួលខុសត្រូវតាមផ្លូវច្បាប់ចំពោះការបាក់រលំអាគារនេះ។
ស៊ីហួរចុះផ្សាយទៀតថា អ្នកទាំង៩នាក់នោះ ជាបុគ្គលដែលទទួលខុសត្រូវធំ ចំពោះហេតុការណ៍នេះ ហើយអាចប្រឈមមុខនឹងជាប់ទោសព្រហ្មទណ្ឌ តែពួកគេមិនទាន់បញ្ជាក់លម្អិតទេ ព្រោះថាសមត្ថកិច្ចកំពុងស៊ើបអង្កេតបន្ត៕